ជំនឿ​ចម្លែក​! ស្លៀក​តែ​ប៉ឹង​ប្រញាយ​គ្នា​ដណ្តើម​រំពាត់​ពិសិដ្ឋ​ដើម្បី​បាន​លាភ​សំណាង​

370
ចែករម្លែក

​បុរស​រាប់ម៉ឺន​នាក់​ដែល​ស្លៀក​តែ​ប៉ឹង​កំប៉ឺត​បិទបាំង​កេរ្តិ៍ខ្មាស បាន​ប្រញាយ​គ្នា​ដណ្ដើម​រំពាត់ ពិសិដ្ឋ​ដើម្បី​បាន​លាភ​សំណាង​ដែលជា​ផ្នែក នៃ​ពិធី​សាសនា​ដ៏​ចំណាស់​មួយ​មាន​ឈ្មោះថា សៃ​ដាយ​ជិ អេ​យុ (Saidaiji Eyo) ឬ​ដែល​គេ​ស្គាល់​ថា “​ពិធីបុណ្យ​ស្រាត​” (Naked Festival) នៅ​ប្រទេស​ជប៉ុន​។

​បុរស​ប្រមាណ ១០.០០០​នាក់​ដែល​សុទ្ធតែ​ស្លៀក​ប៉ឹង​ពណ៌​សបាន​ចូលរួម​ក្នុង​ពិធី​សាសនា​នេះ នៅ​អារាម​ព្រះពុទ្ធសាសនា Kinryozan Saidaiji Buddhist Temple ក្នុង​ទីក្រុង​អូ​កា​យ៉ាម៉ា (Okayama) ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ​។​

​អ្នកចូលរួម​ត្រូវ​ចុះ​មុជទឹក​ត្រជាក់​ក្នុង​ទន្លេ​យូ​ស៊ិ (Yoshii River) ដើម្បី​លាងជម្រះ​អំពើ​បាប ជាមុនសិន មុននឹង​នាំគ្នា​ទៅ​ប្រញាយ​ដណ្ដើម​រំពាត់​ពិសិដ្ឋ​។ តាម​ជំនឿ​ថា អ្នក​ដែល​ដណ្តើម បាន​រំពាត់​ប្រវែង ២០ សង់ទីម៉ែត្រ​ឱ្យឈ្មោះ​ថា “​ស៊ីន​ឈិ​” (shingi) នេះ​គឺជា​អ្នក​ដែលមាន សំណាង​បំផុត​ប្រចាំឆ្នាំ​។ សូមបញ្ជាក់ថា ពិធីបុណ្យ​ប្រចាំ​ឆ្នាំនេះ​បាន​ឈានដល់​លើក​ទី ៥១០ ហើយ​៕ ប្រែ​សម្រួល​: ខុម​