ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​អ្នកសារព័ត៌មាន លើក​ទី​៤

318
ចែករម្លែក

ដូច​ការសន្យា​ពិធី​ជួបជុំ​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​និង​អ្នកសារព័ត៌មាន​លើក​ទី​៤ នឹង​ចាប់ផ្តើម​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៤ ខែមករា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។​

​ពិធី​ជួបជុំ​នេះ​នឹង​ចាប់ផ្តើម ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឡើង​មានប្រសាសន៍​ជម្រាបជូន​សម្តេច​តេ​ជោ និង​អង្គពិធី ពាក់ព័ន្ធ​នឹង​ស្ថានភាព​អ្នកសារ ព័ត៌មាន ក្នុង​ឆ្នាំកន្លងមក​។ បន្ទាប់មក​សម្តេច​តេ​ជោ​នឹងមាន​ប្រសាសន៍​សំណេះ សំណាល​ជាមួយ​អ្នក សារព័ត៌មាន​។ ក្រោយមក នឹងមាន​ពិធី​ពិសារ​អាហារ​ពេល​ល្ងាច រវាង​សម្តេច​តេ​ជោ ហ៊ុនសែន​និង​ក្រុម​អ្នកសារព័ត៌មាន​។​

​អ្នកសារព័ត៌មាន មកពី​ទស្សនា​វ​ដ្តី កាសែត សមាគម ក្លិប​អ្នកកាសែត វិទ្យុ ទូរទស្សន៍ គេហទំព័រ និង​អ្នកសារព័ត៌មាន​សេរី​( Freelance) បាន​ចុះឈ្មោះ​នៅ​ក្រសួង​ព័ត៌មាន ហើយ​ក្រសួង​បាន រៀបចំ​ចេញ​បណ្ណ​សម្គាល់​ជូន​ដល់​អ្នកសារព័ត៌មាន សម្រាប់​ប្រើ ប្រាស់​ក្នុង​ពិធី​ជួបជុំ​រវាង សម្តេច​តេ​ជោ ហ៊ុន សែន និង​អ្នកសារព័ត៌មាន លើក​ទី​៤ នា​ថ្ងៃទី​១៤ ខែមករា​។​

​ក្នុងនោះ ក្រៅពី​អ្នកសារព័ត៌មាន ក៏មាន​មន្ត្រី​អ្នកនាំពាក្យ តាម​ក្រសួង​ស្ថាប័ន​ជាតិ​ព្រមទាំងថ្នាក់​ខេត្ត​រាជធានី ចូលរួម​ផងដែរ​។​

​កាលពី​ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុនសែន បាន​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ជាង​មួយ​ពាន់ នាក់ លើកដំបូង កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ សុខា ភ្នំពេញ​នៅ​ជ្រោយ ចង្វា​។ លើក​ទី​២ នៅ​ថ្ងៃទី​២១ មករា ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១១ មករា ឆ្នាំ​២០១៩ នៅ​កោះ​ពេជ្រ​។​

​ជំនួប​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន​បី​លើក​កន្ល​មក ត្រូវបាន​ចាត់ទុកថា ជា​ថ្ងៃ​ប្រ​វត្ថិ​សាស្ត្រ​មួយ នៅក្នុង​វិស័យ​សារព័ត៌មាន​កម្ពុជា ដែលជា​ឱកាស​ឲ្យ​អ្នកសារព័ត៌មាន ក្នុងស្រុក បាន​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​ដូចគ្នា មកពី​បណ្តា​ខេត្ត និង​ក្នុង​រាជធានី​ភ្នំពេញ បាន​ជជែក​ពិភាក្សាគ្នា និង​ចែករំលែក​បទពិសោធន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។

​ក្នុងឱកាស​នោះ ក្រៅពី​បាន​ជួប​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុនសែន អ្នកសារព័ត៌មាន​ក៏បាន​ជួប ជាមួយ​មន្ត្រី​អ្នកនាំពាក្យ មកពី​គ្រប់​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់ជាតិ រហូតដល់​ថ្នាក់ក្រោម​ជាតិ​។​

​ការអញ្ជើញ​ផ្តល់​កិត្តិយស​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅក្នុង​ជំនួប​ជាមួយ​អ្នក កាសែត​គឺ​បានបញ្ជាក់​យ៉ាងច្បាស់​អំពី​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​អ្នក សារព័ត៌មាន ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ ក្នុង​ការជួយ​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់ តែ​រីកចម្រើន​។​

​ក្នុងជំនួប​លើក​ទី​៤ នា​ថ្ងៃទី​១៤ ខែមករា​នេះ​ក្រសួង​ព័ត៌មាន បានប្រកាសថា​មាន​អ្នក​សារ ព័ត៌មាន​ក្នុងស្រុក មិនតិចជាង​ប្រាំ​ពាន់​នាក់​ទេ បាន​ចុះឈ្មោះ និង​ទទួលបាន​កាត​សម្គាល់ សម្រាប់​ចូលរួម​ពិធី​ជួបជុំ​ជាមួយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។​

​លើក​នេះ ក្រសួង​ព័ត៌មាន ក៏បាន​ប្រកាស​ទទួលយក​សំណូមពរ និង​សំណើរ​របស់​អ្នក សារព័ត៌មាន តាមរយៈ​សមាគម ក្លិប​អ្នកកាសែត ហើយ​បញ្ជូនមក​ក្រសួង​។ ក្រសួង​ព័ត៌មាន នឹង​រៀបចំ​សំណូមពរ និង​សំណើរ​ទាំងនោះ ដាក់ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។​

​ជាការ​ពិត ជំនួប​រវាង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន​ក្នុងស្រុក គឺជា​ជំនួប សំខាន់ ដែល​អ្នកសារព័ត៌មាន បាន​ជួប​ដោយផ្ទាល់ និង​ស្តាប់​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រី ក៏​ក៏ដូចជា​ការពង្រឹង​ទំនាក់ទំនង​រវាង​មន្ត្រី​រាជរដ្ឋាភិបាល មន្ត្រី​អ្នកនាំ ពាក្យ​ក្រសួង​ស្ថាប័ន​ជាតិ និង​អ្នកសារព័ត៌មាន​។​

​ក្នុងជំនួប​លើក​នេះ គេ​រំពឹងថា បញ្ហា​ប្រឈម និង​កង្វល់​របស់​អ្នកសារព័ត៌មាន​ក៏​អាច​លើក ឡើង ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពិសេស​ពាក់ព័ន្ធ​នឹង​មន្ត្រី​អ្នកនាំពាក្យ​របស់​ក្រសួង ស្ថាប័ន​ជាតិ​មួយចំនួន ដែល​អ្នកសារព័ត៌មាន​កន្លងមក ពិបាក​ទាក់ទង ស្វែងរក​ព័ត៌មាន ជាដើម​។​

​ការកំណត់​យក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ ជា​ជំនួប​លើក​ទី​៤ រវាង​សម្តេច​តេ​ជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកសារព័ត៌មាន មិនមែនជា​រឿង​ចៃដន្យ​ទេ​។ ប៉ុន្តែ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ គឺជា​ខួប​លើក​ទី​៣៥ ឆ្នាំ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ឡើងកាន់តំណែង​ជា “​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​” (១៤​មករា ១៩៨៥-១៤ មករា ២០២០)​។

​ប៉ុន្តែ​បើ​គិតពី​រយៈពេល ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​ដឹកនាំ​កម្ពុជា ក្នុង​រដ្ឋា ភិ​បាល គឺ​ចាប់តាំងពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ មកទល់​ឆ្នាំ​២០២០ នេះ គឺមាន​រយៈពេល ៤១​ឆ្នាំ​ហើយ​។​
​ ​
​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី ដែល​ត្រូវបាន​ជ្រើស​តាំងពី​ការបោះឆ្នោត និង​ការគាំទ្រ ផ្តល់​សេចក្តីទុកចិត្ត​របស់​ស​ភា ក៏ដូចជា​ព្រះមហាក្សត្រ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រឹង ប្រែង​ដឹកនាំ​កម្ពុជា អស់ពី​កម្លាំងកាយ​ចិត្ត ពិសេស​ក្នុង​អតីតកាល គឺ​សម្តេច​តេ​ជោ ហ៊ុនសែន នេះឯង ដែល​បាន​យក​ជីវិត ជាដើម​ទុន ដើម្បី​សង្គ្រោះ​ប្រជាជន​កម្ពុជា ចេញពី​របប​វាលពិឃាត ប្រល័យពូជសាសន៍​ប៉ុលពត ដោយ​សម្តេច​រត់​ភៀសខ្លួន​ទាំង​គ្រោះថ្នាក់ ទៅសុំ​ជំនួយ​ពី វៀតណាម ដើម្បី​វាយ​ផ្តួលរំលំ​របប​ខ្មែរក្រហម រហូតដល់​ទទួល​ជ័យជម្នះ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។​
​ ​
​បន្តម​កទៀត ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ សម្តេច​តេ​ជោ ហ៊ុន សែន នៅពេល​ឡើង​ដឹកនាំ​កម្ពុជា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៥ គឺ​ដៃ​ម្ខាង​ដឹកនាំ អភិវឌ្ឍ​ប្រទេស ដែល​ងើប​ពី​បាត​ដៃទទេ រីឯ​ដៃ​ម្ខាង​ទៀត ទប់​ទល់នឹង​ការប៉ុនប៉ង​វិលត្រឡប់​របស់​ក្រុម ខ្មែរក្រហម​។​
​ ​
សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជម្នះ​ឧ​ប​ស័គ្គ​ផ្ទៃក្នុង​បក្ស​ជាថ្មីទៀត ដើម្បី​ដឹកនាំ​កម្ពុជា ចេញពី​ទីផ្សារ​ផែនការ ហើយ​នៅ​ឆ្នាំ​១៩៨៧ សម្តេច​តេ​ជោ​ក៏បាន​បើក​ការចរចា​ជាមួយ សម្តេចព្រះ​នរោត្តម​សីហនុ ទាំង​ផ្ទៃក្នុង​បក្ស​មួយចំនួន ហាក់​មិន​គាំទ្រ​សម្តេច​។ ប៉ុន្តែ​ដោយ សារ​តែមាន​ទស្សនៈវិស័យ​វែងឆ្ងាយ និង​ដើម្បី​ខ្មែរ ឈប់​បង្ហូរឈាម​គ្នា​តទៅទៀត សម្តេច តេ​ជោ ហ៊ុន សែន បាន​ពុះពារ​គ្រប់​ឧ​ស័គ្គ​ទាំងឡាយ​រហូតដល់​ស​ម្រេច​បាន​នូវ​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១​។​
​ ​
​ក៏ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ មិនបាន​បញ្ចប់សង្គ្រាម​ស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា​នោះទេ​។ ពោលគឺ​ខ្មែរក្រហម មិនត្រូវ​បាន​រំសាយ​អង្គការ​ចាត់តាំង​នៅឡើយ​។ ក្រុមខ្មែរក្រហម បន្តកាន់កាប់​ទឹកដី​កម្ពុជា នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ ដូចជា ប៉ៃលិន បាត់ដំបង និង​ខេត្ត​ឧ​ត្ត​រ មានជ័យ ជាដើម​។

​ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន បាន​យក​ជីវិត ធ្វើ​ដើមទុន​ឡើងវិញ ដោយ​សម្តេច ចូលទៅ​កាន់​តំបន់​ខ្មែរក្រហម​កាន់កាប់​នៅ​ប៉ៃលិន និង​នៅ​សំឡូត ជាដើម​ដើម្បី​ប្រកាស​កង ទ័ព​ខ្មែរក្រហម ធ្វើ​សមាហរណកម្ម ក្នុង​ជួរ​រាជរដ្ឋាភិបាល​។

​ក្នុងនោះ រហូតដល់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ទើប​អង្គការ​ចាត់តាំង​ខ្មែរក្រហម​ត្រូវបាន​រំលាយ ទាំងស្រុង ដោយសារតែ ខៀវ​សំផន អៀង​សារី នួន​ជា បានមក​ចុះចូល​ដល់ផ្ទះ​របស់​សម្តេច នៅ​តាខ្មៅ ខេត្តកណ្តាល​។ នេះ​ជា​ជោគជ័យ​នៃ​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច ដែល​បញ្ចប់​អង្គ​ការចាត់​តាំងរបស់​ខ្មែរក្រហម នាំ​សុខសន្តិភាព​ពេញលេញ​ដល់​កម្ពុជា​។​
​ ​
ក្រោយពី​រំលាយ​អង្គ​ការចាត់​តាំងរបស់​ខ្មែរក្រហម ដោយ​ជោគជ័យ តាមរយៈ​នយោបាយ ឈ្នះ​ឈ្នះ រួចមក សម្តេច​តេ​ជោ ហ៊ុន សែន មានឱកាស​ពេញលេញ​ក្នុង​ការងារ​អភិវឌ្ឍ ប្រទេស​កម្ពុជា​។ ផ្លូវជាតិ ផ្លូវលំ ស្ពាន សាលារៀន និង​វត្ត​អារាម​ជាច្រើន​ត្រូវបាន​សាងសង់ ឡើងជា​បន្តបន្ទាប់​។ ជីវភាព​ប្រជាជន ពិសេស​អ្នក​នៅ​ជនបទ ត្រូវបាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​។ តាម​ស្រុក​ស្រែចំការ មកដល់ពេលនេះ ប្តូរ​ពី​រទេះគោ មកជា​គោយន្ត ប្តូរ​ពី​កង់ មកជា​ម៉ូតូ និង​ឡាន​ស្ទើរ​គ្រប់​ផ្ទះ​។ ផ្លូវថ្នល់ ដែល​ពីមុន ជា​ផ្លូវដី លំបាក​ធ្វើដំណើរ តែ​ពេលនេះ​បាន​ប្រែ ក្លាយជា​ផ្លូវ​បេតុង និង​ផ្លូវ​កៅស៊ូ​។ ក្នុងនោះ ឆ្លងទន្លេ​ពី​ម្ខាង​ទៅ​ម្ខាង ដោយ​ប្រើ​ទូកដ ឬ​សាឡាង តែ​ពេលនេះ ប្រែក្លាយជា​ស្ពានថ្ម ចង់​ឆ្លង និង​ដឹកជញ្ជូន​ទំនិញ ផលិតផល​កសិកម្ម​នៅ​ម៉ោង ណា​ក៏បាន ហើយ​មិន​ប្រថុយ​នឹង​គ្រោះថ្នាក់​ទៀតឡើយ​។​

​នៅ​ទូទាំងប្រទេស ពិសេស​នៅ​ភ្នំពេញ អគារ​ខ្ពស់ៗ ស្ពាន​អាកាស ត្រូវបាន​សាងសង់ ឡើងយ៉ាង​ស្អេកស្កះ ហើយ​អ្នកវិនិយោគ​បរទេស និង​អ្នកវិនិយោគ​កម្ពុជា មិន​ស្ទាក់ស្ទើរ​ក្នុងការបោះទុន​វិនិយោគ​នៅ​កម្ពុជា​នោះទេ ពិសេស​លើ​វិស័យ​អចលនទ្រព្យ​សំណង់​អគារ​ខ្ពស់ៗ ដ៏​ច្រើន​។ នៅមាន​សមិទ្ធផល​ច្រើន​វិស័យ​ទៀត ដែល​យើង​រាប់មិនអស់​ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​
​ ​
​ថ្មីៗ​នេះ​ទៀត សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​នូវ​ជំហ មិន​អោនក្បាល​ចំពោះ​បរទេស ជា​ថ្នូរ​នឹង​ជំនួយ​នោះទេ​។ ចំពោះ​ការប្រកាស​ព្រមាន​របស់​បរទេស ពិសេស​សហភាព​អឺរ៉ុប ដែល​ចង់​ដាក់​ការគៀបសង្កត់​សេដ្ឋកិច្ច​ដោយសារតែ​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុមប្រឆាំង មួយ​ក្តាប់​តូច​នោះ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន មិន​អោន ក្បាល ចុះ​ញ៉ម​ជាដាច់ខាត​។ វិធានការ​ជាច្រើន ត្រូវបាន​សម្តេច​តេ​ជោ ប្រកាស​អនុវត្ត​សម្រាប់​ពង្រឹង​ឯករាជ្យភាព​វិស័យ សេដ្ឋកិច្ច ដើម្បី​ទប់ស្កាត់​ភាព​ងាយ​រងគ្រោះ ប្រសិន បើ​សហភាព​អឺរ៉ុប ឬ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​កម្ពុជា​មែន​នោះ​។​
​ ​
ជារួម ក្នុងជំនួប​បី​លើក​កន្លងមក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា តែងតែ​ចាត់ទុកថា ការរីកចម្រើន​របស់​ប្រទេសជាតិ មិនអាច​កាត់ផ្តាច់​ពី​ការចូលរួម​របស់​អ្នកកាសែត​បានទេ​។ ក្នុងនោះ ការចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិតប្រាកដ គឺ​កាន់តែ​ផ្តល់នូវ​ទំនុកចិត្ត​ដល់ ទេសចរ​បរទេស និង​វិនិយោគ​គិ​នប​រទេស​។

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ក៏​តែងតែ​ចង់ឃើញ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់ រួមទាំង​បណ្តាញ​ព័ត៌មាន​អន​ឡាញ ( Online News ) និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ទាំងអស់ (Social Networks) ចូលរួម​ផ្សព្វផ្សាយ​អំពី​កម្ពុជា ទៅកាន់​ពិភពលោក ក្នុង​ផ្លូវ​វិជ្ជមាន ដើម្បី​ប្រទេសជាតិ​យើង កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​។​
​ ​
​ក្នុង​គោលដៅ​លើកស្ទួយ​សេរីភាព​សារព័ត៌មាន និង​នីតិរដ្ឋ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា បាន​គោរព​យ៉ាង​ហ្មត់ចត់​នូវ​គោលការណ៍​សំខាន់​ពីរ គឺ​សេរីភាព​ក្នុង​ការផ្សាយ​ព័ត៌មាន​ដោយ​គ្មាន​ការត្រួតពិនិត្យ​ជាមុន និង​ការផ្តល់​សិទ្ធិ​ឲ្យ​ជន បរទេស អាច​ធ្វើជា​ម្ចាស់​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​។ សេរីភាព​នេះ ត្រូវបាន​ធានា​ដោយ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ដែល​ត្រូវបាន​គេ​មើល ឃើញថា ជា​ប្រទេស ដែលមាន​សេរីភាព​ខាង​សារព័ត៌មាន​ល្អ​ជាង​ប្រទេស​ដែល​កាន់​របប ប្រជាធិបតេយ្យ​មួយចំនួន នៅក្នុង​តំបន់​អាស៊ាន​។​
​ ​
ក៏ប៉ុន្តែ​ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​យុត្តិធម៌ និង​ប្រទេសមួយ មាន​នីតិរដ្ឋ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន តែង​តែង​លើកឡើងថា ទាមទារ​ឲ្យ​អ្នកសារព័ត៌មាន​របស់​យើង​ខិតខំ​ប្រឹងប្រែង បន្តទៀត នូវ​ការអភិវឌ្ឍ​សមត្ថភាព​យល់ដឹង​រប​ស់​ខ្លួន និង​មាន​ភាពស្មោះ ត្រង់​ក្នុង​វិជ្ជាជីវៈ ក្លាហាន ហ៊ាន​និយាយ​ការពិត និង​ដោយ​ហ៊ាន​ទទួលយក​ការពិត ដើម្បី​ឲ្យ​ព័ត៌មាន​របស់ខ្លួន ក្លាយជា​ព័ត៌មាន​ពិត ហើយ​ធ្វើការ​ឆ្លុះបញ្ចាំង ឲ្យ​ឃើញ​គ្រប់​តថភាព​សង្គម ដើម្បី​ចូលរួម ប្រឆាំង​អំពើពុករលួយ ការកែទម្រង់​ច្បាប់ ប្រព័ន្ធយុត្តិធម៌ និង​ការកែទម្រង់រដ្ឋបាល​សាធារណៈ ហើយ​ការងារ​របស់​អ្នកកាសែត ដែល​ត្រូវបំពេញ​មាន​ច្រើនណាស់ ទាំង​នៅពេល​បច្ចុប្បន្ន និង​នៅពេល​អនាគត​។​
​ ​
ក្នុងនោះ អ្នកសារព័ត៌មាន ត្រូវ​ស្តាប់​គ្រប់​សំឡេង និង​ត្រូវ​ផ្តល់​ជា​ទស្សនៈ ផ្តល់​ជា​គំនិត ដែល​អ្នកដឹកនាំ អាច​យកទៅ​ត្រិះរិះ​ពិចារណា​ដើម្បី​យកទៅ​កែលម្អ​ក្នុង​ក្របខ័ណ្ឌ គោលនយោបាយ ឬ​សកម្មភាព​របស់ខ្លួន​។​
​ ​
ជាមួយនឹង​ការលើកឡើង​ខាងលើនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ជា ពិសេស​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អ្នកសារព័ត៌មាន​អន្តរជាតិ​ទាំងអស់​ដែល​កំពុង​បំពេញ ការងារ​នៅ​កម្ពុជា និង​បំពេញការងារ​នៅ​បរទេស​ក្តី​សូម​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹម ត្រូវ​តាម​ក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការ​ក្លែង​ព័ត៌មាន ឬក៏​ផ្សាយ​ព័ត៌មាន​តែមួយ​ជ្រុង ហើយ​ឆ្លុះបញ្ចាំង​សភាពការណ៍​ទាំងមូល​ដោយ​ពុំ​បានគិត​អំពី ក្បួនខ្នាត ក្រឹត្យក្រម​នៃ​ការសរសេរ​ព័ត៌មាន ឬ​ការផ្សព្វ ផ្សាយ​ព័ត៌មាន​មិន​ពិត​បំប៉ោង​សភាព ការណ៍ ដោយ​គិតតែ​អំពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​សារព័ត៌មាន​ខ្លួនឯង​។ អ្នកសារព័ត៌មាន ក៏ត្រូវ​ខិតខំ​អភិវឌ្ឍ​ឲ្យ​មានការ​យល់ដឹង​ខ្ពស់​មាន​សមត្ថភាព​ក្នុងការ​វិភាគ សភាពការណ៍ ទាំង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ ដើម្បី​ដើរទា​ន់​កា​រវិ​ឌ្ឍ​សភាពការណ៍ សកលលោក​។​
​ ​
ក្នុងជំនួប​លើក​ទី​៣ កាលពី​ឆ្នាំមុន សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជំរុញ​ឲ្យ​ក្រសួង​ព័ត៌មាន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​ឲ្យ​ចេញ​នូវ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ព្រមទាំង​ការធ្វើ វិសោធនកម្ម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ក៏ដូចជា​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។ ក៏ប៉ុន្តែ​១ ឆ្នាំ​កន្លងមកនេះ ច្បាប់​ទាំងពីរ មិនទាន់​ត្រូវបាន​ក្រសួង​ព័ត៌មាន និង​ក្រសួង​ពាក់ព័ន្ធ​បញ្ជូន ទៅ​គណៈរដ្ឋមន្ត្រី នៅឡើយ​ទេ​។​
​ ​
ដូច្នេះ សម្រាប់​ជំនួប លើក​ទី​៤ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ អ្នកសារព័ត៌មាន​យើង ពិសេស​ក្រសួង​ព័ត៌មាន និង​ស្ថាប័ន​ពាក់ព័ន្ធ ក្រៅពី​ស្តាប់​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដូចដែល​លើកឡើង​ខាងលើ គឺ​អ្នកសារព័ត៌មាន និង​ក្រសួង​ព័ត៌មាន​គួរតែ​អនុវត្ត នូវ​អនុសាសន៍ និង​ការណែនាំ​របស់​សម្តេច ដើម្បី​ឲ្យ​ផែនការ ចេញ​ជា​ផ្លែផ្កា​។ ក្នុងនោះ អ្នកសារព័ត៌មាន​យើង​មួយចំនួន ក៏​គួរតែ​ខិតខំ​អភិវឌ្ឍន៍​ខ្លួនឯង ដូចជា ប្រើប្រាស់​កុំ​ព្យួ​ទ័​រ និង​បច្ចេកវិទ្យា​ទំនើប ក្នុងសម័យ​ឌីជីថល ព្រមទាំង​ប្រឹងប្រែង​បង្កើន​ចំណេះដឹង​ទូទៅ ក្នុងប្រទេស ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ក៏ដូចជា ភាសាបរទេស ជាដើម​៕ ដោយៈ ម៉េង​ឆៃ​