ជំរុញ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​អនុវត្ត​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​

309

(​កំពង់ចាម​)៖​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការលុបចោល​និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​ទៅកាន់​ស្ថាបន​ពាក់ព័ន្ធ​និង​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ដែល​បានមក​ចូលរួម​ក្នុង​សាលាខេត្ត​កំពង់ចាម​កាល​ពីថ្ងៃ​ទី​២១​ធ្នូ​ឆ្នាំ​២០១៧​ថា​ត្រូវអនុវត្ត​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែង​ទៅកាន់​មន្ត្រីនគរបាល​ដែលមាន​វត្តមាន​ចូលរួម​ជាង​២០០​នាក់​នា​ឳ​កាស​នោះ​ថា​ខេត្តកំពង់ចាម​មាន​ឯកសារ​ជនបរទេស​សរុប​ជាង​១០០​គ្រួសារ ប៉ុណ្ណោះ​ដែល​ត្រូវអនុវត្ត​ចាប់ពីពេលនេះ​។ ដូច្នេះ​ដំណើរការ​ប្រហែល​មួយថ្ងៃ​ចប់​ហើយ សំខាន់​មន្ត្រី​អនុវត្ត​ទាំងអស់​ត្រូវ​ស្វែងយល់​ឲ្យ​បានច្បាស់លាស់​នូវ​ឯកសា​រ​ជនបរទេស​ត្រូវ​ដកហូត​។​ពិសេស​ត្រូវ​ជជីក​សួរ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​សុ​វណ្ណា​ពិសា​ខា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​ត្រូវធ្វើ​បទ​បង្ហាញ​នាពេល​បន្តិចទៀតនេះ​។​

​លោក​បាន​បន្តថា​សូម​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​អនុវត្ត​អនុ​ក្រិ​ត្យ​លេខ​១២៩​អនក្រ​.​បក​របស់​រាជរដ្ឋាភិបាល​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។​ដោយ​ចាំបាច់​ត្រូវ​ជជែក​គ្នា​ឲ្យ​បាន​លម្អិត​ពិសេស​ពេលនេះ​យើង​មាន​ឯកសារ​ទម្រង់​ក​តិ​យុត្ត​គ្រប់គ្រាន់​ហើយ​គឺ​នៅសល់តែ​សកម្ម​ភាពចុះ​ការអនុវត្ត​ឲ្យ​បាន​រលូន​តាម​ការចង់​បាន​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​ស្ថាបន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​យោងតាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​បញ្ជាក់ថា សរុប​អ្នកប្រើប្រាស់​ឯកសារ​រដ្ឋ​បាល​កម្ពុជា​មិន​ប្រក្រតី​មាន​ចំនួន​១៩០​គ្រួសារ​គឺមាន​មនុស្ស​ចំនួន​៦៦២​នាក់​ក្នុងនោះ​ស្រី​ចំនួន​៣២១​នាក់ ហើយ​ឯកសារ​មិន​ប្រក្រតី​ដែល​ត្រូវ​ដកហូត​និង​លុបចោល​នាពេលនេះ​គឺមាន​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ សំបុត្រកំណើត លិខិត​អា​ពា​ពិពាហ៍ និង​អត្តសញ្ញាណប័ណ្ណ​៕S/​ដោយ​:​គង់​ហេង

​ជំរុញ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​អនុវត្ត​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​