ជំនួយការ​ជាន់ខ្ពស់រ​បស់​ត្រាំ នាំគ្នា​ប្រញាប់ប្រញាល់​បដិសេធ​អត្ថបទ​រិះគន់​ប្រធានាធិបតី​ក្នុង​កាសែត​ញូវយ៉ក​ថែម​ស៍​

2970
ចែករម្លែក

ជំនួយការជាន់ខ្ពស់ៗរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ទី៦កញ្ញាបានរួសរាន់បដិសេធថាពួកគេមិនជាអ្នកបង្កើតអត្ថបទបញ្ចេញមតិនៅក្នុងកាសែតញូវយ៉កថែមស៍(New York Times)ដែលវាបានវាយប្រហាររិះគន់ស្ទីលជាអ្នកដឹកនាំរបស់លោកត្រាំនិងបានពណ៌នាវាថាជា”ការប្រឆាំងស្ងៀមស្ងាត់”មួយចំពោះលោកប្រធានាធិបតីចេញពីមន្រ្តីក្នុងរដ្ឋការរបស់លោកផ្ទាល់។

មកត្រឹមពេលរសៀល មន្រ្តីជាន់ខ្ពស់៨នាក់បានចេញមកបដិសេធរបាយការណ៍នេះ រួមមានអនុប្រធានាធិបតី ម៉ៃ ផេនស៍ រដ្ឋមន្រ្តីការបរទេស ម៉ៃ ផមផេវនិងរដ្ឋមន្រ្តីការពារជាតិ ជេមស៍ ម៉ាតធីស ដោយពួកគេរិះគន់អ្នកនិពន្ធដែលបានសរសេរវានិងកាសែតចំពោះការចុះផ្សាយអត្ថបទនេះ។

លោកត្រាំខឹងនឹងខ្លឹមសារក្នុងអត្ថបទនិងចាត់ទុកវាជាការវាយប្រហារចេញពីក្រុមអ្នករិះគន់ដែលមិនពេញចិត្តនឹងការជាប់ឆ្នោតរបស់លោក ។ក្នុងរដ្ឋការលោកប៊ូសឥឡូវកំពុងកើតចេញពាក្យចចាមអារាមអំពីថាតើនរណាបង្កើតវាឡើង។

ក្នុងពេលជាមួយគ្នា ជំទាវទីមួយអាមេរិក គឺភរិយារបស់ត្រាំផ្ទាល់លោកស្រី មេឡានៀ ត្រាំ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា” ជូនចំពោះអ្នកសរសេរអត្ថបទ អ្នកមិនជាអ្នកការពារប្រទេសនេះទេ អ្នកកំពុងបំផ្លាញវាជាមួយនឹងអំពើកំសាករបស់អ្នក”។

អត្ថបទ ចុះផ្សាយកាលពីថ្ងៃពុធ បានលេចឡើងប៉ុន្មានថ្ងៃក្រោយការចុះផ្សាយសម្រង់ចេញពីសៀវភៅថ្មីមួយរបស់អ្នកយកព័ត៌មានល្បីលោកបប់ វូដវឺដ ដែលពណ៌នាលោកត្រាំជាមនុស្សងាយនឹងធ្វើការសំរេចចិត្តដោយបង្ខំដោយចិត្តរំជួលនិងពណ៌នាពួកជំនួយការជាន់ខ្ពស់ថាពេលខ្លះមិនគោរពបទបញ្ជាណែនាំរបស់លោកដើម្បីកំហិតអ្វីដែលពួកគេបានមើលឃើញថាជា អាកប្បរិរិយានាំអោយប៉ះពាល់កេរ្តិ៍ឈ្មោះ។

កាលពីថ្ងៃពុធនៅពិធីមួយនៅសេតវិមាន ទំនងជាខឹង លោកត្រាំបានហៅអត្ថបទរបស់ញូវយ៉កថែមនោះថា” បទអត្ថាធិប្បាយមិនក្លាហាន”និងក្នុងការបង្ហោះសារនៅពេលក្រោយមកទៀតលោកបាននិយាយថា “វាជាអំពើក្បត់”។

ផ្នែកបញ្ចេញមតិរបស់កាសែតនេះបាននិយាយថា អត្ថបទដែលរិះគន់ត្រាំនេះសរសេរឡើងដោយមន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងរដ្ឋការត្រាំ និងថាវាការកម្រដែលខ្លួនចុះផ្សាយអត្ថបទបែបអនាមិកបែបនេះ ព្រោះថាការបញ្ចេញអត្តសញ្ញាណអ្នកសរសេរនឹងនាំអោយអន្តរាយដល់មុខតំណែងរបស់បុគ្គលនេះ។

ការអះអាងដូច្នេះនាំអោយពួកជំនួយការជាន់ខ្ពស់របស់ត្រាំរអើលគ្រប់គ្នា ដោយខ្លះបានចេញមកបដិសេធតាំងពីការចេញសៀវភៅរបស់លោកវូដវឺដមកនោះ ក៏បង្ខំចិត្តចេញមកបដិសេធជាបន្តបន្ទាប់ជាថ្មីទៀត ។

លោកផមផេវ ដែលពីមុនជានាយកCIAរបស់ត្រាំ បាននិយាយក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅឥណ្ឌាថា លោកមិនមែនជាអ្នកសរសេរអត្ថបទនេះទេ និងបានថ្កោលទោសNew York Times ចំពោះការចុះផ្សាយវា ខណៈអ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា លោករដ្ឋមន្រ្តីម៉ាតធីសមិនបានសរសេរវាទេ។

អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “លោករដ្ឋមន្រ្តី គៀសជេន នីលសេន ផ្តោតលើការដឹកនាំក្រសួងនិងការពារមាតុភូមិ មិនបានសរសេរអត្ថបទអនាមិកនិងបញ្ចេញមតិក្លែងក្លាយអោយNew York Times ទេ”។

ចំណែកនាយកស៊ើបការជាតិលោកឌែន ខូតស៍ បាននិយាយថា ពាក្យចចាមអារាមដែលថាលោកឬអនុប្រធានរបស់លោកបង្កើតរឿងនេះជា”ការមិនពិតទាំងស្រុង”។

អត្ថបទបញ្ចេញមតិនិងសៀវភៅរបស់លោកវូដវឺដ កើតមានកើតក្រោយពីអត្ថបទជាច្រើនត្រូវបានចុះផ្សាយក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតីរយៈពេល១៩ខែមកនេះដែលបានពណ៌នាថាជា ចលាចលនៅសេតវិមានក្រោមការដឹកនាំរបស់លោក។អត្ថបទបញ្ចេញមតិក្នុងកាសែតនេះបានរិះគន់លោកត្រាំដោយចាត់ទុកស្ទីលដឹកនាំរបស់លោកថាចូលចិត្ត” ច្រឡោតខឹង បង្ករឿង អន់និងគ្មានប្រសិទ្ធភាព”​និងបានហៅការសំរេចចិត្តខ្លះរបស់លោកថា” ឆ្អិនពាក់កណ្តាល បែបទទួលព័ត៌មានមិនគ្រប់និងច្រើនតែធ្វេសប្រហែស”។

វាបាននិយាយទៀតថា មន្រ្តីជាន់ខ្ពស់ខ្លះធ្វើការចេញពីផ្នែកគ្មានទំនុកចិត្តនៃរបៀបវារៈរបស់ត្រាំនិងការពារប្រទេសចេញពីទឹកចិត្តជំរុញដ៏អាក្រក់របស់លោក៕ដោយ៖វាសនា

ជំនួយការជាន់ខ្ពស់ទាំង៤(ពីឆ្វេង) ម៉ៃ ផេនស៍,ជេមស៍ ម៉ាតទីស, ម៉ៃ ផមផេវនិងលោកឌែន ខូតស៍