ជំនឿ​ប្រពៃណី​សែន​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​

269
ចែករម្លែក

ដោយៈ មេសា / ភ្នំពេញៈ តាម​ការសិក្សា​ស្រាវជ្រាវ យើង​បានដឹងថា ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​របស់​ជន​ជាតិ ចិន កាលពី​បុរាណ គេ​ធ្វើ​រយៈពេល ១ សប្តាហ៍ ហើយ​អាច​ដល់​ទៅ ២ សប្តាហ៍​ក៏មាន អាស្រ័យ​លើក​ត្តា​អំ​ណោ​យផល នៃ​តំបន់ និង​សេដ្ឋកិច្ច​។ ប៉ុន្តែ​បច្ចុប្បន្ន​ជាទូទៅ​គេ​ធ្វើ​ត្រឹមតែ ៣ ថ្ងៃ​ប៉ុណ្ណោះ ​ដែល​ភាគច្រើន​មកពី​មនុស្ស​មមាញឹក​នឹង​ការងារ​ផង កត្តា​ជីវភាព​ផង ។​

​គួររំឭកថា ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន រមែង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​មិន​ទៀងទាត់​ឡើយ បើ​ធៀប​ទៅនឹង​ប្រតិទិន ហ្គ្រេ​ហ្កូ​រាន ដែលជា​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ននេះ​។ ទោះ​យ៉ាង​ពិធីបុណ្យ​ប្រពៃណី ចិន ដ៏​សំខាន់បំផុត​មួយ​នេះ រមែង​កើតឡើង​ពី​ចន្លោះ​ថ្ងៃទី​២០ ខែមករា ដល់​ថ្ងៃទី​២០ ខែកុម្ភៈ នៃ​ឆ្នាំ​នីមួយៗ អាស្រ័យ​លើ​ឆ្នាំ​លើក ឬ មិន​លើក​។ សម្រាប់​ឆ្នាំ​២០២០​នេះ ថ្ងៃទី​២៤ ខែមករា គឺជា​ថ្ងៃ​សែន​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី ហើយ​ថ្ងៃ​ចូលឆ្នាំថ្មី​គឺ​ចំ​លើ​ថ្ងៃទី ២៥ , ២៦ និង ទី​៧ ខែមករា​។​

​អត្ថបទ​នេះ​មានបំណង​រៀបរាប់​អំពី​កិច្ចការ និង​ជំនឿ​ខ្លះៗ​ដែល​ប្រជាជន ចិន និយម​ចូលចិត្ត​ធ្វើ និង ជឿ នៅក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​របស់​ពួកគេ និង ជឿ​លើ​ជោគ​ជាតា​រាសី នៃ ជីវិត​របស់​ពួកគេ​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ គឺ​ចាប់​ពីថ្ងៃ​ចូលឆ្នាំថ្មី​រហូតដល់​ដាច់​ឆ្នាំ​។​

​ថ្ងៃទី ១ ភាសា​ចិន​ហៅថា ឈី​វ​អិ​ច ( ទាជីវ ) ឬ ឆ​យ៉ា​ត់ ( កា​តាំង ) បានសេចក្តីថា “ ថ្ងៃ​ចូលឆ្នាំ​ទី ១ “ ឬ “ ថ្ងៃ ១ កើត ខែ ១ “ ( តាម​ប្រតិទិន​ចិន ) ។​
​នៅ​ថ្ងៃ ឈី​វ​អិ​ច ឬ ឆ​យ៉ា​ត់ នេះ​ជនជាតិ ចិន រៀបចំ​សែនព្រេន​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង សែនព្រេន​ថ្វាយបង្គំ​កុងម៉ា ( ដូនតា ) ។ ថ្ងៃនេះ​ពួកគេ​មិន​ធ្វើដំណើរ​ទៅកាន់​ទីណា​ឡើយ គឺ​ពួកគេ​នៅតែ​ក្នុងផ្ទះ និង ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ប្រពៃណី​ទំនៀមទម្លាប់​របស់​ពួកគេ​ប៉ុណ្ណោះ ។ ពិធីសែនព្រេន​នៅ​ថ្ងៃទី​មួយ​នេះ គឺ ដើម្បី បួងសួង​សុំ​ទេវតា​ឆ្នាំ​ថ្មី និង កុងម៉ា បើក​ពន្លឺ និង ថែរក្សា​ការពារ​ពួកគេ​ឱ្យទទួល​បាន​ក្តី​សុខ ចម្រុងចម្រើន ។​
​ថ្ងៃទី ២ ភាសា​ចិន ហៅថា សៀវ​យី (​ទាជីវ ) ឬ ឆ​យី ( កា​តាំង ) បានសេចក្តីថា “ ថ្ងៃ​ចូលឆ្នាំ​ទី​ពីរ “ ឬ “ ថ្ងៃ ២ កើត​ខែ​មួយ ( តាម​ប្រតិទិន​ចិន ) ជា​ថ្ងៃ​សែន​ម្ចាស់​ទឹក​ម្ចាស់​ដី និង ជំនាងផ្ទះ ដើម្បី បួងសួង​សុំ​ក្តី​សុខ​ចម្រើន​រុងរឿង ទាំង​ក្នុង​គ្រួសារ និង ពេលធ្វើ​ដំណើរ​ទៅ​ទីណាៗ​ប្រកបមុខរបរ​ការ​ងារ​គ្រប់យ៉ាង ។

​ថ្ងៃ​សៀវ​យី ឬ ឆ​យី នេះ​បន្ទាប់ពី​រៀបចំ​សែនព្រេន​រួច ពួកគេ​អាចធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ទី​នានា ឬ ផ្ទះសំបែង​សាច់ញាតិ និង មិត្ត​នៅ​ទីជិត​ឆ្ងាយ​តាម​សមគួរ ។​
​ការ​ទៅ​កម្សាន្ត​ផ្ទះ​សាច់ញាតិ​នេះ ជនជាតិ ចិន ចូលចិត្ត​រៀបចំ​លុយកាក់​តិច​ឬ ច្រើន ដាក់​ក្នុង​កញ្ចប់​ពណ៌​ក្រហម ឬ អាំង​ប៉ាវ សម្រាប់​ចែកជូន​កូនក្មួយ​ជា​តំណាង​ជោគ និង លាភ ធ្វើការ ឬ រក​ទទួលទាន​មានបាន ។
​ចំពោះ​ម្ចាស់​អាជីវកម្ម ឬ ចៅហ្វាយនាយ​ក៏​តែងតែ​ចែក​អំណោយ​ជា​នំចំណី ឬ លុយកាក់ ដល់​បុគ្គលិក​របស់​ពួកគេ ជាការ​លើកទឹកចិត្ត​ផង ជាការ​អរគុណ​ផង និង ជា​សញ្ញា​ថា​ពួកគេ​នឹងមាន​លុយកាក់​សម្បូរ​សប្បាយ​ផង ។ លុយកាក់​ក្នុង​ប្រភេទ​នេះ​គេ​ហៅថា តែ​អៀ បានសេចក្តីថា លុយកាក់​ដែលជា​អំណោយ​ពិសេស ឬ ទីទៃ​ពី​ប្រាក់ខែ ឬ ប្រាក់​ឈ្នួល ដែល​ពួកគេ​ត្រូវ​ទទួល​បានជា​ប្រក្រតី ។​
​ការ​សែនព្រេន រយៈពេល ២ ថ្ងៃនេះ ពុំ​មានការ​កំណត់ថា ត្រូវតែ​ដាក់​អ្វី​ជា​សំណែន​ទេ គឺ​គេ​អាចធ្វើ​តាម​សមគួរ និង លទ្ធភាព ។ ទោះយ៉ាងណា ជនជាតិ ចិន ពេញនិយម​សែនព្រេន​ដោយ​ប្រើ​ជ្រូក​ខ្វៃ ទាខ្វៃ និង ផ្លែឈើ នំ ចំណី យ៉ាង​សម្រិតសម្រាំង​មួយអន្លើ​ដោយ​ការដុត​ក្រដាស​មាស ក្រដាសប្រាក់ ( មាន​ភស្តុតាង​ច្រើន​ទៅៗ​ថា ជនជាតិ ចិន នៅ​លើក​ទឹកដី ចិន លែង​សូវ​មាន​ជំនឿ​លើ​ការដុត​ក្រដាស​មាស ក្រដាសប្រាក់​នេះហើយ ) ។​

ផ្សង​ជោគជតារាសី​តាមរយៈ​ការ​សែន​មាន់ស្ងោរ​
​ថ្ងៃទី ៣ ភាសា​ចិន​ហៅថា សៀវ​សា បានសេចក្តីថា ថ្ងៃ​ចូលឆ្នាំ​ទី​បី ឬ ថ្ងៃ​បី​កើត ខែ មួយ ( តាម​ប្រតិទិន​ចិន ) ។ ថ្ងៃនេះ ជនជាតិ ចិន ក្រោក​ពី​ព្រលឹម​ទៅ​ទិញ​មាន់​មួយ​ក្បាល​ដែល​ត្រូវតែ​ជាមាន់​ជើង​ពណ៌​លឿង គឺ​មិនមែន​ជាមាន់​ជើង​ពណ៌​ខ្មៅ​ឡើយ យកមក​ស្ងោរ​ឱ្យ​ឆ្អិន​ល្មម​ដើម្បី​សែន​ឱ្យបាន​មុន​អរុណរះ ។ ពិធី​សែន​នៅ​ថ្ងៃទី ៣ នេះ ហៅថា សែន​បើកភ្នែក​គ្រួសារ ឬ បើក​សិរី​សួស្តី​ក្នុង​គ្រួសារ ។​
​ការ​សែន​មាន់​គ្រានេះ​សំខាន់​នៅត្រង់​ម្រាម ឬ ក្រញាំ​ជើងមាន់​ស្ងោរ​នេះឯង​សម្រាប់​ព្យាករណ៍​ជោគ​ជាតា​រាសី​របស់​គ្រួសារ​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​ថ្មី​នេះ ។ ប្រសិនបើ​ម្រាម ឬ ក្រញាំ​ជើងមាន់​ស្ងោរ​នេះ លា​ចេញ​ក្រៅ គេ​ជឿ​ង​ថា​ក្នុងឆ្នាំនេះ​គ្រួសារ​របស់​ពួកគេ​ពុំ​សូវ​មាន​ក្តី​សុខ ពុំ​សូវ​មាន​លាភ​ហូរ​ចូល គឺ​មានតែ​ទ្រព្យសម្បត្តិ​លុយកាក់​ហូរ​ចេញ ឬ ថាបើ​ទោះជា​រកលុយ​កាក់​បាន ក៏​រក្សាទុក​មិន​គង់ ព្រោះ​ត្រូវ​ចំណាយ​ទៅវិញ​ដោយសារ​គ្រួសារ​មាន​បញ្ហា​ច្រើន ។ ផ្ទុយទៅវិញ ប្រសិនបើ​ម្រាម ឬ ក្រញាំ​ជើងមាន​ស់​ស្ងោរ​នោះ​កួច​ចូលក្នុង គេ​ជឿថា​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​នេះ គ្រួសារ​របស់​ពួកគេ​នឹងមាន​ជោគ​លាភ មាន​ទ្រព្យធន លុយកាក់​ហូរ​ចូល​ច្រើនៗ ។
​មិនតែប៉ុណ្ណោះ​អ្នកខ្លះ​សែន​ក្នុងឱកាស​នេះ​ត្រូវ​សម្រិតសម្រាំង​យកតែ​មាន់គក ដើម្បីឱ្យ​អ្នក​សែន​នោះ​មាន​កម្លាំង​ខ្លាំងក្លា មាន​ឬ​ក​ពា​ហំហែង​ហានក្លា​ទៅណា​មក​ណា​តែងតែ​ជោគជ័យ​ខ្ពស់​មុខ​ខ្ពស់​មាត់​ជាង​គេឯង ដូចជា​មាន់គក ហំ​ហាន​ជាងគេ​ដូច្នេះ​ដែរ ។​

​ប្រសិទ្ធភាព​ជំនឿ​សែន​មាន់ស្ងោរ​
​ប្រសិទ្ធភាព នៃ ការព្យាករណ៍​ជោគ​ជាតា​រាសី​តាមរយៈ​ក្រញាំ ឬ ម្រាមជើង​មាន់ស្ងោរ​ដូចដែល​បានលើកឡើង​ខាងដើម​នេះ បើទោះជា​ពួកគេ​មិនសូវ​មានជំនឿថា​មាន​ប្រសិទ្ធ​ក្តី ក៏​ជនជាតិ ចិ ន​នៅតែ​ធ្វើ ហើយក៏​កម្រ​មាន​ជនជាតិ​ចិន ឬ ជន​ជាប់​ស្រ​ឡាយ​ចិន ណា​ហ៊ាន​បដិសេធ​ដោយ​ចេញមុខ​ណាស់ ។​
​ក៏មាន​មនុស្ស​មួយចំនួន​បាន​អោយដឹងពី​ការ​កត់ចំណាំ​របស់​ពួកគេ​ថា ការព្យាករណ៍​បែបនេះ​គ្មាន​ប្រសិទ្ធភាព​ដែរ ។ បុរស​ម្នាក់​នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង ឈ្មោះ ឈុន គឹម​ស្រ៊ាង បាន​និយាយថា “ បើទោះជា​ក្រញាំ​ជើងមាន់​ស្ងោរ​នោះ​លា​ចេញ​ក្តី កួច​ចូល​ក្តី បើ​យើង​មិន​ខំប្រឹងប្រែង​រកស៊ី​ធ្វើការ​ដោយ​ខ្លួនឯង​ទេ គឺ​មុខជា អ៊ុយ​-​ឡ​ត់ (​អត់លុយ​) ! “ ។​
​ជនជាតិ ចិន ឬ ជន​ជាប់​ស្រ​ឡាយ​ចិន​ខ្លះ​បាន​និយាយ​ដោយ​ឥត​លាក់លៀម​ថា ពួកគាត់​សែនព្រេន មិនមែន​សំដៅលើ​ជំនឿ​ដូចដែល​បាន​រៀបរាប់​មកនេះ​ទេ ប៉ុន្តែ​ដោយសារតែ​វា​ជា​ទម្លាប់ នៃ សែស្រឡាយ​របស់​ពួកគេ​តាំងពី​បុរាណ ខណៈ​អ្នកខ្លះ​និយាយថា សែនព្រេន​ដើម្បីអោយ​គ្រួសារ​មាន​អាហា​ចំណី​ឆ្ងាញ់ៗ​សម្រាប់​បរិភោគ និង ជួបជុំ​មិត្តភក្តិ ។​

​អ្នក​ប្រារព្ធ​ពិធី​សែន​ចូលឆ្នាំ ចិន​
​ប្រពៃណី​ជនជាតិ ចិន នៅមាន​ត្រណម​យ៉ាងហោច ១០ ករណី​ទៀត​ដែល​ត្រូវ​តម​ក្នុងឱកាស ៣ ថ្ងៃ នៃ ការ​ចូលឆ្នាំថ្មី​នេះ ប៉ុន្តែ​យើង​នឹង​លើក​មក​និទាន​នៅ​លេខ​ក្រោយ ។​
​រឿង​ដែល​គេ​បានដឹង​ជាច្រើន​នោះ​គឺថា អ្នកខ្លះ​គ្មាន​ជាប់​ស្រ​ឡាយ​ចិន​សូម្បីតែ​បន្តិច​សោះ ប៉ុន្តែ​ក៏​ប្រតិបត្តិការ​សែនព្រេន​នៅក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន គឺ​ធ្វើខ្លួន​ជា​ជន​ជាតិចិន ដែរ ។ ករណីនេះ​ទំនងជា​គួរឱ្យ​អស់សំណើច ឬ យ៉ាងណា​នោះ ទីនេះ​មិន​បរិយាយ​ឡើយ ហើយ​គេ​ក៏បាន​ឮជា​ហូរហែ​ដែរ​ថា “ ការ​សែនព្រេន​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន ដើម្បី​កុំឱ្យ​គ្រួសារ​មើល​មាត់​គេ ! “ ដែល​នេះ​ទំនងជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​នានា​នៅក្នុង​ករណីនេះ ។​
​ម្យ៉ាងទៀត អ្វីដែល​គេ​បានឃើញ​អ្នក​សែនព្រេន​ចូលឆ្នាំ ចិន នៅ​ស្រុក​ខ្មែរ គឺ​ភាគច្រើន​ពួកគេ​ធ្វើ​តែ​នៅ​ថ្ងៃ​ដំបូង គឺ​សែន​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី ប៉ុណ្ណោះ ។ ចំណែក​ថ្ងៃ​ផ្សេង​ពី​នោះ​ទៅ ពួកគេ​មិនមាន​ធ្វើ​អ្វី​ក្រៅពី​ជួបជុំគ្នា ឬ ដើរ​កម្សាន្ត​ទីជិត​ឆ្ងាយ​ឡើយ ។​

​ទោះយ៉ាងណា​ក៏ដោយចុះ អ្វីដែល​គេ​ត្រូវតែ​ប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​កុំឱ្យ​ថ្លោះធ្លោយ​អោយ​ទាល់តែសោះ​នោះ គឺ​បញ្ហា​អគ្គិភ័យ​ដែល​កើត​ពី​ការ​សែនព្រេន និង ការដុត​ផាវ ដុត​ក្រដាស​មាស ក្រដាសប្រាក់ ជាដើម ហើយ​ថ្ងៃ​ចូលឆ្នាំ ចិន ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ចរាចរណ៍​ផងដែរ ព្រោះ​បន្ទាប់ពី​ពិធីសែនព្រេន​ក៏​ជា​ពេលដែល​គេ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ផងដែរ ៕ ល​