ជំនួប​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី​និង​អ្នកកាសែត គឺជា​ឱកាស​ដ៏​កម្រ​!

405
ចែករម្លែក

បូករួម​ទាំង​លើក​នេះ​ទៀត គឺ​គម្រប់​បី​ឆ្នាំ​ហើយ ដែល​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី កម្ពុជា​បាន​ផ្តល់ឱកាស​ឲ្យ​អ្នកកាសែត បាន​ជួប​សម្តេច និង​ទទួលទាន​អាហារ​សាមគ្គី​រួមគ្នា​។ ជំនួប​លើកដំបូង រវាង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន​ក្នុងស្រុក បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ សុខា ភ្នំពេញ​។ លើក​ទី​២ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ហើយ​លើក​ទី​៣​នេះ ធ្វើឡើង នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍ កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ដដែល​។​
​ ​
ក្រសួង​ព័ត៌មាន បានប្រកាសថា យ៉ាងហោចណាស់ មាន​អ្នកកាសែត មិនតិចជាង ២៥០០ នាក់​ទេ ដែល​បាន​ចុះឈ្មោះ ដើម្បី​ចូលជួប​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ជំនួប​ឆ្នាំនេះ នា​ល្ងាច​ថ្ងៃ​សុក្រ ទី​១១​មករា ឆ្នាំ​២០១៩​នេះ​។ ក្រៅពី​អ្នកកាសែត ក្នុងជំនួប​ប្រចាំឆ្នាំ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុម​អ្នកសារព័ត៌មាន ក៏មាន​មន្ត្រី​អ្នកនាំពាក្យ តាម​ក្រសួង​ស្ថាប័ន​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ខេត្ត​រាជធានី មក​ចូលរួម​យ៉ាងច្រើន​ផងដែរ​។​
​ ​
​តាម​កម្មវិធី ដែល​បាន​គ្រោងទុក នៅពេល​ចាប់ផ្តើម​ប្រារព្ធ​ពិធី គឺ​ក្រោយ​គោរព​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ តែងតែ​ឡើង​មានមតិ ស្វាគមន៍ និង​អាន​សន្ទរកថា មុននឹង​សម្តេច​តេ​ជោ ហ៊ុន សែន ឡើង​មានមតិ​សំណេះសំណាល​។ ក្រោយមក ជា​ពិធី​ពិសារ​អាហារ​សាមគ្គី និង​ពិធី​ថតរូប​អនុស្សាវរីយ៍​រវាង​អ្នកសារព័ត៌មាន ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​។

នៅ​ឆ្នាំនេះ​មួយថ្ងៃ​មុន​ជួប​អ្នកកាសែត គឺ​នៅ​ថ្ងៃទី​១០​ខែមករា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានប្រកាសថា ការរីកចម្រើន​របស់​ប្រទេសជាតិ មិនអាច​កាត់ផ្តាច់​ពី​ការចូលរួម​របស់ អ្នកកាសែត​បានទេ​។ ក្នុងនោះ ការចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិតប្រាកដ គឺ​កាន់តែ​ផ្តល់ នូវ​ទំនុកចិត្ត​ដល់​ទេសចរ​បរទេស និង​វិនិយោគ​គិ​នប​រទេស​។

​តាម​សម្តេច​តេ​ជោ ហ៊ុន សែន យើង​បាន​បាត់បង់​ឱកាស​កសាង​ប្រទេស​ជាច្រើន​ឆ្នាំ​មកហើយ ដោយសារ​សង្គ្រាម​។ ក្រោយពី​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ គឺ​យើង​ត្រូវការ​ទេសចរ ពាណិជ្ជករ និង​អ្នកវិនិយោគទុន​បរទេស​ជាច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។ ដូច្នេះ​ការចូលរួម​ផ្សព្វ ផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិតប្រាកដ គឺ​កាន់តែ​ផ្តល់នូវ​ទំនុកចិត្ត​ដល់​ទេសចរ​បរទេស និង​វិនិយោគ​គិ​ន បរទេស​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន និង​ក្មួយៗ អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់ រួមទាំង​បណ្តាញ​ព័ត៌មាន​អន​ឡាញ ( Online News ) និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ (Social Networks) ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ អំពី​កម្ពុជា ទៅកាន់​ពិភពលោក​ក្នុង​ផ្លូវ​វិជ្ជមាន ដើម្បី​ប្រទេសជាតិ​យើង​កាន់តែ​រីកចម្រើន លឿន​ទៅមុខ​។​
​ ​
ជាងនេះទៅទៀត ក្នុងឱកាស ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក នា​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ក្នុង​សារលិខិត អំពី​តម្រូវ​ការចាំបាច់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចង់បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ថាមពល និង​ប្រកបដោយ គុណភាព​យុត្តិធម៌ និង​ការទទួលខុសត្រូវ ក្នុងការ​ផ្តល់ព័ត៌មាន​ពិត ដែលជា​កញ្ចក់​ឆ្លុះបញ្ចាំង នូវ​ភាព​ពិត​ជាក់ស្តែង​ក្នុងសង្គម មិន​ឆ្វេង​ពេក មិន​ស្តាំ​ពេក គឺ​ចលនា​កណ្តាល​និយម ដែល​អាច ទទួលយកបាន​ទាំងអស់គ្នា ហើយ​សំខាន់បំផុត គឺ​ហ៊ាន​និយាយ​ការពិត និង​ហ៊ាន​រិះគន់ ក្នុងន័យ​ស្ថាបនា ដើម្បី​ចូលរួម​ក្នុងការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ ការកសាង​ស​ង្គ​មួយ មាន​យុត្តិធម៌ នីតិរដ្ឋ សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែលជា​បំណងប្រាថ្នា និង​ជា​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។​
​ ​
ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​តែងតែ​លើកឡើងថា ក្នុង​គោលដៅ​លើកស្ទួយ​សេរីភាព សារព័ត៌មាន និង​នីតិរដ្ឋ រាជរដ្ឋាភិបាល​កម្ពុជា បាន​គោរព​យ៉ាង​ហ្មត់ចត់​នូវ​គោលការណ៍​សំខាន់​ពីរ គឺ​សេរីភាព​ក្នុង​ការផ្សាយ​ព័ត៌មាន​ដោយ​គ្មាន​ការត្រួតពិនិត្យ​ជាមុន និង​ការផ្តល់​សិទ្ធិ​ឲ្យ​ជនបរទេស អាច​ធ្វើជា​ម្ចាស់​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​។ សេរីភាព​នេះ ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា ណាចក្រ​កម្ពុជា និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដែល​ត្រូវបាន​គេ​មើលឃើញថា ជា​ប្រទេស ដែលមាន​សេរីភាព​ខាង​សារព័ត៌មាន​ល្អ​ជាង​ប្រទេស​ដែល​កាន់​របប​ប្រជាធិបតេយ្យ មួយចំនួន នៅក្នុង​តំបន់​អាស៊ាន​។​
​ ​
ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​គូសបញ្ជាក់ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​យុត្តិធម៌ និង​ប្រទេសមួយ មាន​នីតិរដ្ឋ គឺ​ទាមទារ​ឲ្យ​អ្នកសារព័ត៌មាន​របស់​យើង ខិតខំ​ប្រឹងប្រែង​បន្តទៀត​នូវ​ការអភិវឌ្ឍ សមត្ថភាព​យល់ដឹងរ​បស់​ខ្លួន និង​មាន​ភាពស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ក្លាហាន ហ៊ាន​និយាយ​ការពិត និង​ដោយ​ហ៊ាន​ទទួលយក​ការពិត ដើម្បី​ឲ្យ​ព័ត៌មាន​របស់ខ្លួន ក្លាយជា​ព័ត៌មាន​ពិត ហើយ​ធ្វើការ ឆ្លុះបញ្ចាំង ឲ្យ​ឃើញ​គ្រប់​តថភាព​សង្គម ដើម្បី​ចូលរួម​ប្រឆាំង​អំពើពុករលួយ ការកែទម្រង់​ច្បាប់ ប្រព័ន្ធយុត្តិធម៌ និង​ការកែទម្រង់រដ្ឋបាល​សាធារណៈ ហើយ​ការងារ​របស់​អ្នកកាសែត ដែល​ត្រូវបំពេញ​មាន​ច្រើនណាស់ ទាំង​នៅពេល​បច្ចុប្បន្ន និង​នៅពេល​អនាគត​។​
​ ​
សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្ថែមថា អ្នកសារព័ត៌មាន ត្រូវ​ស្តាប់​គ្រប់​សំឡេង និង​ត្រូវ​ផ្តល់​ជា ទស្សនៈ ផ្តល់​ជា​គំនិត ដែល​អ្នកដឹកនាំ អាច​យកទៅ​ត្រិះរិះ​ពិចារណា ដើម្បី​យកទៅ​កែលម្អ ក្នុង​ក្របខណ្ឌ​គោលនយោបាយ ឬ​សកម្មភាព​របស់ខ្លួន​។​
​ ​
ជាមួយនឹង​ការលើកឡើង​ខាងលើនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ជាពិសេស ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អ្នកសារព័ត៌មាន​អន្តរជាតិ​ទាំងអស់​ដែល​កំពុង​បំពេញការងារ នៅ​កម្ពុជា និង​បំពេញការងារ​នៅ​បរទេស​ក្តី សូម​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​ក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការ​ក្លែង​ព័ត៌មាន ឬក៏​ផ្សាយ​ព័ត៌មាន​តែមួយ​ជ្រុង ហើយ​ឆ្លុះបញ្ចាំង​សភាពការណ៍​ទាំងមូល ដោយ​ពុំ​បានគិត អំពី​ក្បួនខ្នាត ក្រឹត្យក្រម​នៃ​ការសរសេរ​ព័ត៌មាន ឬ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​បំប៉ោង សភាពការណ៍ ដោយ​គិតតែ​អំពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​សារព័ត៌មាន​ខ្លួនឯង​។ អ្នកសារព័ត៌មាន ក៏ត្រូវ​ខិតខំ​អភិវឌ្ឍ​ឲ្យ​មានការ​យល់ដឹង​ខ្ពស់​មាន​សមត្ថភាព​ក្នុងការ​វិភាគ សភាពការណ៍ ទាំង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ ដើម្បី​ដើរទា​ន់​កា​រវិ​ឌ្ឍ​សភាពការណ៍ សកលលោក​។​
​ ​
ដូច្នេះ​សម្រាប់​ជំនួប​លើក​ទី​៣ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ អ្នកសារព័ត៌មាន ក្រៅពី​ស្តាប់​នូវ អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដូចដែល​លើកឡើង​ខាងលើ គឺ​អ្នកសារព័ត៌មាន មិនត្រូវ​ត្រឹមតែ​ស្តាប់ ហើយ​ពិសារ​អាហារ​សាមគ្គី និង​ថត​សែ​ល​ហ្វី បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ប៉ុណ្ណោះ​ទេ តែ​អ្នកសារព័ត៌មាន ដែល​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រចាំ​ឆ្នាំនេះ ត្រូវ​បង្កើន​ទំនាក់ទំនង ជាមួយនឹង​មន្ត្រី​អ្នកនាំពាក្យ​មកពី​បណ្តា​ស្ថាប័ន​ជាតិ មកពី​តាម​បណ្តា​ខេត្ត​រាជធានី មន្ទីរ និង​ស្ថាប័ន​នានា​។ ក្រៅពីនោះ អ្នកសារព័ត៌មាន ក៏ត្រូវ​ខិតខំ​អភិវឌ្ឍន៍​ខ្លួនឯង ដូចជា ប្រើប្រាស់​កុំ​ព្យួ​ទ័​រ និង​បច្ចេកវិទ្យា​ទំនើប ក្នុង​សម័យកាល ឌីជីថល និង​ប្រឹងប្រែង​បង្កើន​ចំណេះដឹង​ទូទៅ ក៏ដូចជា ភាសាបរទេស ជាដើម​៕ ដោយ​: ម៉េង​ឆៃ