ជំនឿ​ជនជាតិដើមៈ​ការមិនធ្វើ​ពិធីសែនព្រេន​លើ​ដើមរ​ការដែល​កាប់ ជា​មូលហេតុ​នៅ​ពីក្រោយ​ការស្លាប់របស់ប្តីប្រពន្ធជនជាតិព្នង

2384
ចែករម្លែក
  • 89
    Shares

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ប្តី​ប្រពន្ធ​ជនជាតិ​ព្នង​ពីរ​នាក់​រស់នៅ​ក្នុងភូមិ​ដាច់​ស្រា​យា​ល​មួយ​ក្នុងស្រុក​អូររាំង​​ខេត្ត​មណ្ឌល​គី​រី បាន​ស្លាប់​នៅក្នុង​ថ្លុកឈាម​គួរ​ឲ្យ​អាសូរ បន្ទាប់ពី​ត្រូវ​ប្តី​ដែលជា​ឃាតករ បាន​យក​កាំបិត​កាប់​ទៅលើ​ប្រពន្ធ​រួច​បន្ត​យក​កូនកាំបិត​ចុង​ស្រួច​អាករ​ខ្លួនឯង​ស្លាប់​ទៅតាម​ប្រពន្ធ​។​

ជនរងគ្រោះនិងដើមរការ(រូបសាតចាន់បុត្រ)

​រឿង​មួយ​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ជា​ករណី​ឃាតកម្ម​ដែល​ផ្អែកទៅលើ​ភស្តុតាង​និង​សកម្មភាព​មួយចំនួន​ដែល​បង្ហាញ​ក្រោយ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​។​តែ​អ្នកភូមិ​ខាងលើ​បានដាក់​ការសង្ស័យ​ទៅលើ​ជំនឿរ​បែប​សាសនា​របស់​ជនជាតិ​ដើម​ថា​ជាដើម​ចម​នៃ​អំពើ​សម្លាប់​គ្នា​នោះ​។​តើ​រឿង​ប្តី​កាប់សម្លាប់​ប្រពន្ធ​មួយ​នេះ​មាន​អ្វី​ជា​អាថ៌​កំបាំង​ដែរ​ទៅ​?

អ្នកភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ដែលជា​ភូមិ​ដាច់ស្រយាល​មួយ​មិនសូវមាន​ប្រជាពលរដ្ឋ​ខ្មែរ​កណ្តាល​រស់នៅ គឺ​សំបូរ​តែ​ជនជាតិដើម​ភាគតិច​ព្នង​រស់នៅ​។​ភូមិ​មួយ​នេះ មានឈ្មោះ​ក្រុម​រការ​ថ្មី ដែល​ឈ្មោះ​មួយ​នេះ​ផ្តើមចេញពី​មូលដ្ឋាន​ភូមិ​ទាំងមូល​សំបូរ​រុក្ខជាតិ​ដើមរ​ការ​ដុះ​ទើប​ហៅ​តៗ​គ្នា​ថា​(​ក្រុម​រការ​) ដល់​សព្វថ្ងៃ​។​

រំលឹក​កាលពី​ជាង​មួយឆ្នាំ​កន្លងទៅ ដើមរ​ការ​មួយ​ដើម​យ៉ាង​ធំ​នៅក្នុង​ភូមិ មាន​អាយុកាល​រាប់រយឆ្នាំ បាន​ត្រូវ​បុរស​ម្នាក់​ប្រើ​រណា​យន្ត អារ​ផ្តួល​ដើម្បី​យកមក​ធ្វើជា​របស់​ប្រើប្រាស់​។​បុរស​ខាងលើ គឺមាន​ឈ្មោះ ង្រើ​ម វីន អាយុ​៤៣​ឆ្នាំ ជា​ជនដៃដល់​កាប់សម្លាប់​ប្រពន្ធ​ហើយ​សម្លាប់​ខ្លួនឯង​នោះ​។​

អ្នកភូមិ​ដំណាល​ថា គិត​ចាប់​ពីថ្ងៃ​ដែល​បុរស​ឈ្មោះ​ង្រើ​ម វីន កាប់​ផ្តួល​ដើមរ​ការ​ក្នុងភូមិ​រួចមក គ្រួសារ របស់គេ មិន​បានធ្វើ​ពិធីសែនព្រេន​អា​រុក្ខ​អ្នកតា​ក្នុងភូមិ​អ្វី​ទាំងអស់​ក៏​កើតមាន​ភាព​រកាំរកូស​ក្នុង​ក្រុមគ្រួសារ​និង សាមីខ្លួន​នោះ ហាក់​មាន​បញ្ហា​សតិអារម្មណ៍ កើត​មានការ​ភ្លេចភ្លាំង ភ្លឹកៗ យប់ ព្រលប់​ដើរ ចូល​ផ្ទះ របស់ អ្នកភូមិ​និង​ការនិយាយស្តី​ខុសប្លែក​ពី​ធម្មតា​ជាដើម ទាំង​ដែល​ពីមុន​រូប គេ​ជាម​នុស្ស​ស្លូតបូត​ម្នាក់​។​

ការបន្ត​មាន​ភាពមិនប្រក្រតី​បានអូសបន្លាយ​រយៈពេល​ជិត​មួយឆ្នាំ​រួមផ្សំ​និង​គ្រួសារ​មាន​ជីវភាព ខ្វះខាត​ផង នោះ អាកា​រៈ​ចេះតែ​ធ្ងន់ធ្ងរ​ទៅ ហើយ​ថ្ងៃមួយ​នោះ ឈ្មោះ​ង្រើ​ម វីន បាន​ប្រើ​កាំបិត​កាប់ សម្លាប់​ប្រពន្ធ ដែល​កំពុង​បេះ​ស្លឹក​ស្អំ​ក្បែរ​ផ្ទះ រួច​បន្ត​យក​កាំបិត​ចុង​ស្រួច​អាករ​ខ្លួនឯង ស្លាប់​ទៅតាម​ប្រពន្ធ ដោយ​គ្មាន​ញញើត​ដៃ​សោះ​។​ក្រោយ​ការស្លាប់​របស់​ឪពុកម្តាយ បាន​បន្សល់ទុក​កូនស្រី​បីនាក់ ដែល​កូន ស្រី​ច្បង​នោះ​ទើប​តែមាន អាយុ​១៤​ឆ្នាំ កំព្រា​គ្មាន​មេបា​ហៅ​ដូច​ក្មេង​ដទៃ​។​

មេឃុំ​សែន​មនោ​រម្យ​អ្នកស្រី​ក្វាន់ ត្រែ​ល ជា​ជនជាតិដើម​ភាគតិច​ព្នង​ផង​នោះ​បា​និយាយថា រឿង​ដើមរ​ការដែល​ជនបង្ករ​កាប់​កាលពី​មួយឆ្នាំ​មុន​ក៏​អាច​នឹង​ពាក់ព័ន្ធ​ជាមួយ​ជំនឿ​សាសនា​របស់​បងប្អូន​ជន ជាតិ​ព្នង​ដែរ ព្រោះថា​ជនជាតិដើម​បានចាត់ទុក​ដើមឈើ​ធំៗ បូករួម​និង​ដើមរ​ការ​នេះ ជា​ប្រភេទ​រុក្ខជាតិ ដែលមាន បារមី​អ​រុក្ខ​អារក្ស​អ្នកតា ឬ​ជាទី​ស្នាក់អាស្រ័យ​របស់​ខ្មោច​ព្រាយ​បិសាច​ជាដើម​។​ការកាប់​ផ្តួល ហើយ​មិន​បានធ្វើ​ពិធី​លេស​លៀង​ឬ​ពិធីសែនព្រេន សូម​ខមាទោស ពី​ពពួក​អ្នក​ទាំងនោះ នោះទេ រឿងរ៉ាវ មួយចំនួន​ដែល​យើង​មិនបាន​មើលឃើញ អាច​និង​កើតមានឡើង​ឆាប់ៗ​ឬ​យូរ​បន្តិច ជាក់ស្តែង​គឺ​ករណី ខាងលើ​នោះ​។​

​អ្នកស្រី​មេឃុំ​ដដែល​បន្តថា បញ្ហា​ប្រពៃណី​របស់​ជនជាតិ​ព្នង​សព្វថ្ងៃ​នៅតែមាន​ការគោរព យ៉ាង​ខ្ជាប់ខ្ជួន ពោលគឺ​ក្រោយ​ការស្លាប់​របស់​ប្តី​ប្រពន្ធ​ខាងលើ និង​មានការ​រៀបចំ​ពិធីសែនព្រេន ដោយ មាន ការសម្លាប់​ជ្រូក មាន់​ស​ខ្មៅ ឆ្កែ ឬ​សត្វពាហណៈ​ផ្សេងៗ​បូករួម​និង​ស្រា​ពាង ក្នុង​រយៈពេល​នៃ​ការ ស្លាប់ រយៈពេល​០៧​ថ្ងៃ​។​អ្នកស្រី​បញ្ជាក់ថា បើ​មិនមាន​ការអនុវត្ត​ន៍តា​ម​ប្រពៃណី​នោះទេ កូនៗ​របស់គេ ទាំងបី អាច​និង​មានការ​បណ្តេញ​ចេញពី​ភូមិ លុះត្រា​ទាល់តែ​មានការ​សែនព្រេន​សូម​សេចក្តីសុខ​ឡើង វិញ​។​

ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី​លោក​សី ទួ​ច បានចាត់ទុក​ការសម្លាប់​ប្រពន្ធ រួច​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ជា​អត្ត​ច​រិ​ក​របស់​បុគ្គល​។​លោ​កថា​ន័យ​បែបនេះ ព្រោះថា ផ្អែក​តាម​ឯក សារ​របស់​ជនជាតិ​ដើម​គឺ​មិនបាន​បញ្ជាក់ថា បើ​សម្លាប់​គេ​ហើយ ត្រូវតែ​សម្លាប់​ខ្លួនឯង​វិញ​នោះ​គឺ ពុំមាន ការកត់ត្រា​ចំណុច​នេះ​។​ប្រធាន​មន្ទីរ​ដដែល​បន្តថា រឿង​ដើមឈើ​ធំ​មាន​បារមី​ឬ​ខ្មោច​ព្រាយ​បិសាច​រស់នៅ នោះ មិនថាតែ​ជនជាតិដើម​នោះទេ​ដែលមាន​ជំនឿរ សូម្បីតែ​បងប្អូន​ខ្មែរ​យើង​ក៏​ជឿរ​ជាក់​ខ្លាំង​ណាស់ដែរ ជា​ឧទាហរណ៍​ដើម​ពោ​ធ៍ នោះ​ជាដើម​។​ហើយ​ការ​សែនព្រេន របស់​ជនជាតិដើម​លោក​ប្រធាន ក៏មាន​ប្រ សាសន៍​ដូច​អ្នកស្រី​មេឃុំ​ផងដែរ​។​

គួររំលឹកថា ករណី​ឃាតកម្ម​មួយ​បាន​បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​ពី​នាក់​ដេកស្លាប់​ទន្ទឹមគ្នា​ក្នុង​ថ្លុកឈាម ក្រោម​ដើម ស្អំ​ក្បែរ​ផ្ទះ ដោយបាន​កើតហេតុ​កាលពី​ថ្ងៃទី​៧​ខែមេសា ក្នុងភូមិ​ពូ​ហ្យា​ម ឃុំ​សែន មនោ​រម្យ ស្រុក​អូររាំង​ខេត្ត​មណ្ឌលគិរី​។​ករណីនេះ​អធិការនគរបាល​ស្រុក​អូររាំង​លោក​ប៊ូ ប៊ុន​ឈា​ត បាន​សន្ម​ត់​ថា ជា​ករណី​ឃាតកម្ម​ប្តី​សម្លាប់​ប្រពន្ធ មិនមាន​ឃាតករ​ផ្សេង​ក្រៅ​អំពី​ប្តី​នោះទេ ដោយ​ផ្អែក ទៅលើ​ភស្តុតាង ជាក់ស្តែង និង​ការ​ឲ្យ​ដឹង​ពី​សំណាក់​កូនស្រី​ជនរងគ្រោះ​។​លោក​បន្តថា ជនដៃដល់ ឈ្មោះ​ង្រើ​ម វីន អាយុ​៤៣​ឆ្នាំ ក្នុងនោះ​ជនរងគ្រោះ​ឈ្មោះ​ក្លើ​យ សុ​កេ អាយុ​៤០​ឆ្នាំ​មានកូន​បីនាក់ សុទ្ធ តែ​ស្រី​។​សាកសព ប្តី​ប្រពន្ធ​ខាងលើ អ្នកភូមិ​បានអនុញ្ញាត​ឲ្យ​កប់ លើ​ភូមិ​របស់​ពូកគេ​កាលពី នៅរស់ រាន​មានជីវិត​៕​មន​