ជំនឿ​នៃ​ការ​លាបំណន់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​

1848
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ការប្រកាន់​ខ្ជាប់​នូវ​ពាក្យ​សច្ចៈ គឺ​សំខាន់​ណាស់​ចំពោះ​មនុស្ស ដើម្បី​រឹតចំណង​មិត្តភាព ទំនាក់​ទង ទំនុកចិត្ត ទំនួល​ខុសត្រូវ តម្លៃ​នៃ​មនុស្ស និង​ការគោរព​ពី​អ្នកដទៃ នាំឱ្យ​ជីវិត​រីកចម្រើន ទទួលបាន​ផល​លាភ​ក្នុង​ការងារ និង​ជំនួញ​ជួញប្រែ​ផ្សេងៗ​។

​ពាក្យ​សច្ចៈ​នេះ មនុស្ស​ក៏​ប្រកាន់​ភ្ជាប់​ជាមួយនឹង​ទេព​ផងដែរ ចំពោះ​ការសុំ​ពឹង​ពរ​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ឱ្យ​កើត​ដល់​ខ្លួន ទើប​ជារឿយៗ​យើង​តែង​ប្រទះឃើញ​មនុស្ស​ជាច្រើន​មក​លាបំណន់​នៅ​ទីកន្លែង​ស័ក្តិសិទ្ធិ ឬ​ទីណា​មួយ​ដែល​ខ្លួន​បាន​បន់ស្រន់ ពិសេស​នៅ​តំបន់​អង្គរ​។ ការ​លាបំណន់ គឺធ្វើឡើង​ដើម្បី​លាង​មាត់​លា​ងក លាង​ពាក្យសម្តី​ដែល​ខ្លួន​បាន​ជាប់ជំពាក់ បើ​បានសម្រេច​គេ​នឹង​ជូន​នេះ ជូន​នោះ​តាម​ការសន្យា ព្រោះ​ការខុស​នូវ​ខុស​បំណន់​នឹងធ្វើ​ឱ្យ​ជន​នោះ​វិនាស​អន្តរាយ​។​

​បើទោះបី​ស្រុកទេស​មានការ​រីកចម្រើន​ជឿនលឿន​ស្ទើរ​គ្រប់​វិស័យ មនុស្ស​ជឿជាក់​ទៅលើ​វិទ្យាសាស្ត្រ និង​ការប្រឹងប្រែង​ទើប​សម្រេច​ផល​ក៏ដោយ ក៏​អ​បិ​យ​ជំនឿ​លើ​កម្លាំង​ក្រៅ​ខ្លួន​និង​ទី​ស័ក្តិសិទ្ធិ នៅតែមាន​ភាព​សំខាន់​មុតមាំ​ក្នុង​ផ្នត់គំនិត​មនុស្ស​ខ្មែរ ក្នុង​យុគសម័យ​ទំនើប​នេះ​។ ពិសេស គឺ​ការ​បន់ស្រន់​ដើម្បី​សុំឱ្យ​សម្រេច​បំណង ហើយ​មក​លាបំណន់​ខ្លួន​វិញ​ពេល​ទទួលបាន​ជោគជ័យ ក៏​នៅតែមាន​ឥទ្ធិពល​ក្នុង​ជីវិត​មនុស្ស​ខ្មែរ​។​

​លោក ភួង សុ​ផេង អ្នកភូមិ​សូទ្រនិគម ខេត្តសៀមរាប បាន​ប្រារព្ធ​ពិធី​លាបំណន់​ដោយមាន​សំណែន​មាន់ ជ្រូក ម្ហូបអាហារ បង្អែម​ច​ង្អា​ប សុរា ផ្លែឈើ គ្រឿង​រណ្តាប់​បូជា វង់ភ្លេង និង​អ្នក​ស្នង​រូប ដើម្បី​លេងភ្លេង​ថ្វាយ​ដល់​លោកតា​ពេ​ជ​ដែល​ស្ថិតក្នុង​ប្រាសាទអង្គរវត្ត ដើម្បី​លាង​នូវ​ពាក្យ​ដែល​ខ្លួន​បាន​បន់ស្រន់​ថា​ថ្វាយ​ភ្លេង​ពេល​ខ្លួន​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​។​

​លោក​បានឱ្យដឹងថា លោក​មានការ​ប្រកាន់​ភ្ជាប់​ទាំង​វិទ្យាសាស្ត្រ​និង​ជំនឿ ពិសេស​គឺ​ការ​បន់ស្រន់​ដើម្បីឱ្យ​វត្ថុ​ស័ក្តិសិទ្ធិ​ជួយ​ថែរក្សា ឃុំគ្រង និង​ជួយ​ឱ្យ​ការលក់ដូរ​ដីធ្លី​ដាច់​។ ការ​មក​លាបំណន់​នេះ គឺ​មក​បំពេញ​តាម​ការសន្យា ដើម្បី​កុំឱ្យ​ខុសមាត់ខុសក ព្រោះ​អ្វីដែល​បាន​សុំ​ក៏បាន​សម្រេច​។

​លោក​បន្តថា «​សម្រាប់​ខ្ញុំ​នៅតែមាន​ជំនឿ​មុតមាំ​លើ​ជំនឿ​ក្រៅ​ខ្លួន បើទោះបី​វិទ្យាសាស្ត្រ​រីកចម្រើន​ក្តី ព្រោះ​វា​ធ្វើឱ្យ​ខ្លួន​ខ្ញុំ​ហាក់​មាន​ឥទ្ធិពល​រាល់ពេល​ធ្វើ​កិច្ចការ​អ្វីមួយ​និង​ទំនាក់ទំនង​ប្រកបដោយ​ទំនុកចិត្ត ពិសេស​គឺ​ការ​បន់ស្រន់​នឹង​តែម្តង​!»៕ ល​