ជំរុញការងារសមភាពយេនឌ័រ គឺដើម្បីបង្កើនភាពអង់អាចដល់ស្រ្តី

417
ចែករម្លែក

ដោយៈបញ្ញាសាស្រ្ត
ភ្នំពេញៈមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិ្បៈ ជាស្រ្តីមកពីក្រសួង មន្ទីរ ខេត្ត ចំនួន ១២៥ រូប បានចូលរួមសិក្ខាសាលា ស្តីពី ការបញ្ជ្រៀបទស្សនៈយេនឌ័រ ក្នុងវិស័យវប្បធម៌និង វិចិត្រសិល្បៈ កាលពីព្រឹកថ្ងៃពុធ ទី៣០ តុលា ២០១៩ ក្នុងគោលបំណងរួមចំណែកជា មួយ រាជរដ្ឋាភិបាលក្នុងការប្រកាន់យក នូវការងារកំណែទម្រង់លើគ្រប់វិស័យ ជា អាទិភាព ជាពិសេសគឺការលើកកម្ពស់សមភាពយេនឌ័រ ក្នុងថ្នាក់ធ្វើសេចក្តីសម្រេច គ្រប់កម្រិត។ ហើយសិក្ខាសាលានេះ ក៏រួមចំណែកក្នុងការចែករំលែកបទពិសោធ និង ផ្តល់ចំណេះដឹងការងារយេនឌ័រ ដើម្បីឱ្យថ្នាក់ដឹកនាំនៅតាមអង្គភាព យកទៅអនុវត្តនៅ។

លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិ្បៈ បានថ្លែងថា «បើទោះបីជាយើងមានផែនការសកម្មភាព និងគោលនយោបាយស្តីពីយេនឌ័រ តែបើ យើងមាន កង្វះខាតការចូលរួម និងការអនុវត្តជាក់ស្តែង នោះវិសមភាពយេនឌ័រ នៅតែ កើតមាន ហើយមិនអាចចាត់ទុកថាជាសមិទ្ធផលពេញលេញនៅឡើយ ទេដូច្នេះ ហើយវាអាស្រ័យលើកត្តាធនធានមនុស្ស សមត្ថភាពដឹកនាំ ការផ្តល់ឱកាសការងារ ការតាំងចិត្ត ការចូលរួមការផ្តល់តម្លៃ និងការអនុវត្តផ្ទាល់ ពីសំណាក់មន្ត្រីរាជការ គ្រប់ លំដាប់ ថ្នាក់ទើបជំរុញឱ្យការងារយេនឌ័រអាចដំណើរការទៅដោយរលូន និងមាន ប្រសិទ្ធភាព ទៅបាន»។

លោកស្រីបន្តទៀតថា ក្នុងបេសកកម្មដើម្បីជំរុញការងារសមភាពយេនឌ័រ និងការ បង្កើនភាពអង់អាចដល់ស្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងគិតគូអនុវត្តផែនការ សកម្មភាព ឱ្យស្របទៅតាម ផែនការនារីរតនៈនិងគោលនយោបាយ និងអនុសាសន៍ ១១ ចំណុច ដែលដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្មីៗនេះក្រសួងទើបនឹងដាក់ចេញ នូវ គោលនយោបាយ និងផែនការយុទ្ធសាសន៍៣ឆ្នាំ ២០២០-២០២២ ដោយកំណត់យក គោលបំណងគោលនយោបាយគឺ អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ។

សូមរំលឹកថា ក្រុមការងារយេនឌ័រ ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ សម្រេចបាន នូវ សិក្ខាសាលាផ្សព្វផ្សាយស្តីពីការ បញ្ជ្រៀបទស្សនៈយេនឌ័រដើម្បីជួយពង្រីកចំណេះដឹង និងផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច កាត់បន្ថយទស្សនៈនៃរើសអើងស្ត្រីក្នុងវិស័យសាធារណៈ ពង្រឹងយន្តការ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងវាយតម្លៃលើវឌ្ឍនភាព និងដំណើរ ការយន្តការ ក្នុងការ លើកកម្ពស់សមភាពយេនឌ័រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អោយកាន់តែទូលំ ទូលាយ ថែមទៀត៕