ជំនួយ​បរិច្ចាគ​កើនឡើង​ជិត ៣ លាន​ដុល្លារ​សម្រាប់​ផ្តល់ជូន​សាលារៀន និង​កូនសិស្ស​ម្នាក់​ដែល​ដើរ​ជាង ៤ គីឡូ​មែត្រ​ទៅ​រៀន​រហូត​សក់​ក្លាយជា​ទឹកកក​

200

​រឿងរ៉ាវ​របស់​ក្មេង​សិស្សសាលា​ចិន​ម្នាក់ ដែល​ក្លាហាន​ហ៊ាន​ដើរ​ឆ្លងកាត់​អាកាសធាតុ​ត្រជាក់​ខ្លាំង​ដើម្បី​ទៅ​រៀន បាន​ញ៉ាំងឱ្យ​មនុស្ស​ជាច្រើន​ផ្តល់ជំនួយ​បរិច្ចាគ​ដល់​រូបគេ និង សាលារៀន​ដ៏​ក្រខ្សត់​។

​ជំនួយ​បរិច្ចាគ​ចំនួន ១០ ម៉ឺន​យ័ន​ត្រូវបាន​ផ្ញើ​ទៅ​សាលាបឋមសិក្សា​ជួន​សាន​ប៉ាវ នៅ​ទីក្រុង​ចាវ​តុង ខេត្ត​យូ​ន​ណាន កាលពី​ថ្ងៃ​ពុធ ទី​១០ មករា បន្ទាប់ពី​រូបថត​នៃ “​ក្មេង​ព្រិល​ទឹកកក​” ឈ្មោះ វ៉ាង ហ្វូ​ម៉ាន់ បាន​ទាក់ទាញ់​ការចាប់អារម្មណ៍​ចំពោះ​កុមារ​មកពី​គ្រួសារ​ក្រីក្រ​តាម​ទីជនបទ​។ នេះ​បើតាម​កាសែត China Daily​។​

​រូបថត ហ្វូ​ម៉ាន់ អាយុ ៨​ឆ្នាំ នៅក្នុង​ថ្នាក់រៀន ដែល​នាយក​សាលា​របស់គេ ឈ្មោះ ហ្វូ ហេង ចែករំលែក​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​អង្គារ បានបង្ហាញ​ដុំ​ទឹកកក​រឹង​លើ​សក់​របស់​ហ្វូ​ម៉ាន់ អំឡុង​ការ​ដើរមក​រៀន​ចម្ងាយ ៤,៥ គីឡូម៉ែត្រ​ក្រោម​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​។

​យោងតាម​របាយការណ៍ សិស្ស​ថ្នាក់​ទី​៣​រូបនេះ​បាន​ដើរ​មួយ​ម៉ោង​ក្រោម​អាកាសធាតុ​ត្រជាក់​ដក ៩ អង្សា​ពី​ផ្ទះ​របស់គេ ដើម្បី​អង្គុយ​ប្រឡង​នៅក្នុង​ថ្នាក់​។

​លោក​ហ្វូ​និយាយថា វា​ជា​ថ្ងៃទី​១​នៃ​ការប្រឡង​ផ្តាច់ព្រ័ត្រ ហើយ​សីតុណ្ហភាព​បាន​ចុះ​ត្រជាក់​យ៉ាង​លឿន​ក្នុង​រយៈពេល​ត្រឹម​កន្លះ​ម៉ោង ខណៈដែល​ក្មេងប្រុស​នេះ​បាន​កំពុង​ដើរមក​សាលា​បាន​ពាក់​កណ្តាលផ្លូវ​ទៅហើយ​។

​ក្មេងប្រុស​នេះ​រស់នៅ​ក្នុងផ្ទះ​សង់​ពី​ដីឥដ្ឋ​នៅ​ភូមិ​លូ​ទៀន ជាមួយ​ជីដូន និង​បងស្រី​បង្កើត​។ នេះ​បើតាម​ការសម្ភាសន៍​មួយ​ជាមួយ​វេ​ប​សាយ​បណ្តាញ​សង្គម Pear Video​។​

​គ្រួសារ​ទាំងមូល​ត្រូវបាន​ផ្គត់ផ្គង់​ជីវភាព​ដោយ​ឪពុក​របស់​ហ្វូ​ម៉ាន់ ដែល​ធ្វើការ​ចំណាកស្រុក​នៅ​ទីក្រុង​ផ្សេង​មួយទៀត​។ ម្តាយ​របស់​ក្មេងប្រុស​នេះ​បាន​ចាកចោល​គ្រួសារ​យូរហើយ​។

​គិត​សរុប​មកទល់​ឥឡូវ សាច់ប្រាក់​ជំនួយ​បរិច្ចាគ​ដើម្បី​ជួយ​ក្មេងប្រុស​និង​សាលារៀន​គឺ​ឡើងដល់​ជាង ១៧ លាន​យ័ន ឬ ប្រហាក់ប្រហែល ២,៦៣ លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ហ្វូ​ម៉ាន់ និង​សាលា​របស់គេ បានទទួល​ជំនួយ​បរិច្ចាគ​ជាង ១៧ លាន​យ័ន