ជំនឿ​ប្រជាជន​ចិន ចំពោះ​ដើម​អង្គាសីល ក្នុង​គេហដ្ឋាន​

803
ចែករម្លែក
  • 8
    Shares

ដោយៈ មេសា​/ ​ភ្នំពេញៈ អំឡុងពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ប្រជាជន​ចិន ទីទៃ​អំពី​ក្រដាស​ជូនពរ​ឆ្នាំ​ថ្មី និង គោម​ក្រហម កណ្តឹង​ពណ៌​មាស បន្តោង​ក្រហម​ទៅ ប្រជាជន​ចិន ក៏​ដូ​ជា អ្នក​ជាប់សែស្រឡាយ​ចិន និយម​លម្អ ដោយ​រុក្ខជាតិ​មួយចំនួន ដូចជា ដើម​សេ​ដា ដើម​ស្បៃរឿង ដើម​ក្រូចឃ្វិច និង​ដើម​អង្គាសីល​ជាដើម ។

​ជំនឿ​ប្រជាជន​ចិន ចំពោះ​ដើម​អង្គាសីល ក្នុង​គេហដ្ឋាន​

​ដើម​អង្គាសីល ភាសា​ចិន​ថា ម៉ី ហ័​រ ហ្ស៊ុ នៅ​តំបន់​ខ្លះ នៃ​ប្រទេស​កម្ពុជា ហៅថា អង្គាលឿង ។ ប្រជាជន​ចិន ក៏ដូចជា អ្នក​កាត់​ចិន ដាក់តាំង​ដើម​អង្គាសីល ក្នុង​គេហដ្ឋាន នា​អំឡុង​បុណ្យចូលឆ្នាំថ្មី របស់​ពួកគេ ដោយ​មូលហេតុ យ៉ាងហោចណាស់ ៣ ករណី ក្នុងនោះ ជំនឿ​ដែលមាន​ប្រជាប្រិយ ជាងគេ​គឺ ជំនឿ​ថា អង្គាសីល ដែល​តាំង​ក្នុងផ្ទះ រីក​ចំ​ថ្ងៃ​ចូលឆ្នាំថ្មី ជា​ប្រផ្នូល​ថា ពេញ​មួយឆ្នាំ​ថ្មី​នេះ ពួកគេ​នឹងមាន​ជោគជតារាសី ថ្កុំថ្កើង រក​ទទួលទាន​មានបាន ទ្រព្យសម្បត្តិ ប្រាក់កាស កាក់កប រីក​ស្គុះស្គាយ ពណ្ណរាយ​រុងរឿង ដូចជា ផ្កា​អង្គាសីល​នោះដែរ ។ នេះ​ជា​មូលហេតុ​ទីមួយ​។​

​ប៉ុន្តែ​ពេល​សួររក អំណះអំណាង​ហេតុផល ឬ ប្រភព នៃ​ជំនឿ​ខាងលើនេះ អ្នកស្រី ហ៊ុយ គឹម​លាង រស់នៅ​ខេត្តកំពត បាន​អះអាងថា អ្នកស្រី ធ្លាប់​កត់ចំណាំ​មើល ប៉ុន្មាន​ចុងក្រោយ​មកនេះ ឃើញថា មាន​ប្រសិទ្ធភាព ដូច្នោះ​មែន ហើយ​ថា បើ​ឆ្នាំ​ណា អង្គាសីល រីក​ក្រោយ​ថ្ងៃ​ចូលឆ្នាំ (​ចិន​) ទេនោះ គ្រួសារ​របស់​អ្នកស្រី ហាក់​មានការ​ពិបាក ក្នុង​ការរក​លុយកាក់ ហើយ​បើ​រក​បានមក ក៏​ទុក​មិន​គង់ ព្រោះ​ត្រូវ​ចំណាយ ដោយសារ​គ្រួសារ មាន​បញ្ហា​ជា​បន្តបន្ទាប់ មិនចេះ​អស់ មិនចេះហើយ ។​

​ផ្ទុយ​ពីនេះ​ស្រឡះ អ្នកស្រី ជីវ ម៉េង​ឡាយ ដែល​កុង និង ម៉ា (​យាយ តា ) របស់គាត់ ស្ទើរតែ​មិនចេះ និយាយ​ភាសា​ខ្មែរ ផង​នោះ បាន​បោះបង់ចោល ការដាក់​តាំង​ដើម​អង្គាសីល នៅក្នុង​ផ្ទះ​ប្រាំ​ឆ្នាំ​ហើយ ។ ស្រី្ត​វ័យ ៣៨ ឆ្នាំ​រូបនេះ បានឱ្យដឹងថា “ ខ្ញុំ​មិន​ចង់​ចំណាយលុយ ឥតប្រយោជន៍ ខ្ញុំ​ចំណាំ​មើល តាំងពីក្មេង​មក ឃើញថា បើទោះជា​ផ្កា​អង្គាសីល រីក ឬ មិន​រីក នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន ក៏​មិនឃើញ​មាន​អ្វី​កាក់កប ឬ អន់ថយ ជាង​ធម្មតា​ដែរ “​។​

​ក្បោះក្បាយ​ជាង​នេះ លោក អ៊ូ ង៉ូ​វ ដែលមាន​ឈាមជ័រ ជា​ចិន​សុទ្ធសាធ រស់នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង បាន​និយាយ ទាំង​មិន​អើពើ​ថា “ ទិញ​ដើម​អង្គាសីល ជាការ​ចំណាយលុយ ឥតប្រយោជន៍ ថែមទាំង​ធ្វើឱ្យ​ក្នុងផ្ទះ មាន​សំរាម​ច្រើនតែ​ប៉ុណ្ណោះ ។ បើ​សែន ខ្ញុំ​មិនដែល​ខាន​ទេ ព្រោះ​សែន​ហើយ យើង​អាច​យកមក​ហូប​វិញ​បាន “ ។​

​ស្ត្រី​កាត់​ចិន គង់ ហ្កិ​ច​លីម អាជីវករ លក់​សៀវភៅ នៅ​ផ្សារ​អូរឫស្សី ដែល​បាន​អះអាងថា បាន​ទិញ​រុក្ខជាតិ​ភ្នំ មួយ​ប្រភេទ​នេះ អស់​រយៈ ១២ ឆ្នាំ មកហើយ បាន​អះអាងថា ផ្កា​អង្គាសីល មិន​ទាក់ទង ដល់​មុខរបរ​របស់​អ្នកស្រី​ទេ ។​

​ចំណែក​លោក ស្រ៊ុន គង់​ហេង ដែល​កំពុងត​ថ្លៃដើម​អង្គាសីល នៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ ៦ A បាន​ឆ្លើយ​ទាំង​អេះ​អុញ​ថា ” ខ្ញុំ​មិនដឹង​យ៉ាងម៉េច​ដែរ ! ធ្លាប់​ឃើញ​គ្រួសារ និង​អ្នកដទៃ ដាក់តាំង ថា​រកស៊ី​មានបាន ក៏​ដាក់តាំង​នឹង​គេ​ទៅ ! ” ។​

​ចំណែក​អ្នកស្រី ជួ គឹម​ឡេង អាជីវករ នៅ​ផ្សារ​ច្បារអំពៅ បាន​អះអាងថា ” រកស៊ី​មានបាន ដោយសារ​ផ្កា​អង្គាសីល ឬ យ៉ាងណា​នោះ ខ្ញុំ​មិន​ប្រាកដ​ទេ ហើយក៏​មិនសូវ​ចាប់អារម្មណ៍​ដែរ ប៉ុន្តែ​គ្រប់គ្នា ក្នុង​គ្រួសារ​ខ្ញុំ ជាពិសេស​កូនៗ ពេល​ឃើញ​ផ្កា​អង្គាសីល រីក​នៅក្នុង​ផ្ទះ ពួកគេ​រីករាយ​ណាស់​។ លុះ​ពេល​ផ្កា​អង្គាសីល រុះ​រោយ នៅលើ​កម្រាល​ឥដ្ឋ ក្នុងផ្ទះ កូនៗ​របស់ខ្ញុំ ក៏​នៅតែ​ចូលចិត្ត​មើល ហើយ​មិន​ងាយ បោស​វា​ចោល​ឡើយ គឺ​ទុក​មើល​រហូត​ស្វិត​អស់​” ។

​អ្នកស្រី ផូ គឹម​សាយ នៅ​អូឡាំពិក បាន​លើកឡើងថា ” ធ្លាប់តែ​ដាក់តាំង​រាល់​ឆ្នាំ បើ​មិន​ដាក់តាំង មាន​អារម្មណ៍​ថា ដូចជា​ខ្វះ​អ្វី​ម្យ៉ាង ដ៏​សំខាន់ ធ្វើឱ្យ​ខ្ញុំ​មិន​ស្ងប់ចិត្ត​សោះ ! ” ។ នេះ​គឺជា​មូលហេតុ​ទី​ពីរ​។​

​អត្ថន័យ​ទី​បី ដែល​បង្កប់​នៅ​ពីក្រោយ ការដាក់​តាំង​ដើម​អង្គាសីល គឺ​ប្រជាជន​ចិន បាន​ប្រៀបប្រដូច ដើម​អង្គាសីល ទៅនឹង​វីរជន របស់​ពួកគេ ។​
​នៅ​ប្រទេស​ចិន ដែលជា​ប្រភព នៃ​ជំនឿ​លើ​ផ្កា​អង្គាសីល​នោះ នៅ​អំឡុង​ខែមករា ឬ​ខែកុម្ភៈ ដែល​ចំពេល​បុណ្យចូលឆ្នាំថ្មី​នោះ សីតុណ្ហភាព ត្រជាក់​ធ្លាក់​ដល់​ក្រោម​សូន្យ​អង្សា ។ ទឹកស្ទឹង បឹងបួ ក្លាយជា​ទឹកកក គិរី​បុព្វ​តា ក្រាល​គ្រប​ពោរ​ពាស ដោយ​កំណក និង​គំនរ​ព្រឹល ។ រុក្ខជាតិ​ទាំងឡាយ រង្គោះ​ជ្រុះ​ស្លឹក សល់​តែ​មែក និង ដើម​ននលគក ឈរ​ឆ្កឹង​រឹងខ្លួន យ៉ាង​រងា គួរ​ស្រងេះស្រងោច កណ្តោចកណ្តែង ។​

​មិន​ដូច​រុក​ជាតិ ទាំងឡាយ​ឡើយ ដើម្បី​អង្គាសីល បែរជា​ចេញ​ផ្កា​រីក​ស្គុះស្គាយ ពណ្ណរាយ​ពាសពេញ​ព្រៃភ្នំ បង្អួត​អាកាសធាតុ ដ៏​ត្រជាក់​ស្រេ​ប​នេះ​ទៅវិញ ពោលគឺ​ផ្កា​អង្គាសីល​មិន​ខ្លាច ឬ មិន​ចាញ់​អាកាសធាតុ​ត្រជាក់​ឡើយ ។ ចំណុច​នេះហើយ ធ្វើឱ្យ​ប្រជាជន​ចិន ដែលជា​អ្នក​ជាតិនិយម​ខ្លះ នឹកឃើញ​វីរជន ជា​បុព្វបុរស​របស់គេ ធ្លាប់បាន​ទ្រាំ​រស់នៅ ក្រោម​អាកាសធាតុ​ដ៏​ត្រជាក់ ដោយ​អង់អាច​ក្លាហាន​ឥត​រួញរា ដើម្បី​ធ្វើសង្គ្រាម​ការពា ប្រទេសជាតិ ពី​ការឈ្លានពាន នៃ​ពួក​បច្ចាមិត្ត ហើយ​ជា​លទ្ធផល បាន​បន្សល់ទុក​នូវ ទឹកដី​ប្រទេស​ចិន ដ៏​មាន​វិ​សាលា​ភាព លាតសន្ធឹង​ធំ​ល្វឹងល្វើយ មាន​សមត្ថភាព ចិញ្ចឹម​ប្រជាជន​ចិន ជាង​មួយ​ពាន់​លាន​នាក់ បាន​ដោយ​សុខសាន្ត រហូតមកដល់​សព្វថ្ងៃ ។​

​ជាការ​ដឹងគុណ និង​រំឭក​ដល់​បុព្វបុរស​ទាំងនោះ ក៏ដូចជា ដើម្បី​ក្រើនរំឭក ស្មារតី​អនុ​ជន (​ជន​ជំនាន់​ក្រោយ​) ទើប​ប្រជាជន​ចិន បានជ្រើសរើស​យក ដើម​អង្គាសីល មក​ដាក់តាំង​ក្នុងផ្ទះ ដោយ​ប្រដូច​ដើម​អង្គាសីល ទៅនឹង​បុព្វបុរស​របស់​ពួកគេ ។

​អត្ថន័យ​ទី​បួន គឺ​ដូនតា​ចិន ចង់​បង្រៀន ដាស់តឿន កូនចៅ​របស់ខ្លួន ឱ្យ​កុំ​ខ្ជិលច្រអូស កុំ​ខ្លាច​រងា ឬ​ក្តៅ​ឡើយ គឺ​ធ្វើខ្លួន​ឱ្យ​ដូចដើម​អង្គាសីល ដូច្នោះ​ដែរ ដ្បិត​ដើម​អង្គាសីល ក្រៅតែពី​ស្រោច​ទឹក ដើម្បី​ឱ្យបាន​ផ្កា​រីក ទៅ គេ​ក៏​ដាំទឹក​ក្តៅ ចាក់​ស្រោច​ផងដែរ ដែល​ប្រការនេះ បើជា​រុក្ខជាតិ​ដទៃ​វិញ​នោះ មុខជា​ស្លោក ឬ​ងាប់​មិន​ខាន ។
​ចំណែក​អង្គាសីល មិន​ដូច្នេះ​ឡើយ បែរជា​រីក​ផ្កា យ៉ាង​ស្រស់បំព្រង​ទៅវិញ ពោលគឺ​អង្គាសីល មិន​ខ្លាច​ត្រជាក់ ទាំង​មិន​ខ្លាច​ក្តៅ ។ ដូច្នេះ​កុងម៉ា​ចិន ចង់​ប្រដៅ​កូនចៅ​របស់ខ្លួន ឱ្យធ្វើ​ខ្លួន​ឱ្យ​ដូចដើម​អង្គាសីល ដ៏​ជាទី​ស្រឡាញ់ ពេញ​ប្រាថ្នា នៃ មនុស្ស​ទាំងឡាយ ។​