ជំនួយការ​សេត​វិមាន ដែល​ចំអក​ឱ្យ​សមាជិក​ព្រឹទ្ធសភា ច​ន ម៉ាក់​ខេន ចាកចេញ​ពីមុខ​តំណែង​

1057
ចែករម្លែក

​មន្ត្រី​ម្នាក់​និយាយថា លោកស្រី ខែ​លី ស៊ែ​ត​លឺ (Kelly Sadler ) ជំនួយការ​ផ្នែក​ទំនាក់ទំនង​នៅ​សេត​វិមាន​ដែល​បានទទួល​ការរិះគន់​ចំពោះ​ការនិយាយ​ចំអក​អំពី​ជំងឺ​​មហារីក​របស់​សមាជិក​ព្រឹទ្ធសភា​លោក ច​ន ម៉ាក់​ខេន (John McCain) បាន​ចាក​ចេញពី​តួនាទី​របស់លោក​ស្រី ។

​លោក ខែ​លី ស៊ែ​ត​លឺ បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង កាលពី​ខែ​មុន បន្ទាប់ពី​មាន សេចក្តីរាយការណ៍​ថា លោកស្រី​បាន​និយាយថា​ការបោះឆ្នោត​របស់​សមាជិក​​ព្រឹទ្ធសភា​មកពី គណបក្ស​សាធារណរដ្ឋ​រូបនេះ មិនមាន​បញ្ហា​នោះទេ ដោយសារតែ ” លោក កំពុង​ជិត​ស្លាប់​ហើយ ” ។​

​ការនិយាយ​បែបនេះ កើត​ធ្វើឡើង​ក្នុងអំឡុងពេល​កិច្ចប្រជុំ​មួយ​ស្តីពី​ប្រធាន​ក្រុម​អ្នកស៊ើប​អង្កេត​CIA លោក ហ្គី​ណា ហា​ស្ពែ​ល (Gina Haspel ) ដែល​ការតែងតាំង​​លោកស្រី​សំរាប់​តំណែង​នេះ ត្រូវបាន លោក ច​ន ម៉ាក់​ខេន ជំទាស់​ប្រឆាំង ។​

​លោក ច​ន ម៉ាក់​ខេន អាយុ​៨១​ឆ្នាំនេះ ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​រកឃើញ​មាន​ជំងឺមហារីក​ខួរក្បាល​។​

​លោក រ៉ា​ច សា អ្នកនាំពាក្យ​សេត​វិមាន បាន​និយាយប្រាប់​សារព័ត៌មាន​BBC កាលពី​ថ្ងៃ​អង្គារ​ទី​៥​មិថុនា​ថា លោកស្រី ខែ​លី ស៊ែ​ត​លឺ មិនត្រូវ​បានឱ្យ​ធ្វើការ​​នៅ​ការិយាល័យ​ប្រតិបត្តិ​របស់​ប្រធានាធិបតី​ទៀត​ទេ ” ។​

​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​អំពី​ការនិយាយ​ដូចនេះ កាលពី​ខែ​មុន​នោះ លោកស្រី ខែ​លី ស៊ែ​ត​លឺ​ដែលជា​ជំនួយការ​ពិសេស​របស់​ប្រធានាធិបតី​នេះ​ បាន​ហៅ​ទូរស័ព្ទ​ទៅ កូនស្រី​របស់​សមាជិក​ព្រឹទ្ធសភា​នេះ​គឺ នាង មេ​ហ្គា​ន ម៉ាក​ខេន (Meghan McCain) ដើម្បី​សុំទោស ។ នេះ​បើ​យោងតាម​កាសែត the Hill ។​

​នាង មេ​ហ្គា​ន ម៉ាក​ខេន បាន​និយាយ​នៅក្នុង​កម្មវិធី​ទូរទស្សន៍ The View ថា​ជំនួយការ​សេត​វិមាន​នេះ គួរតែ​បាត់បង់​ការងារ​របស់​ខ្លួន ៕​ដោយ​៖​សុខា​/SN

លោកស្រី ខែ​លី ស៊ែ​ត​លឺ អ្នកជំនួយការ​ផ្នែក​ទំនាក់ទំនង​នៅ​សេត​វិមាន


 លោក ច​ន ម៉ាក់​ខេន សមាជិក​ព្រឹទ្ធសភា