ជំនួប​រវាង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​និង​ប្រធាន​អង្គការ​សិល្បៈ​សហ​សម័យ​ជប៉ុន

276
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​ប្រធាន​អង្គការ​សិល្បៈ​សហ​សម័យ​ជប៉ុន លោក​Atsushi Yazaki កាលពី​ថ្ងៃទី​២៤​ខែមិថុនា​បាន​ជួបពិភាក្សា​ការងារ​នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។​ក្នុងឱកាស​នៃ​ជំនួប​ពិភាក្សា​ខ្លឹមសារ​នេះ​ភាគី​ជប៉ុន​បានលើកឡើង​នូវ​គោលបំណង​នៃ​ការបង្កើត​គម្រោង​ពិព័រណ៍​សិល្បៈ​សហ​សម័យ​ទាក់ទង​នឹង​អរិយធម៌​ខ្មែរ​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​ខ្មែរ​ដ៏​ផូរផង់​ឱ្យបាន​ទូលំទូលាយ​ទៅកាន់​ពិភពលោក​ថែមទៀត​។​

​ជាពិសេស​តំបន់​អង្គរ​ដែលជា​ប្រភព​ដ៏​រុងរឿង​នៃ​អរិយធម៌​ខ្មែរ​តាមរយៈ​ការបង្កើត​វត្ថុ​សិល្បៈ​សហ​សម័យ​ដាក់តាំង​នៅតាម​រមណីយ​ដ្ឋា​ន​អង្គរ តាម​រដូវ​កាល ដែល​មិនមែនជា​លក្ខណៈ​ពិព័រណ៍​អចិន្ត្រៃយ៍​។

ឆ្លើយតប​នឹង​បំណង​ខាងលើ​លោក​ហង់​ពៅ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សម្តែង​ការគាំទ្រ​ចំពោះ​គំនិត​ដ៏​ល្អប្រសើរ​។​ព្រោះ​គម្រោង​នេះ​ជាការ​បង្កើត​គំនិត​ថ្មី​ដោយមាន​ការច្របាច់បញ្ចូល​គ្នា​រវាង​វប្បធម៌​និង​សិល្បៈ​។ ទោះជា​យ៉ាងណា​លោក​បានស្នើ​ដល់​ភាគី​ជប៉ុន​ឱ្យ​សិក្សា​លម្អិត​លើ​គម្រោង​នេះ​បន្ថែមទៀត ជាពិសេស​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​ទីតាំង​ជៀសវាង​សំដៅ​តែ​ប្រាសាទអង្គរវត្ត​និង​ពិនិត្យ​លើ​ទីតាំង​ផ្សេងៗ​ទៀត​។​

លោក​អគ្គនាយក​ក៏បាន​អ​ញ្ចើ​ញ​ភាគី​ជប៉ុន​ឱ្យមកធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​នេះ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​ហៅ​កាត់​ថា​អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ​៕S/​