ជំនួយការ​សេដ្ឋកិច្ច​របស់​ត្រាំ​ថា ទាំង​ចិន​និង​អាមេរិក​នឹង​ទទួល​រងគ្រោះ​ពី​ការដំឡើង​ពន្ធ​

877
ចែករម្លែក

​មន្ត្រី​អាមេរិក​និង​ចិន​បាន​ធ្វើ​ការពិភាក្សា​ជា​ច្រើន​ជុំ​ក្នុង​ការប៉ុនប៉ង​បង្កើត​កិច្ចព្រមព្រៀង​មួយ​។​ជំនួយការ​សេដ្ឋកិច្ច​ម្នាក់​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​​ទទួលស្គាល់ថា លោក​ប្រធានាធិបតី​ខុស​ដែល​លើកឡើងថា ចិន​នឹង​បង់ពន្ធ​លើ​ទំនិញ​នាំ​ចេញ​មក​កាន់​អាមេរិក​។​

​ឡា​រី គុត​ឡូ​វ ដែល​ដឹកនាំ​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ទទួលស្គាល់ថា គឺ​ស្ថាប​ប័ន​ជំនួញ​អាមេរិក​ដែល​ត្រូវ​បង់ពន្ធ​នាំចូល​។​លោក​បាន​ប្រាប់​សារព័ត៌មាន​Fox News​ថា​លោក​ជឿថា​«​ភាគី​ទាំង​២​នឹង​រងគ្រោះ​»​ពី​ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​ឡើង​។​

​សូម​រំលឹក​ថា​កាលពី​ថ្ងៃ​សុក្រ​ទី​១០​ឧសភា លោក​ត្រាំ​បាន​សរសេរ​បង្ហោះ​ថា ពន្ធ​លើ​ទំនិញ​ចិន​នាំចូល​អាមេរិក​តំលៃ​២៥០​ពាន់​លាន​ដុល្លារ ត្រូវ​បង់​ដោយ​ចិន​។​លោក​ថា មិន​មាន​ភាព​​ចាំបាច់​ត្រូវ​រួសរាន់​សំរេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទេ ក្រសួង​រតនាគារ​អាមេរិក​ទទួល​ផល​ដ៏​មហាសាល​ពី​«​ការបង់ប្រាក់​ដ៏​ច្រើន​»​។​

​ទោះជា​យ៉ាងណា ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​កម្មវិធី Fox News Sunday លោក​គុត​ឡូ​វ បាន​ទទួលស្គាល់ថា គឺ​ស្ថាប័ន​ជំនួញ​អាមេរិក​ដែល​បង់ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​និង​​ថា អ្នកប្រើប្រាស់​អាមេរិក​ក៏​នឹង​ត្រូវ​ចំណាយ​ខ្ពស់​ឡើង​ដោយសារតែ​ការដំឡើង​ពន្ធ​នេះ តែ​វា​ក៏​នឹង​ជះឥទ្ធិពល​លើ​សេដ្ឋកិច្ច​ចិន​ដោយសារ​តែ​ថ្លៃ​ខ្ពស់​វា​នឹង​កាត់បន្ថយ​សេចក្តី​ត្រូវ​​ការ​នៅ​អាមេរិក​។​

​លោក​បញ្ជាក់ថា «​ភាគី​ទាំងពីរ នឹង​រងគ្រោះ​ដូចគ្នា​លើ​បញ្ហា​នេះ​»​។​សូមបញ្ជាក់​ថា កាលពី​ឆ្នាំមុន អាមេរិក​វាយ​ពន្ធ​១០​ភាគរយ​លើ​ទំនិញ​ចិន​តំលៃ​២០០​ពាន់​លាន​ដុល្លារ រួម​មាន​ត្រី​​កាបូប​យួរ សម្លៀក​បំពាក់​និង​ស្បែកជើង​។​កាលពី​សប្តាហ៍​មុន អាមេរិក​បាន​និយាយថា ខ្លួន​បង្កើន​ពន្ធ​ពី​១០​ទៅ​២៥​ភាគរយ​លើ​ទំនិញ​ចិន​២០០​ពាន់​លាន ដោយ​ចោទប្រកាន់​ចិន​​ថា​បាន​ដកដយ​ពី​ការសន្យា​ពី​មុន​ថា​នឹង​ផ្លាស់ប្តូរ​គោលនយោបាយ​ធ្វើ​ជំនួញ​របស់ខ្លួន​។​

​ចិន​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​អំពើ​របស់​អាមេរិក​និង​បាន​សន្យាថា​នឹង​សងសឹក ជាហេតុ​នាំ​អោយ​មាន​ការ​ព្រួយបារម្ភ​អំពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​​ផុត​លេខ​ទាំងពីរ​ដែល​នឹង​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​សកល​៕​ដោយ​៖​វាសនា​

ឡា​រី គុត​ឡូ​វ សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​អាមេរិក​

#