ជំនួប​រដ្ឋមន្ត្រី​មហាផ្ទៃ​-​អនុរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេសៈ ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​

566
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជួប​ពិភាក្សា​​ជាមួយ​លោក​លោក ម៉ាក ហ្វៀ​លដ៍ (Mark Field) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួងការបរទេស​អង់គ្លេស នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ នេះ នៅ​ទីស្តីការក្រសួង​មហា ផ្ទៃ​។ កិច្ចពិភាក្សាបាន​ផ្តោតទៅលើ​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា និង​ចក្រភព​អង់គ្លេស​។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជួបពិភាក្សា​ជាមួយ​លោក​លោក ម៉ាក ហ្វៀ​លដ៍ (Mark Field) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួងការបរទេស​អង់គ្លេស នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ នេះ នៅ​ទីស្តីការក្រសួង​មហា ផ្ទៃ​

មន្ត្រី​បាន​ប្រាប់ថា នៅក្នុង​សវនាការ​នេះ​លោក ម៉ាក ហ្វៀ​លដ៍ បានបញ្ជាក់​អំពី​សារសំខាន់ និង​ការយកចិត្តទុក​ដាក់រ​បស់​អង់គ្លេស​ចំពោះ​ការពង្រឹង​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ី ក៏ដូចជា​ជាមួយ​កម្ពុជា​ផងដែរ​។​លោក​បាន​បញ្ជាក់ថា​បើទោះបី​អង់គ្លេស​បញ្ចេញ​ប្រតិកម្ម​មួយចំនួន​ពាក់ព័ន្ធ​ទៅ​និង​ស្ថានភាព​នៅ​កម្ពុជា ប៉ុន្តែ​ចក្រភព​អង់គ្លេស​បន្ត​មើល​ឆ្ពោះទៅ​អនាគត​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ និង​ខិតខំ​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចំរើន​ថែមទៀត​។​

​ចំណែក​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ និង​ជឿជាក់ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ម៉ាក ហ្វៀ​លដ៍ នៅ​កម្ពុជា​នាពេលនេះ គឺ​ពិតជា​ពង្រឹង​បន្ថែមទៀត​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អង់គ្លេស​​​។ សម្តេច​ក៏​សូម​អបអរសាទរ​ចំពោះ​អង់គ្លេស​ដែល​បាន​យកចិត្តទុកដាក់​នៅ​ការពង្រឹង​ទំនាក់ទំនង​ក្នុងប្រទេស និង​តំបន់​អាស៊ាន ក៏ដូចជា​ជាមួយ​កម្ពុជា​។ សម្តេច​ក្រឡាហោម​សង្ឃឹមថា កម្ពុជា និង​អង់គ្លេស នឹង​បន្តធ្វើ​កិច្ចការងារ​ជាមួយគ្នា​បន្ត​ថែមទៀត​នៅលើ​វិស័យ​ផ្សេងៗ​ទៀត​ជាច្រើន​។​សម្តេច​ក៏​សូម​អបអរ​តាមរយៈ​ឯក​អគ្គរដ្ឋទូត​អង់គ្លេស​ប្រចាំ​កម្ពុជា បានលើកឡើង​ពី​ការបន្ថែម​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​អង់គ្លេស ដែល​នេះ​គឺជា​ការរួមចំណែក​មួយ​ដ៏​ធំ​ទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​។​

​លោក ម៉ាក ហ្វៀ​លដ៍ បានលើកឡើង​អំពី​ការអញ្ជើញ​សម្តេច​ក្រឡាហោម ស ខេង ទៅ​បំពេញ​ទស្សនកិច្ច​ចូល​រួម​​​នៅក្នុង​សន្និសីទ​ស្តីពី​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅ​ខែតុលា ឆ្នាំ​២០១៨ ខាងមុខ ដែល​សន្និសីទ​នេះ​ពិត​ជាមាន​សារសំខាន់​ដោយសារ​ការជួញដូរ​ស​ត្វ​ព្រៃ គឺ​មិន​ត្រឹមតែ​ពាក់ព័ន្ធ​ទៅលើ​សត្វព្រៃ​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​បណ្តាញ​ប្រជាជន គឺ​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​ដូចជា ឧក្រិដ្ឋកម្ម​ឆ្លងដែន ការលាង​លុយ​កង្វក់ និង​បទល្មើស​ផ្សេងៗ​ទៀត​ដែលមាន​អង្គការ​ចាត់តាំង​។ ហើយ​វត្តមាន​របស់​សម្តេច​ក្រ​ឡា​ហោម គឺជា​ការចែក​រំលែក​នៅ​បទពិសោធន៍​របស់​កម្ពុ​ជា​ដែលមាន ក៏ដូចជា​ទទួលយក​នៅ​ការចែករំលែក និង​បទពិសោធន៍​ផ្សេងៗ​ពី​សកលលោក​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​បទល្មើស​ជួញដូរ​សត្វព្រៃ ក៏ដូចជា​បទល្មើស​ពាក់ព័ន្ធ​ផ្សេងទៀត នឹង​រួមចំណែក​កាត់បន្ថយ​នៅ​បទល្មើស​សន្តិសុខ​សកលលោក​ទាំងអស់គ្នា​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​កោតសរសើរ​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​ដ៏​ល្អ ដែល​សម្តេច​ចាត់ទុកថា​សន្និសីទ​ស្តីពី​ការប្រឆាំង​ការជួញដូរ​សត្វព្រៃ មិន​ត្រឹមតែ​អាចជួយ​ដល់​កម្ពុជា​ក្នុងការ​អភិរក្ស​នៅ​ធនធាន​សត្វ​កម្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រួមចំណែក​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ​ព្រៃឈើ ក៏ដូចជា​ធ្វើ​ឲ្យ​បរិស្ថាន​ល្អប្រសើរ​ផងដែរ​៕​សរន​