ជំនឿ​ប្រពៃណី របាំ​ត្រុដិ ក្នុងពេល​ចូលឆ្នាំ​ខ្មែរ​

2691
ចែករម្លែក
  • 6
    Shares

​ដោយៈ មេសា​/​ភ្នំពេញៈ ពាក្យ​ថា “ ត្រុដិ “ ( ឬ ត្រុត ) ជា​ភាសាសំស្ក្រឹត ប្រែជា​ខេមរភាសា​ថា “ ដំណើរ កាត់ ឬ ការផ្តាច់ “ គឺ​សំដៅ​ដល់ពេល​ដែល ដាច់ ឬ ការ​ចប់​ទៅ នៃ ឆ្នាំ​មួយ ( ឆ្នាំ​ចាស់ ) ឈាន​ចូលដល់​ឆ្នាំ​មួយទៀត ( ឆ្នាំ​ថ្មី ) “ ។ ក្រោយមក​ខ្មែរ​បាន​បង្កើត​របាំ​មួយ​វង់ សម្រាប់​សម្តែង​ប្រារព្ធ​ដំណើរ​ផ្តាច់​ឆ្នាំ​ចាស់ ផ្លាស់ ចូលឆ្នាំថ្មី គឺ “ របាំ​ត្រុដិ “ ។​

​ជំនឿ​របាំ​ត្រុដិ​

​ពាក់ព័ន្ធ​ជំនឿ​របាំ​ត្រុដិ​នេះ យើង​គប្បី​សិក្សា​លើ​កត្តា​ចំនួន​ពីរ​គឺ​៖
១.​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ អ្នកណា​ក៏​សុទ្ធតែ​ធ្លាប់បាន​ជួប​រឿង​អាក្រក់ និង រឿង​ល្អ​ដែរ ។ ក្នុង​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ការឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី មិនមែន​គ្រាន់តែ​ជា​ពិធី​សម្រាប់​កត់សម្គាល់​ការ​ផុត​ទៅ នៃ ឆ្នាំ​មួយ ហើយ​ចូលដល់​ឆ្នាំ​មួយទៀត​ឡើយ ប៉ុន្តែ​ក៏​ជា​ពេលដែល​គេ​ត្រូវ​ជម្រះ​នូវ​រាល់​អកុសល​ចង្រៃ ដែល​បាន​កើតឡើង​ចំពោះ​រូបគេ ឬ គ្រួសារ​គេ​កាលពី​ឆ្នាំ​ចាស់​ផងដែរ ។​

២. ប្រពៃណី​របស់​អ្នកស្រុក សូទ្រនិគម ខេត្ត សៀមរាប ( ក៏ដូចជា​ស្រុកភូមិ​ដទៃ​មួយចំនួន ) មានជំនឿថា ប្រសិនបើ​មាន​សត្វព្រៃ ដូចជា​ឈ្លូស ប្រើស រមាំង ជាដើម រត់​ចូល​ភូមិ​ស្រុក​របស់គេ​នោះ ពួកគេ​ចាត់ទុកថា វា​គឺជា​អព្ភូតហេតុ​អាក្រក់ ឬ ចង្រៃ​ចំពោះ​ស្រុកភូមិ​នោះ ។ ប៉ុន្តែ​ប្រសិនបើ​គេ​ចាប់បាន​សត្វព្រៃ​នោះ​វិញ គឺ​គេ​យក​វា​ទៅ​លាបប្រេង​ម្សៅ ហើយ​ធ្វើ​ពិធី​លែង​ឱ្យមាន​សេរីភាព​វិញ ដោយ​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​ប្រជាពលរដ្ឋ​ក្នុងភូមិ ស្រុក ដោយពេល​នោះ ពួកគេ​មានជំនឿថា សត្វព្រៃ​ទាំងនោះ​បានមក​រំដោះគ្រោះ​មហន្តរាយ​របស់​ពួកគេ​ទៅវិញ ។​

​ដោយហេតុនេះ បុ​រា​ណា​ចា​រ្យ​ខ្មែរ​បាន​បង្កើត​សិល្បៈ​មួយ​ប្រភេទ​សម្រាប់​ប្រើប្រាស់​ក្នុង​ពិធី​ផ្តាច់​ឆ្នាំ ក្នុង​អត្ថន័យ​ដើម្បី​ជម្រះ​មន្ទិល​ចង្រៃ​ទាំងពួង​កាលពី​ឆ្នាំ​ចាស់​ផង ហើយ​ដើម្បីឱ្យ​សមស្រប​ទៅនឹង​ពាក្យ​ថា ដាច់ ឬ ផ្តាច់​ឆ្នាំ​ចាស់ និង ផ្តាច់​ចង្រៃ​ក្នុង​ឆ្នាំ​ចាស់​ផង ទើប​គេ​ដាក់ឈ្មោះ​ឱ្យ​របាំ​នោះ ថា “ របាំ​ត្រុដិ “ ហើយ​តាម​ការស្រាវជ្រាវ របាំ​ត្រុដិ​នេះ​មាន​ដើមកំណើត​នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

តួរ​អង្គ និង របៀប​សម្តែង

​នៅក្នុង​វង់​របាំ​ត្រុដិ មាន​តួអង្គ​សត្វ​ប្រើស ដែលមាន​មនុស្ស​ពាក់​ក្បាល​ប្រើស ហើយ​ធ្វើ​កាយវិការ​រត់​ឆ្លេឆ្លា​ក្នុង​វង់​របាំ​គេច​ចេញពី​ព្រានព្រៃ​ម្នាក់​ដែលមាន​កាន់​ស្នា ឬ ធ្នូ ស្ពាយ​បំពង់​ព្រួញ​ដើរ​តម្រង់​និង​តាមរក​ប្រើស​ដែលជា​សត្វ​តំណាងឱ្យ​គ្រោះ​ចង្រៃ​ដែល​គេ​ត្រូវ​បាញ់សម្លាប់​និង​ផ្តាច់​គ្រោះ​ចេញ​ឱ្យបាន និង តួយក្ស​ពីរ​នាក់ តួ​ស្រី​ព្រាយ​ក្រចក​វែង​ពីរ​នាក់ តួ​សត្វ​ក្ងោក​ពីរ​នាក់ ដែល​ស្លៀកពាក់​តាម​ប្រពៃណី​ខ្មែរ​ធម្មតា និង​មាន​កាន់​កន្ទុយក្ងោក​ពីរ ជា​និមិត្តសញ្ញា​ផងដែរ ។ ក្រៅពីនោះ ក៏​នៅមាន​តួ​អ្នកកា​ន់ក​ញ្ឆែ​ចាប់ពី ២​ទៅ ៦ នាក់ ជា​អ្នក​គោះ​បុក ជា​ចង្វាក់​លម្អ​វង់​របាំ និង តំណាងឱ្យ​ព្រៃព្រឹក្សា អា​រុក្ខ អារក្ស អ្នកតា ទេវតា ដែល​ជួយ​ជ្រោមជ្រែង​ជួយ​ព័ទ្ធ​ខ្ទប់​ស្ទាក់​ប្រើស​ឱ្យ​ព្រានព្រៃ​បាញ់​ដូចគ្នា ។​

​ក្នុងពេល​សម្តែង​របាំ​ត្រុដិ នេះ តួអង្គ​ទាំង ៦ នាក់ ត្រូវ​សម្តែង​នូវ​ក្បាច់​របាំ​ត្រុដិ និង​បង្ហាញ​ពី​គោលបំណង​ជួយ​ដេញ​ស្ទាក់​ប្រើស​ឱ្យចូល​ក្នុង​គន្លង​ព្រាន​ដើម្បី​ជួយ​ព្រាន​ឱ្យ​ដេញ​បាញ់​ប្រើ​សបាន ។ លុះ​ពេល​បាញ់​ប្រើ​សបាន នោះ​គឺ​មានន័យថា គេ​បាន​បណ្តេញ​គ្រោះ​ឧបទ្រពចង្រៃ​បាន​ហើយ ។ របាំ​ត្រុដិ​ក៏មាន​ក្រុម​តន្ត្រីករ អ្នក​កាន់​ស្គរ ទ្រសោ ទ្រអ៊ូ ប៉ី និង​អ្នក​ច្រៀង​មួយចំនួនទៀត ។​

​ដោយហេតុនេះ ទើប​គេ​លេង​របាំ​ត្រុដិ​ដើម្បី​បណ្តេញ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ចាស់ និង នាំមក​នូវ​ភាពសម្បូរ​សប្បាយ​ប្រកបដោយ​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី ។ ជាទូទៅ​ការសម្តែង​របាំ​ត្រុដិ​នេះ​ច្រើន​ធ្វើឡើង​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ប៉ុន្តែ​ក៏មាន​មុនពេល​ចូលឆ្នាំ និង អំឡុងពេល​ចូលឆ្នាំ​ដែរ​។​

​ពេលដែល​សម្តែង​ចប់​ម្តងៗ ក្រុម​របាំ​ត្រូវ​ច្រៀង​ជម្រាបលា​ម្ចាស់ផ្ទះ ហើយ​ម្ចាស់ផ្ទះ​ក៏បាន​យក​ទឹក​មក​ប្រោះព្រំ​ជូនពរ​ដល់​ក្រុម​របាំ​ទាំងអស់នោះ​វិញ​ដែរ ។ ពុំ​នោះទេ គេ​មានជំនឿថា​ក្នុង​ឆ្នាំ​ខាងមុខ​អ្នកនោះ​នឹងមិន​ទទួលបាន​សិរី​សួស្តី​ឡើយ ។ វត្តមាន​របស់​តួអង្គ​នៃ​របាំ​ត្រុដិ មានការ​បែងចែក​នូវ​សភាវៈ​ល្អ និង​សភាវៈ​អាក្រក់ និង​បង្ហាញ​នូវ​លក្ខណៈពិសេស​នៃ​របាំ​ត្រុដិ ។ របាំ​នេះ គឺមាន​អត្ថន័យ​ផ្តល់នូវ​ផលប្រយោជន៍ សុភមង្គល​ដល់​មនុស្ស​គ្រប់រូប និង​បណ្តេញ​ឧបទ្រពចង្រៃ​ចេញពីផ្ទះ ពី​ភូមិ​ស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ផងដែរ ។ ម្យ៉ាងទៀត លក្ខណៈ​ពិសិដ្ឋ​បំផុត​របស់​របាំ​ត្រុដិ​គឺ​ជំនឿ​លើ​បុព្វការី​ជន ក្រោមរូបភាព​សត្វ​ប្រើស ឬ​ក្ងោក​ដែល​ឆ្លុះបញ្ចាំង​នូវ​ការឯកភាព​ផ្នែក​ជំនឿ​សាសនា ។​

​របា​ត្រុដិ​ជា​របាំ​សុំ​លុយ ?

​ការសម្តែង​របាំ​ត្រុដិ គឺ​គេ​ដើរ​ដង្ហែ​ជា​ក្បួន​ទៅមុខ ដោយមាន​អ្នក​កាន់​ដង​ចន្ទោល​ដែលមាន​ការចង​កំណាត់​លម្អ និង​មាន​សិល្បករ​ម្នាក់​ជា​អ្នករាំ​នាំ​ផ្លូវ​ផង មើលទៅ​ហាក់ដូចជា​អ្នករាំ ឬ​អ្នក​ហែ​ទាំងនោះ​កំពុងតែ​ជិះ​លើ​រទេះ​មួយ​ដូច្នេះ​ដែរ​។ ចំណែក​នៅ​ខាងចុង​នៃ​ដង​ចន្ទោល​នោះ មាន​ចង​កូន​ថង់​មួ​សម្រាប់​ជាការ​រៃអង្គាសប្រាក់ ហើយ​អ្នកផ្ទះ​ឬ​អ្នកភូមិ ដែល​មកឈរ​មើល​ការ​រាំ​របាំ​ត្រុដិ​និង​មាន​សទ្ធា​ជ្រះថ្លា ពួកគេ​នឹងដាក់​ប្រាក់​ក្នុង​ថង់​នោះ ព្រោះ​គេ​មានជំនឿថា​បុណ្យ​កុសល​ដែល​បានដាក់​ទាន​នាពេលនេះ នឹង​បាន​ចម្លង​គ្រោះកាច​ចង្រៃ​នៃ​ឆ្នាំ​ចាស់​ទៅ​អស់ ហើយ​ចូលឆ្នាំថ្មី​សិរី​សួស្តី​សុភមង្គល នឹង​មកដល់ ។



​ប៉ុន្តែ​ចំពោះ​អ្នកខ្លះ​ដែល​មិនបាន​យល់​ពី​ខ្លឹមសារ​មួយ​នេះ ពួកគេ​បែរជា​គិតថា របាំ​ត្រុដិ ជា​របាំ​សុំ​លុយកាក់ ដែល​ធ្វើឱ្យមាន​ភាពមិន​សូវ​ថ្លៃថ្នូរ​ក្នុង​របាំ​ប្រពៃណីជាតិ​ទៅវិញ ដែល​តាមពិតទៅ​ពុំមែន​ជាការ​សុំទាន​ឡើយ ប៉ុន្តែ​ការសម្តែង​ទឹកចិត្ត​ដ៏​ប្រពៃ​របស់​អ្នករបាំ គឺ​បណ្តេច​ញ​ចង្រៃ​ពី​ស្រុកភូមិ ហើយក៏​ជាការ​បង្ហាញ​ទឹកចិត្ត​ដ៏​ល្អ​ផូរផង់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងការ​បរិច្ចាគ​ទ្រ​ព​ធន​របស់ខ្លួន​តិចតួច​ចែករំលែក​ដល់​អ្នកដទៃ ឬ ដឹងគុណ​អ្នករបាំ​ទៅវិញ​ទេ។​

​ចំណែក​អាចារ្យ​ដែល​ស្លៀក​ស​ពាក់​ស​បាំងឆត្រ​ម្នាក់ ក៏មាន​ភារកិច្ច​ដើរ​តាម​វង់​របាំ និង​ត្រួត​ពិនិត្យមើល​បច្ច័យ​ដែល​រៃអង្គាស​បាន​ដើម្បីឱ្យ​ប្រាកដថា ប្រាក់​ដែល​ទទួលបាន​ទាំងអស់នោះ​មិនត្រូវ​យកទៅ​ចាយ​ផ្តេសផ្តាស​ទេ គឺ​យកទៅ​សម្រាប់​ជា​កុសល​ក្នុង​វត្ត​អារាម​ប៉ុណ្ណោះ ដែល​ប្រការនេះ​ដោយសារតែ​គេ​ជឿថា លុយកាក់​ទាំងនោះ​ជា​របស់​ចម្លង​គ្រោះកាច បើ​បុគ្គល​ណា​យកទៅ​ចាយវាយ​ផ្តេសផ្តាស​នោះ​អាចនឹងទទួល​រងគ្រោះ​ចង្រៃ ដូច្នេះ​មានតែ​យកទៅដាក់​ជា​របស់​វត្ត​អារាម​ទើប​មិន​ចង្រៃ ។​

​ទោះយ៉ាងណា បច្ចុប្បន្ន​ជំនឿ​នេះ​មានការ​ប្រែប្រួល​ខ្លះ ហើយ​របាំ​ត្រុដិ បាន​ក្លាយជា​មុខរបរ​សម្រាប់​រកប្រាក់​ចំណូល​បែងចែក​គ្នា​យក​ទៅ​ចាយវាយ​តាម​ត្រូវការ និង ជាពិសេស​សម្រាប់​ទ្រទ្រង់​វិស័យ​សិល្បៈ និង មនុស្សធម៌​។ រីឯ​ជំនឿ​ថា​បណ្តេញ​ចង្រៃ​នោះ មាន​អ្នកខ្លះ​និយាយថា ពួកគាត់​អញ្ជើញ​ក្រុម​របាំ​ត្រុដិ​ទៅ​សម្តែង​ក្នុង​គេហដ្ឋាន ឬ អាជីវ​កម្មដ្ឋាន​របស់​ពួកគេ មិនមែន​ដោយសារតែ​រឿង​ជំនឿ​បណ្តេញ​ចង្រៃ​ឡើយ ប៉ុន្តែ​ដោយសារ​ចិត្ត​ស្រលាញ់ និង ចូលរួម​ថែរក្សា​ការពារ និង លើកតម្កើង​របាំ​ប្រពៃណីជាតិ​តែប៉ុណ្ណោះ ៕ Kh

#