ជំនួយការ​គីម​ជុង​អ៊ុន​ប្តូរ​ប៊ិក​ថ្មី​ឱ្យ​គីម មុនពេល​ស៊ី​ញ៉េ​លើ​សេចក្តីថ្លែងការណ៍​រួម ដើម្បី​បញ្ចៀស​សារធាតុពុល

1247
ចែករម្លែក

​រដ្ឋាភិបាល​កូរ៉េខាងជើង​បានបង្ហាញ​នូវ​អ្វីដែល​អាច​ការព្រួយបារម្ភ​ហួសហេតុ​អំពី​ការបំពុល ខណៈដែល​ជំនួយការ​មួយរូប​បាន​ប្តូរ​ប៊ិក​ដោយ​ប្រុងប្រយ័ត្ន មុនពេល​លោក​គីម ជុង​អ៊ុន ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួមមួយ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​

​នៅមុន​ពេលដែល​លោក​គីម​បាន​អង្គុយ​ជាមួយ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដើម្បី​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម បន្ទាប់ពី​ជំនួប​លើកដំបូង​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២ ជំនួយការ​សន្តិសុខ​ម្នាក់​ដែល​ពាក់​ស្រោមដៃ​ពណ៌​សបាន​ចាប់យក​ប៊ិក​ខ្មៅ​ដាក់ឱ្យ​លោក​គីម​ប្រើ​។​

​ខណៈពេលដែល​ពិភពលោក​កំពុង​តាមដាន​ទស្សនា​នៅ​ម៉ោង ២ ព្រឹក​នៅ​ញូវយ៉ក សមាជិក​ម្នាក់​មកពី​ក្រុម​សន្តិសុខ​របស់លោក​គីម​បាន​ជូត​ប៊ិក​នេះ​ម្តង​ហើយ​ម្តងទៀត​ជាមួយនឹង​ក្រណាត់​ពណ៌​ស​។​

​បន្ទាប់មក​នៅពេល​គីម​និង​ត្រាំ​បាន​ចូលក្នុង​បន្ទប់​ស៊ី​ញ៉េ ប្អូនស្រី​របស់​គីម គឺ​នាង គីម យ៉ូ​ជុង បានមក​ពីមុខ​បងប្រុស​របស់​នាង ហើយ​ប្តូរ​ប៊ិក​ផ្សេង ដែល​នាង​ដក​ចេញពី​ហោប៉ៅ​អាវ​របស់​នាង​។​

​ជាមួយនឹង​ប៊ិក​មួយ​ដើម​នោះ​ហើយ​ទើប​លោក​គីម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រកាស​ការប្តេជ្ញាចិត្ត​របស់​កូរ៉េខាងជើង​ដើម្បី​ធ្វើការ​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ​។​

​វា​គ្រាន់តែ​ជា​ឥរិយាបថ​ព្រួយបារម្ភ​ជ្រុល​ចុងក្រោយបង្អស់​ពី​មេដឹកនាំ​របប​ឯកោ​នេះ​តែប៉ុណ្ណោះ​។​

​លោក ច​ន ពី​កេ មកពី​វេ​ប​សាយ GlobalSecurity.org បាន​និយាយថា “​ពួកគេ​ខ្លាច​គេ​ដឹង​អំពី​សុខភាព​របស់គាត់​”​។​

​លោក ពី​កេ បាន​ប្រាប់​សារព័ត៌មាន DailyMail.com ថា “​ពួកគេ​ប្រយ័ត្នប្រយែង​ណាស់​ក្នុង​ធ្វើឱ្យ​ប្រាកដថា គ្មាន​នរណាម្នាក់​អាច​ទទួលបាន​សំណាក​ជីវសាស្ត្រ​ពី​គាត់​។ ប្រសិនបើ​នរណាម្នាក់​ដឹងថា​មាន​អ្វី​មិន​ស្រួល​កើតឡើង​ជាមួយ​គាត់ វា​នឹង​មើលទៅ​មិនល្អ​នោះឡើយ​…​តំណែង​ស្របច្បាប់​របស់គាត់​នឹងត្រូវ​ចោទ​ជា​មន្ទិល​”​។​

​តាម​ដឹង លោក​គីម​ថែមទាំង​ធ្វើដំណើរ​ជាមួយ​បង្គន់​ចល័ត​ផ្ទាល់ខ្លួន​ទៀតផង​ដើម្បី​ទប់ស្កាត់​ពួក​បរទេស​ពី​ការទទួលបាន​សំណាក​លាមក ដែល​អាច​លាតត្រដាង​ពី​ព័ត៌មាន​សុខភាព​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

នាង​គីម យ៉ូ​ជុង ប្តូរ​ប៊ិក​ថ្មី​ឱ្យ​គីម ជុង​អ៊ុន មុនពេល​ស៊ី​ញ៉េ​លើ​ឯកសារ ដើម្បី​បញ្ចៀស​ប៊ិក​ផ្ទុក​ជាតិពុល