ជំនឿ និងទស្សនវិជ្ជាចំពោះការតាំង​ដើមអង្គាសីលក្នុងគេហដ្ឋានរបស់​ជនជាតិ ចិន

160
ចែករម្លែក

ដោយៈមេសា/ភ្នំពេញ ៖ អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រជាជនចិន ទីទៃអំពីក្រដាសជូនពរឆ្នាំថ្មី គោមក្រហម កណ្តឹងពណ៌មាស និងបន្តោងក្រហមទៅ ជនជាតិ ចិន ក៏ដូជាអ្នកជាប់ស្រឡាយចិន និយមចូលចិត្តលម្អដោយរុក្ខជាតិមួយចំនួនដូចជា ដើមសេដា ដើមស្បៃរឿង ដើមក្រូចឃ្វិច និងដើម្បអង្គាសីលជាដើម។

ដើមអង្គាសីល ភាសាចិនថា ម៉ី ហ័រ ហ្ស៊ុ នៅតំបន់ខ្លះ នៃ ប្រទេសកម្ពុជា ហៅថា អង្គា​លឿង។ ប្រជាជនចិន ក៏ដូចជាអ្នកកាត់ចិន ដាក់តាំងដើមអង្គាសីល ក្នុងគេហដ្ឋាននាអំឡុងបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ ដោយមូលហេតុយ៉ាងហោចណាស់ ៣ ករណីគឺ៖
១. អ្នកខ្លះជឿថា ប្រសិនបើផ្កាអង្គាសីលដែលតាំងក្នុងផ្ទះ រីកចំថ្ងៃចូលឆ្នាំថ្មីនោះ ពួកគេនឹងមានជោគជាតារាសីថ្កុំថ្កើង រកទទួលទានមានបានពេញមួយឆ្នាំនេះ។ ប៉ុន្តែអ្នកខ្លះអះអាងថា ផ្កាអង្គាសីល រីកនៅថ្ងៃចូលឆ្នាំ ឬ អត់ មិនពាក់ព័ន្ធទៅនឹងជោគវាសនារបស់ពួកគេឡើយគឺវាអាស្រ័យទៅលើការខិតខំរបស់ពួកគេទៅវិញទេ ចំណែកអ្នកខ្លះបកស្រាយថា ការដាក់តាំងអង្គកាសីលក្នុងផ្ទះ ដោយសារតែធ្លាប់ធ្វើពីមុនមក បើមិនបានដាក់តាំងទេ ហាកដូចជានៅខ្វះអ្វីម្យ៉ាង ខណៈអ្នកខ្លះបកស្រាយថា ដាក់តាំងអង្គាសីល ដើម្បី បង្កើតសភណភាពលម្អគេហដ្ឋាន និង ភាពរីករាយស្រស់ស្រាយនៅក្នុងគ្រួសាររបស់ពួកគេតែប៉ុណ្ណោះ ។
២.កាលបើសិក្សាទៅក្នុងផ្នត់ជំនឿរបស់ជនជាតិ ចិន តាមរយៈរឿងព្រេងនិទាន និង រឿងទេវកថានានារបស់ ចិន គេតែងជួបប្រទះដើមអង្គាសីល នៅឋានសួគ៌ ឬ ទីណាដែលល្អឩត្តុង្គឩត្តមដែលអាចប្រដូច ឬ ចាត់ទុកថាជាឋានសួគ៌ ។ ចំណុចនេះទើបជនជាតិ ចិន ចាត់ទុក ដើមអង្គាសីល ថាជា រុក្ខជាតិសួគ៌ ។ ជំនឿមួយនេះបានកប់ជ្រៅទៅក្នុងបេះដូងប្រជាជនចិន ។ លោក ឃ័ន ជីង ជាគ្រូបង្រៀននៅព្រះវិហារ ធៀន ទូ ម៉ឺលឹ ភ្នំពេញ បានពន្យល់ថា “ ជនជាតិចិ ន យល់ថា មានដើមអង្គាសីល នៅក្នុងផ្ទះ គឺមានវត្ថុសួគ៌ ឬ វត្ថុទិព្វនៅក្នុងផ្ទះ ។ លោក ឃ័ន ជីង គ្រូបង្រៀននៅព្រះវិហារ ធៀន ទូ ម៉ឺលឹ ភ្នំពេញ ពន្យល់ថា ជនជាតិចិន យល់ថា មានដើមអង្គាសីលនៅក្នុងផ្ទះ គឺជាការមានវត្ថុសួគ៌ ឬ វត្ថុទិព្វនៅក្នុងផ្ទះ ។ គឺដោយហេតុនេះហើយ ទើបគេយកដើមអង្គាសីល ដែលជារុក្ខជាតិនាំមកពីស្រុកទេវតា ធ្វើជាតង្វាយសម្រាប់បញ្ជាក់ទឹកចិត្តគោរព និង ភក្តីភាព ចំពោះទេវតា ញ៉ាំងឱ្យទេវតារំភើបចិត្តចម្រុងចម្រើនដល់ពួកគេ ។

៣. អត្ថន័យ ឬ ទស្សនៈវិជ្ជាដ៏ល្អប្រសើរបង្កប់នៅពីក្រោយការដាក់តាំងដើមអង្គាសីល គឺប្រជាជនចិនបានប្រៀបប្រដូចដើមអង្គាសីលទៅនឹងវីរជន របស់ពួកគេ ។
នៅប្រទេសចិន ដែលជាប្រភព នៃ ជំនឿលើផ្កាអង្គាសីលនោះ នៅអំឡុងខែមករា ឬ ខែ កុម្ភៈ ដែលចំពេលបុណ្យចូលឆ្នាំថ្មីនោះ សីតុណ្ហភាពត្រជាក់ធ្លាក់ដល់ក្រោមសូន្យអង្សា ។ ទឹកស្ទឹង បឹងបួ ក្លាយជាទឹកកក គិរីបុព្វតា ក្រាលគ្របពោរពាសដោយកំណក និង គំនរ ព្រឹល ។ រុក្ខជាតិទាំឡាយរង្គោះជ្រុះស្លឹក សល់តែមែក និង ដើមននលគកឈរឆ្កឹងរឹងខ្លួនយ៉ាងរងាគួរស្រងេះស្រងោចកណ្តោចកណ្តែង ។

ប៉ុន្តែដើមអង្គាសីល បែរជាចេញផ្កាស្គុះស្គាយពណ្ណរាយពាសពេញព្រៃភ្នំ បង្អួតអាកាសធាតុដ៏ត្រជាក់ស្រេបនេះទៅវិញ គឺអង្គាសីលមិនខ្លាច ឬ មិនចាញ់អាកាសធាតុត្រជាក់ឡើយ ។
គឺចំណុចនេះហើយ ដែលប្រជាជនចិន នឹកឃើញវីរជនបុព្វបុរសរបស់គេ ធ្លាប់ទ្រាំរស់នៅក្រោមអាកាសធាតុដ៏ត្រជាក់ដោយអង់អាចឥតរួញរា ដើម្បីធ្វើសង្គ្រាមការពាប្រទេសជាតិពីការឈ្លានពាន នៃ ពួកបច្ចាមិត្ត ហើយបានបន្សល់ទុកនូវទឹកដីចិនដ៏មានវិសាលាភាពធំល្វឹងល្វើយ អាចចិញ្ចឹមប្រជាជនចិនជាងមួយពាន់លាននាក់រហូតមកដល់សព្វថ្ងៃ ។

ជាការដឹងគុណ និង រំឭកដល់បុព្វបុរសទាំងនោះ ក៏ដូចជាដើម្បីក្រើនរំឭកស្មារតីអនុជន ទើបប្រជាជន ចិន ជ្រើសរើសយកដើមអង្គាសីល មកដាក់តាំងក្នុងផ្ទះដោយប្រដូចដើមអង្គាសីលទៅនឹងវីរជនបុព្វបុរសរបស់ពួកគេ ។

ម្យ៉ាងទៀត ពេលខ្លះគេក៏ដាំទឹកក្តៅចាក់ស្រោចដើមអង្គាសីល ផងដែរ បើជារុក្ខជាតិដទៃវិញ មុខជាស្លោក ឬ ងាប់មិនខាន ។ ចំណែកអង្គាសីល បែរជារីកផ្កាយ៉ាងស្រស់បំព្រងទៅវិញ ពោលគឺអង្គាសីលមិនខ្លាចត្រជាក់ ទាំងមិនខ្លាចក្តៅ ។ ភាពក្តៅ និង ភាពត្រជាក់ ត្រូវបានប្រដូចទៅនឹងឧបសគ្គ និង ក្តីលំបាកទាំងពួង ដែលមនុស្សជាទូទៅតែងមិនចង់ជួប ឬ រួញរា និង ព្យាយាមគេចវេសចៀសវាង ។ ប៉ុន្តែដូនតា ចិន ចង់ប្រដៅកូនចៅឱ្យធ្វើខ្លួនឱ្យដូចដើមអង្គាសីល គឺកុំខ្លាចលំបាក ឬ ឧបសគ្គទាំងពួង ត្រូវហ៊ានចេញមុខប្រឈមតទល់ចំពោះក្តីលំបាក និង ឧបសគ្គទាំងនោះដោយអង់អាច និង ដោយរីករាយ ដូចជាដើមអង្គាសីល រីកផ្កាយ៉ាងស្រស់បំព្រង នៅក្រោមអាកាសធាតុដ៏ត្រជាក់ និង ដោយសារទឹកក្តៅយ៉ាងដូច្នោះដែរ ។ ក៏មានរឿងនិទានមួយដែរដំណាលថា មាននារីម្នាក់ គ្មានសាច់ញាតិហើយនាងរស់ក្រោមដើមអង្គាសីល ។ តែក្រោយមកនាងក៏ក្លាយជាមេទ័ពមានឫទ្ធិអំណាចខ្លំាងក្លាអស្ចារ្យ គឺឈ្នះអស់ខ្មំាងសត្រូវទំាងឡាយ ទើបគេប្រសិទ្ធិនាមនាងថា មេបក្សអង្គាសីល ។

ហេតុនេះ គេតំាងលម្អដើមអង្គាសីល ជាការបូជាឧទ្ទិសឲ្យនាងផង ហើយក៏ដើម្បីសូមពរជ័យ សិរីមង្គលពីនាងឲ្យមានលាភ មានសំណាងមកវិញ ផងដែរ៕B/