ជំនឿ​ប្រពៃណី​សែន ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​

239
ចែករម្លែក

​ភ្នំពេញៈ តាម​ការសិក្សា​ស្រាវជ្រាវ យើង​បានដឹងថា ពិធី​ចូលឆ្នាំថ្មី ប្រពៃណី​របស់​ជន​ជា តិ​ចិន កាលពី​បុរាណ គេ​ធ្វើ​រយៈពេល ១ សប្តាហ៍ ហើយ​អាច​ដល់​ទៅ ២ សប្តាហ៍​ក៏មាន​អាស្រ័យ លើ​កត្តា​អំ​ណោ​ផល នៃ​តំបន់ និង​សេដ្ឋកិច្ច ។ ប៉ុន្តែ​បច្ចុប្បន្ន ជាទូទៅ​គេ​ធ្វើ​ត្រឹមតែ ៣ ថ្ងៃ​ប៉ុណ្ណោះ ដែល​ភាគច្រើន មកពី​មនុស្ស​មមាញឹក​នឹង​ការងារ​ផង កត្តា​ជីវភាព​ផង ។​

​គួររំឭកថា ថ្ងៃ​ចូលឆ្នាំថ្មី ប្រពៃណី​ចិន រមែង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​មិន​ទៀងទាត់​ឡើយ​បើ​ធៀប​ទៅ នឹង​ប្រតិទិន ហ្គ្រេ​ហ្កូ​រាន ដែលជា​ប្រតិទិន​សកល នាពេល​បច្ចុប្បន្ននេះ ។ ទោះ​យ៉ាង​ពិធី បុណ្យប្រពៃណី​ចិន ដ៏​សំខាន់បំផុត​មួយ​នេះ រមែង​កើតឡើង ពី​ចន្លោះ​ថ្ងៃទី ២០ ខែមករា ដល់​ថ្ងៃទី​២០ ខែកុម្ភៈ នៃ​ឆ្នាំ​នីមួយៗ អាស្រ័យ​លើ​ឆ្នាំ​លើក ឬ​មិន​លើក​។ សម្រាប់​ឆ្នាំ ២០២០ នេះ ថ្ងៃទី​២៤ ខែមករា គឺជា​ថ្ងៃ​សែន​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី ហើយ​ថ្ងៃ​ចូលឆ្នាំថ្មី គឺ​ចំ​លើ​ថ្ងៃទី​២៥ , ២៦ និង​ទី​២៧ ខែមករា ។​
​ ​
អត្ថបទ​នេះ មានបំណង​រៀបរាប់ អំពី​កិច្ចការ និង​ជំនឿ​ខ្លះៗ​ដែល​ប្រជាជន​ចិន និយម​ចូលចិត្ត ធ្វើ និង​ជឿ នៅក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​របស់​ពួកគេ និង​ជឿ​លើ​ជោគ​ជាតា​រាសី នៃ​ជីវិត​របស់​ពួកគេ សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ គឺ​ចាប់​ពីថ្ងៃ​ចូលឆ្នាំថ្មី រហូតដល់​ដាច់​ឆ្នាំ ។​
​ ​
​ថ្ងៃទី ១ ភាសា​ចិន​ហៅថា ឈី​វ​អិ​ច ( ទាជីវ ) ឬ ឆ​យ៉ា​ត់ ( កា​តាំង ) បានសេចក្តីថា “​ថ្ងៃ​ចូល ឆ្នាំ​ទី​១ “ ឬ “ ថ្ងៃ ១ កើត ខែ ១ “ ( តាម​ប្រតិទិន​ចិន ) ។​

​នៅ​ថ្ងៃ ឈី​វ​អិ​ច ឬ ឆ​យ៉ា​ត់ នេះ​ជនជាតិ​ចិន រៀបចំ​សែនព្រេន​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​សែន ព្រេន​ថ្វាយបង្គំ​កុងម៉ា ( ដូនតា ) ។ ថ្ងៃនេះ ពួកគេ​មិន​ធ្វើដំណើរ​ទៅកាន់​ទីណា​ឡើយ គឺ​ពួកគេ នៅតែ​ក្នុងផ្ទះ និង​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ប្រពៃណី​ទំនៀមទម្លាប់​របស់​ពួកគេ​ប៉ុណ្ណោះ ។ ពិធីសែនព្រេន នៅ​ថ្ងៃ​ទីមួយ​នេះ គឺ​ដើម្បី​បួងសួង​សុំ​ទេវតា​ឆ្នាំ​ថ្មី និង​កុងម៉ា បើក​ពន្លឺ និង ថែរក្សា​ការពារ​ពួកគេ ឱ្យទទួល​បាន​ក្តី​សុខ ចម្រុងចម្រើន ។​

​ថ្ងៃទី​២ ភាសា​ចិន ហៅថា សៀវ​យី (​ទាជីវ ) ឬ ឆ​យី ( កា​តាំង ) បានសេចក្តីថា “​ថ្ងៃ​ចូលឆ្នាំ ទី​ពីរ “ ឬ “ ថ្ងៃ ២ កើត​ខែ​មួយ ( តាម​ប្រតិទិន​ចិន ) ជា​ថ្ងៃ​សែន​ម្ចាស់​ទឹក​ម្ចាស់​ដី និង ជំនាងផ្ទះ ដើម្បី​បួងសួង​សុំ​ក្តី​សុខ​ចម្រើន​រុងរឿង ទាំង​ក្នុង​គ្រួសារ និង​ពេលធ្វើ​ដំណើរ​ទៅ​ទីណាៗ ប្រកបមុខរបរ​ការ​ងារ​គ្រប់យ៉ាង ។

​ថ្ងៃ​សៀវ​យី ឬ ឆ​យី នេះ បន្ទាប់ពី​រៀបចំ​សែនព្រេន​រួច ពួកគេ​អាចធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ទី​នានា ឬ​ផ្ទះសំបែង​សាច់ញាតិ និង​មិត្ត នៅ​ទីជិត​ឆ្ងាយ​តាម​សមគួរ ។​

​ការ​ទៅ​កម្សាន្ត​ផ្ទះ​សាច់ញាតិ​នេះ ជនជាតិ​ចិន ចូលចិត្ត​រៀបចំ​លុយកាក់​តិច ឬ​ច្រើន​ដាក់​ក្នុង កញ្ចប់​ពណ៌​ក្រហម ឬ​អាំង​ប៉ាវ សម្រាប់​ចែកជូន​កូនក្មួយ ជា​តំណាង​ជោគ និង លាភ ធ្វើការ ឬ រក​ទទួលទាន​មានបាន ។

​ចំពោះ​ម្ចាស់​អាជីវកម្ម ឬ​ចៅហ្វាយនាយ ក៏​តែងតែ​ចែក​អំណោយ ជា​នំចំណី ឬ លុយកាក់ ដល់​បុគ្គលិក​របស់​ពួកគេ ជាការ​លើកទឹកចិត្ត​ផង ជាការ​អរគុណ​ផង និង​ជាស​ញ្ញា​ថា​ពួកគេ នឹងមាន​លុយកាក់ សម្បូរ​សប្បាយ​ផង ។ លុយកាក់​ក្នុង​ប្រភេទ​នេះ គេ​ហៅថា តែ​អៀ បានសេចក្តីថា លុយកាក់​ដែលជា​អំណោយ​ពិសេស ឬ ទីទៃ​ពី​ប្រាក់ខែ ឬ ប្រាក់​ឈ្នួល ដែល​ពួកគេ​ត្រូវ​ទទួល​បានជា​ប្រក្រតី ។​

​ការ​សែនព្រេន រយៈពេល ២ ថ្ងៃនេះ ពុំ​មានការ​កំណត់ថា ត្រូវតែ​ដាក់​អ្វី​ជា​សំណែន​ទេ គឺ​គេ​អាចធ្វើ​តាម​សមគួរ និង លទ្ធភាព ។ ទោះយ៉ាងណា ជនជាតិ ចិន​ពេញនិយម​សែន ព្រេន​ដោយ​ប្រើ​ជ្រូក​ខ្វៃ ទាខ្វៃ និង​ផ្លែឈើ នំ ចំណី យ៉ាង​សម្រិតសម្រាំង​មួយអន្លើ​ដោយ​ការ ដុត​ក្រដាស​មាស ក្រដាសប្រាក់ ( មាន​ភស្តុតាង​ច្រើន​ទៅៗ​ថា ជនជាតិ​ចិន នៅ​លើក​ទឹកដី​ចិន លែង​សូវ​មាន​ជំនឿ លើ​ការដុត​ក្រដាស​មាស ក្រដាសប្រាក់​នេះហើយ ) ។​

ផ្សង​ជោគជតារាសី តាមរយៈ​ការ​សែន​មាន់ស្ងោរ​
​ថ្ងៃទី​៣ ភាសា​ចិន​ហៅថា សៀវ​សា បានសេចក្តីថា ថ្ងៃ​ចូលឆ្នាំ​ទី​បី ឬ ថ្ងៃ​បី​កើត ខែ​មួយ ( តាម​ប្រតិទិន​ចិន ) ។ ថ្ងៃនេះ ជនជាតិ​ចិន ក្រោក​ពី​ព្រលឹម​ទៅ​ទិញ​មាន់​មួយ​ក្បាល​ដែល ត្រូវតែ​ជាមាន់​ជើង​ពណ៌​លឿង គឺ​មិនមែន​ជាមាន់​ជើង ពណ៌​ខ្មៅ​ឡើយ​យកមក​ស្ងោរ​ឱ្យ​ឆ្អិន ល្មម​ដើម្បី​សែន​ឱ្យបាន​មុន​អរុណរះ ។ ពិធី​សែន នៅ​ថ្ងៃទី​៣ នេះ ហៅថា សែន​បើកភ្នែក គ្រួសារ ឬ បើក​សិរី​សួស្តី​ក្នុង​គ្រួសារ ។​

​ការ​សែន​មាន់ គ្រានេះ សំខាន់​នៅត្រង់​ម្រាម ឬ​ក្រញាំ​ជើងមាន់​ស្ងោរ​នេះឯង​សម្រាប់​ព្យាករណ៍ ជោគជតារាសី​របស់​គ្រួសារ ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​ថ្មី​នេះ ។ ប្រសិនបើ​ម្រាម ឬ​ក្រញាំ ជើងមាន់​ស្ងោរ​នេះ លា​ចេញ​ក្រៅ គេ​ជឿថា ក្នុងឆ្នាំនេះ គ្រួសារ​របស់​ពួកគេ ពុំ​សូវ​មាន​ក្តី​សុខ ពុំ​សូវ​មាន​លាភ​ហូរ​ចូល គឺ​មានតែ​ទ្រព្យសម្បត្តិ លុយកាក់​ហូរ​ចេញ ឬ ថាបើ​ទោះជា​រកលុយ កាក់​បាន ក៏​រក្សាទុក​មិន​គង់ ព្រោះ​ត្រូវ​ចំណាយ​ទៅវិញ ដោយសារ​គ្រួសារ មាន​បញ្ហា​ច្រើន ។ ផ្ទុយទៅវិញ ប្រសិនបើ​ម្រាម ឬ ក្រញាំ​ជើងមាន់​ស្ងោរ​នោះ កួច​ចូលក្នុង​គេ​ជឿថា​ក្នុង​រយៈ ពេល​ពេញ​មួយឆ្នាំ​នេះ គ្រួសារ​របស់​ពួកគេ នឹងមាន​ជោគ​លាភ មាន​ទ្រព្យធន​លុយកាក់​ហូរ ចូល​ច្រើនៗ ។

​មិនតែប៉ុណ្ណោះ អ្នកខ្លះ​សែន ក្នុងឱកាស​នេះ ត្រូវ​សម្រិតសម្រាំង​យកតែ​មាន់គក​ដើម្បីឱ្យ​អ្នក សែន​នោះ មាន​កម្លាំង​ខ្លាំងក្លា មាន​ឫកពារ​ហំហែង ហានក្លា​ទៅណា​មក​ណា​តែងតែ​ជោគ ជ័យ​ខ្ពស់ មុខ​ខ្ពស់​មាត់​ជាង​គេឯង ដូចជា​មាន់គក ហំ​ហាន​ជាងគេ​ដូច្នេះ​ដែរ ។​

ប្រសិទ្ធភាព​ជំនឿ​សែន​មាន់ស្ងោរ​
ប្រសិទ្ធភាព នៃ​ការ​ព្យាករ​ជោគជតារាសី តាមរយៈ​ក្រញាំ ឬ​ម្រាមជើង​មាន់ស្ងោរ​ដូចដែល បានលើកឡើង​ខាងដើម​នេះ បើទោះជា​ពួកគេ​មិនសូវ​មានជំនឿថា មាន​ប្រសិទ្ធ​ក្តី​ក៏​ជនជាតិ ចិន នៅតែ​ធ្វើ ហើយក៏​កម្រ​មាន​ជនជាតិ​ចិន ឬ​ជន​ជាប់​ស្រ​ឡាយ​ចិន ណា​ហ៊ាន​បដិសេធ ដោយ​ចេញមុខ​ណាស់ ។​

​ក៏មាន​មនុស្ស​មួយចំនួន បាន​អោយដឹងពី​ការ​កត់ចំណាំ​របស់​ពួកគេ​ថា ការ​ព្យាករ​បែបនេះ គ្មាន​ប្រសិទ្ធភាព​ដែរ ។ បុរស​ម្នាក់ នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង ឈ្មោះ ឈុន គឹម​ស្រ៊ាង បាន​និយាយ ថា “ បើទោះជា​ក្រញាំ​ជើងមាន់​ស្ងោរ​នោះ លា​ចេញ​ក្តី កួច​ចូល​ក្តី បើ​យើង​មិន​ខំប្រឹងប្រែង រកស៊ី ធ្វើការ​ដោយ​ខ្លួនឯង​ទេ គឺ​មុខជា អ៊ុយ​-​ឡ​ត់ (​អត់លុយ​) ! “ ។​

​ជនជាតិ​ចិន ឬ​ជន​ជាប់​ស្រ​ឡាយ​ចិន​ខ្លះ បាន​និយាយ​ដោយ​ឥត​លាក់លៀម​ថា ពួកគាត់ សែនព្រេន មិនមែន​សំដៅលើ​ជំនឿ ដូចដែល​បាន​រៀបរាប់​មកនេះ​ទេ ប៉ុន្តែ​ដោយសារតែ​វា ជា​ទម្លាប់ នៃ​សែស្រឡាយ​របស់​ពួកគេ តាំងពី​បុរាណ ខណៈ​អ្នកខ្លះ​និយាយថា សែនព្រេន ដើម្បីអោយ​គ្រួសារ​មាន​អាហា​ចំណី​ឆ្ងាញ់ៗ សម្រាប់​បរិភោគ និង ជួបជុំ​មិត្តភក្តិ ។​

អ្នក​ប្រារព្ធ​ពិធី​សែន​ចូលឆ្នាំចិន​
ប្រពៃណី​ជនជាតិ ចិន នៅមាន​ត្រណម យ៉ាងហោច ១០ ករណី​ទៀត ដែល​ត្រូវ​តម​ក្នុងឱកាស ៣ ថ្ងៃ នៃ​ការ​ចូលឆ្នាំថ្មី​នេះ ប៉ុន្តែ​យើង នឹង​លើក​មក​និទាន នៅ​លេខ​ក្រោយ ។​

​រឿង​ដែល​គេ បានដឹង​ជាច្រើន​នោះ​គឺថា អ្នកខ្លះ​គ្មាន​ជាប់​ស្រ​ឡាយ​ចិន សូម្បីតែ​បន្តិច​សោះ ប៉ុន្តែ​ក៏​ប្រតិបត្តិការ​សែនព្រេន នៅក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី ប្រពៃណី​ចិន គឺ​ធ្វើខ្លួន​ជា​ជន​ជាតិចិន ដែរ ។ ករណីនេះ ទំនងជា​គួរឱ្យ​អស់សំណើច ឬ យ៉ាងណា​នោះ ទីនេះ​មិន​បរិយាយ​ឡើយ​ហើយ​គេ ក៏បាន​ឮជា​ហូរហែ​ដែរ​ថា “ ការ​សែនព្រេន​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​ដើម្បី​កុំឱ្យ​គ្រួសារ មើល​មាត់​គេ ! “ ដែល​នេះ​ទំនងជា​មូលហេតុ​មួយ ក្នុងចំណោម​មូលហេតុ​នានា នៅក្នុង​ករណីនេះ ។​

​ម្យ៉ាងទៀត អ្វីដែល​គេ​បានឃើញ​អ្នក​សែនព្រេន​ចូលឆ្នាំ​ចិន នៅ​ស្រុក​ខ្មែរ គឺ​ភាគច្រើន​ពួកគេ ធ្វើ​តែ​នៅ​ថ្ងៃ​ដំបូង គឺ​សែន​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី ប៉ុណ្ណោះ ។ ចំណែក​ថ្ងៃ​ផ្សេង​ពី នោះ​ទៅ ពួកគេ​មិនមាន​ធ្វើ​អ្វី​ក្រៅពី​ជួបជុំគ្នា ឬ ដើរ​កម្សាន្ត​ទីជិត​ឆ្ងាយ​ឡើយ ។​

​ទោះយ៉ាងណា​ក៏ដោយចុះ អ្វីដែល​គេ​ត្រូវតែ​ប្រុងប្រយ័ត្ន យកចិត្តទុកដាក់​កុំឱ្យ​ថ្លោះធ្លោយ អោយ​ទាល់តែសោះ​នោះ គឺ​បញ្ហា​អគ្គិភ័យ​ដែល​កើត​ពី​ការ​សែនព្រេន និង ការដុត​ផាវ ដុត​ក្រដាស​មាស ក្រដាសប្រាក់ ជាដើម ហើយ​ថ្ងៃ​ចូលឆ្នាំ ចិន ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ សុវត្ថិភាព​ចរាចរណ៍​ផងដែរ ព្រោះ​បន្ទាប់ពី​ពិធីសែនព្រេន​ក៏​ជា​ពេលដែល​គេ​ប្រើប្រាស់ គ្រឿង​ស្រវឹង​ផងដែរ ៕ ដោយៈ មេសា​

អគ្គិភ័យ​ដោយសារ​ទៀនធូប​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន កើតឡើង​រាល់​ឆ្នាំ
គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ប្រើប្រាស់​គ្រឿង​ស្រវឹង នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន កើតឡើង​រាល់​ឆ្នាំ