ជំនួប​រដ្ឋមន្ត្រី​មហាផ្ទៃៈ​ទូត​អាម៉េរិក​បញ្ជាក់​ពី​ការ​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​

207
ចែករម្លែក
សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៉ា​ទ្រី​ច មូ​ផៃ​(Patrick Murphy) ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៉ា​ទ្រី​ច មូ​ផៃ​(Patrick Murphy) ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​
​លោក​ទូត​អាម៉េរិក​បាន​ប្រាប់​អ្នកកាសែត​បន្ទាប់ពី​ចប់​ជំនួប​ថា លោក​និង​សម្តេច​ក្រឡាហោម ស ខេង បាន​ពិភាក្សាគ្នា​ដែលមាន​លទ្ធផល​ជា​ផ្លែផ្កា ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី រួមទាំង​វិស័យ​ការពង្រឹង​អនុវត្ត​ច្បាប់​ផងដែរ ដើម្បី​ទប់ស្កាត់​ការជួញដូរ​សត្វព្រៃ ការជួញដូរ​មនុស្ស ការការពារ​កុមារ និង​វិស័យ​នៃ​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។ ភាគី​ទាំង​ពីរបាន​អនុវត្ត​នូវ​កិច្ចសហប្រតិបត្តិការ​ផ្តល់​នូវ​ការការពារ​សន្តិសុខ​ទៅដល់​ស្ថានទូត​របស់​ប្រទេស​ទាំងសងខាង រួមទាំង​មន្ត្រី​នៅក្នុង​ស្ថានទូត​ផងដែរ​។​លោក​សូម​ថ្លែងអំណរគុណ​ដល់​ភាគី​កម្ពុជា​ដែល​បាន​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​លើ​ការការពារ​ផ្នែក​សន្តិសុខ​កន្លងមក​។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៉ា​ទ្រី​ច មូ​ផៃ​(Patrick Murphy) ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​


​លោក​ឯកអគ្គរដ្ឋទូត​អាម៉េរិក​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ នៅ​ថ្ងៃទី​៩ វិច្ឆិកា រួមទាំង​ពិ​ធិ​បុណ្យអុំទូក (១០-១១-១២ វិច្ឆិកា​) ។ លោក​សូម​អបអរសាទរ​ចំពោះ​ការ​ប្រារព្ធ​ពិធី​ទាំងពីរ​នេះ ហើយ​លោក​នឹងចូលរួម​នៅក្នុង​ទិវា​បុណ្យជាតិ​ទាំងពីរ​នេះ​។ “​លោក​សង្ឃឹមថា សន្តិសុខ សុវត្ថិភាព និង​មាន​ការធានា​ជូន​យើងខ្ញុំ​ផងដែរ​។ យើងខ្ញុំ​គោរព​ទៅលើ​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់រាជ​រដ្ឋាភិបាល ជាពិសេស​នៅក្នុង​ការធានា​សន្តិសុខ​ទៅដល់​ប្រជាជន​កម្ពុជា រួមទាំង​ជូន​យើងខ្ញុំ​ផងដែរ​”​។​


​លោក Patrick Murphy បាន​បញ្ជាក់ថា “​ខ្ញុំ​បានលើកឡើង​បញ្ហា​ដោយ​ត្រង់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ថា ភាគី​ទាំងសងខាង​គួរតែ​លើកឡើង​ពិភាក្សាគ្នា​ដោយ​ត្រង់ៗ​។ ជាពិសេស​ទៅលើ​បញ្ហា​ក្របខ័ណ្ឌ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សេរី​ពហុបក្ស ហើយ​ជាពិសេស​នោះ គឺថា គួរតែអនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​ទាំង​នៅក្នុង និង​ក្រៅប្រទេស​ចូលរួម​នៅក្នុង​ដំណើរការ​នយោបាយ ទោះបីជា​មានមតិ​ប្រឆាំង និង​មាន​យោបល់​ជំទាស់​យ៉ាងណាក៏ដោយ​។ ជាពិសេស​ការឃុំខ្លួន ការឃាត់ខ្លួន​ទៅលើ​បុគ្គល​មួយចំនួន​ផងដែរ ដែលជា​ការ​មួយ​បដិសេធ​ទៅលើ​សេរីភាព​របស់​ពួកគេ​។ យើងខ្ញុំ​ក៏បាន​លើកឡើងថា គួរតែមាន​ជំហាន​ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅលើ​បញ្ហា​នេះ ជាស​ពិសេស​ដើម្បី​ធានា​នូវ​ជំហរ និង​មុខមាត់​របស់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​”​។​


​ចំណែក​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា នៅក្នុង​ជំនួប​ពិភាក្សា​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ដើម្បី​បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក ទាក់ទង​និង​វិស័យ​សន្តិសុខ និង​ការបង្ក្រាប​បទល្មើស​ផ្សេងៗ ដូចដែល​លោក​ឯកអគ្គរដ្ឋទូត​អាម៉េរិក​បានលើកឡើង​ខាងលើ​។ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​អាម៉េរិក​តាមរយៈ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ដែល​បាន​ជូនពរ​ដល់​កម្ពុជា​នៅ​ការ​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ហើយ​សូម​ឯកភាព​ថា នៅក្នុង​ឱកាស​នៃ​ខួប​អនុស្សាវរីយ៍​៧០​ឆ្នាំ​នៅ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋ​អាម៉េរិក កាន់តែ​ពង្រីកពង្រឹង​ឲ្យ​កាន់តែ​ល្អ​ថែមទៀត​។​


​ឆ្លើយតប​ទៅ​និង​ការលើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​អាម៉េរិក​ខាងលើនេះ សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា “​ក្នុង​ក្របខ័ណ្ឌ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលជា​ប្រទេសមួយ​កាន់​នូវ​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដូច្នេះ​យើង​នឹង​ខិតខំ​ធ្វើ​អ្វីៗ​ដែល​សមស្រប ដែល​អាច​នាំ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​តទៅទៀត​”​។​
​សូមជម្រាបថា លោក Patrick Murphy ជា​អតីត​ឧបការី​រង ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​សហ​រដ្ឋ អាម៉េរិក​។ លោក Patrick Murphy បាន​អញ្ជើញ​មកដល់ ប្រទេស​កម្ពុជា​កាលពី​ពាក់កណ្តាល​ខែកញ្ញា ដើម្បី បំពេញ​អាណត្តិ​ការងារ​របស់លោក​ជា​ឯកអគ្គ​រដ្ឋ ទូត​អាម៉េរិក​ថ្មី​ប្រចាំ​កម្ពុជា ក្រោយពី​លោក​បាន ស្បថ​ចូលកាន់​តំណែង​កាលពី​ខែសីហា​កន្លងទៅ​។​
​លោក Murphy ដែលជា​មន្ត្រីការទូត​អាម៉េរិក​ជាន់ខ្ពស់​ម្នាក់​ដ៏​មានបទពិសោធន៍​អំពី​តំបន់​អាស៊ី​បាន ចូល កាន់តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា បន្ទាប់ពី​តំណែង​នេះ ត្រូវបាន​ទុក​ឲ្យ​នៅ​ទំនេរ​ជិត​មួយឆ្នាំ មកហើយ​ក្រោយពី​អតីត​ឯកអគ្គរដ្ឋទូត​អាម៉េរិក​មុន​គឺ លោក វី​លលៀម ហ៊េ​ត​(William A. Heidt) បាន បញ្ចប់​អាណត្តិ​របស់លោក​នៅ​ចុងឆ្នាំ​២០១៨៕​សរន​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៉ា​ទ្រី​ច មូ​ផៃ​(Patrick Murphy) ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​