ជំរុំ​ធម្មជាតិ​តា​តៃ ជាទី​លំហែ​សម្រាប់អ្នកទេសចរ​បែប​រ៉ូ​ម៉ែន​ទិច

259
ចែករម្លែក

ដោយ:​សុ​ផានី​តា​/​កោះកុង ​៖ ស្ទើរតែ​គ្រប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ សុទ្ធតែ​ស្គាល់ និង​ធ្លាប់​មកលេង​កម្សាន្ត​នៅ​កោះកុង ជា​ខេត្ត​មួយ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា សំបូរ​ទៅដោយ​សក្តានុពល​ខ្ពស់​ខាង​ផ្នែក​ទេសចរណ៍​បែប​ធម្មជាតិ​ពិតៗ​មិន​ចាញ់​ខេត្ត​ដ៏​ទៃ​ឡើយ​។ ជាក់ស្តែង​បុរស​២​រូប​ដែល​ធ្លាប់ជា​បុគ្គលិក​គេ និង​ជា​ម្ចាស់​ស្រុក​ផង​នោះ បាន​រួមគ្នា​បង្កើតជា​បឹង​កា​ឡូ​ផ្ទះ​បណ្តែត​ទឹក​តា​តៃ​ក្រោម ក៏​គួរ​ចង់​ស្នាក់នៅ​យូរ​ថ្ងៃខែ ដើម្បី​រំសាយ​ទុក្ខ​កង្វល់​ដែល​ទីនោះ​ជា​ជំរុំ​ធម្មជាតិ សម្រាប់អ្នកទេសចរ​ចូលចិត្ត​បែប​លក្ខណៈ​រ៉ូ​ម៉ែន​ទិច ។​

បើប្រសិន​លោកអ្នក​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​មាន​ចម្ងាយ​ជាង​២០០​គីឡូម៉ែត្រ ឬ​ពី​ក្រុង​ខេ​ម​ភូមិន្ទ ខេត្តកោះកុង​២៥​គីឡូម៉ែត្រ បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ រួច​បន្ត​ជិះទូក​ពីក្រោម​ស្ពាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​តា​តៃ​ក្រោម​កាត់​តាម​ដងព្រែក​មាន​ព្រៃឈើ​ខៀវខ្ចី​គួរឱ្យ​គយគន់​មិនចេះ​ជិនណាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ទៀត​នោះ គឺ​លោក​អ្នកនឹង​បាន​ទៅដល់​រមណី​ដ្ឋា​ន​ផ្ទះ​បណ្តែត​ទឹក​ទី​ជំរុំ​នៃ​ធម្មជាតិ​គ្រប់​រដូវ​កាល​ហើយ​។​

បឹង​កា​ឡូ ឬ​បន្ទប់​ស្នាក់នៅ​ដែល​ប្រក់​តង់​កៅស៊ូ​ដ៏​រឹងមាំ​ជិត​១២​បន្ទប់​នេះ ពីមុនមក​ពុំមែន​ស្ថិតនៅ​លើដី​កោះ​ដែល​លោក​អ្នកឃើញ​យ៉ាង​ដូច្នេះ​ទេ ប៉ុន្តែ​ដោយសារតែ​ទីតាំង​ចាស់​ធ្លាប់​រង​ការខូចខាត​ជំនន់​ទឹកភ្លៀង​កាលពី​ខែកក្កដា ឆ្នាំ​២០១៨ បណ្តាលឱ្យ​បន្ទប់​បណ្តែត​ទឹក​បាក់បែក​ស្ទើរតែ​ទាំងស្រុង មិនអាច​ទ្រាំទ្រ​នឹង​កម្លាំង​ចរន្តទឹក​ហូរ​បុក​បាន​។
​ជា​បុគ្គលិក​គេ​ជាង​១០​ឆ្នាំ​មក និង​ជា​ពលរដ្ឋ​ម្ចាស់​ស្រុកភូមិ​ផង​នោះ លោក ជា រ៉ូ​ដា អ្នកគ្រប់គ្រង​បឹង​កា​ឡូ និង​ផ្ទះសំណាក់ 4Riers Floaing Lodge បាន​ពន្យល់​កាលពី​ថ្ងៃទី​១៦ ខែតុលា កន្លងទៅ​ថា ការ​ខូ​ត​ខាត​ទ្រព្យសម្បត្តិ​សម្ភារៈ ព្រោះតែ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង ធ្វើឱ្យ​អាជីវកម្ម​ផ្នែក​សេវា​ទេសចរណ៍​ថៅកែ​របស់លោក ត្រូវ​អាក់ខាន​មិន​ដំណើរការ​កន្លះ​ឆ្នាំ​។ ពេលនោះ​ហើយ ដែល​អ្នកគ្រប់គ្រង​បឹង​កា​ឡូ​ជនជាតិ រ៉ូម សម្រេចចិត្តថា មិន​បន្តធ្វើ​អាជីវកម្ម​របស់​សេវា​ទេសចរណ៍​លក្ខណៈ​បែប​ធម្មជាតិ​នេះ​ទៀតឡើយ​។

​ទោះ​បែបនេះ​ក៏ពិតមែន លោក រ៉ូ​ដា និង​មិត្តភក្តិ​ដែល​ធ្លាប់​ចាប់ដៃគ្នា​បម្រើ​ការងារ និង​មានចំណេះដឹង​ខាង​ផ្នែក​បដិសណ្ឋារកិច្ច​ទេសចរណ៍​ជាមួយ​អ្នកគ្រប់គ្រង​ចាស់​ដែលជា​ជនជាតិ​រ៉ូម បាន​រិះរក​វិធីសាស្ត្រ​កែច្នៃ​ជួសជុល​ជាថ្មី​ឡើងវិញ ដើម្បី​រួមចំណែក​លើកកម្ពស់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ផ្តល់ប្រាក់​ចំណូល​ក្នុង​សហគមន៍ និង​ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់ទិសទី​បានមក​លេង​កម្សាន្ត និង​ស្គាល់​ពីអ្វី​ដែលជា​សម្រស់​អេកូ​ទេសចរ​ធម្មជាតិ​ពិតៗ​ដែល​កម្ពុ​ជាមាន​។​

​អ្វីដែល​ជាការ​អន្ទង​ចិត្ត​ភ្ញៀវទេសចរ អោយ​ចង់​អ្នកទេសចរ​ស្គាល់ និង​មកលេង​កម្សាន្ត​រមណីយ​ដ្ឋា​ន​បឹង​កា​ឡូ និង​ផ្ទះសំណាក់ 4Riers Floaing Lodge រមណីយដ្ឋាន​កណ្តាល​ព្រៃ​កោះ​នេះ បាន​ដំណើរការ​ឡើងវិញ​៣​ខែ​ហើយ តាមរយៈ​ផ្ទាំងទស្សនីយភាព​សក្តានុពល​សម្រស់​ព្រៃឈើ​រុក្ខជាតិ​តូចធំ​ដ៏​ខៀវស្រងាត់​តាម​ដងព្រែក ស្តាប់​សម្លេង​សត្វ​បក្សា​ជាច្រើន​ប្រភេទ​ស្រែក​បំពេ​អារម្មណ៍ ទស្សនា​ជីវភាព​រស់នៅ​ពលរដ្ឋ​ក្នុងភូមិ​នេសាទ ភ្លួ​ក​អាហារ​ប្រចាំ​តំបន់​កោះ ទឹកជ្រោះ​ធ្លាក់​ពី​ជ្រលង​ភ្នំ ងូតទឹក​រំសាយ​អារម្មណ៍ ដើរ​បេះ​ផ្លែឈើ​តាម​ចម្ការ​របស់​ប្រជាកសិករ​រស់នៅ​ដី​កោះ និង​មើល​ថ្ងៃ​រៀប​លិច ជាដើម​។​

បើតាម​លោក ជា រ៉ូ​ដា ម្ចាស់​បឹង​កា​ឡូ​វ័យក្មេង​ដដែល នេះហើយ ជាទី​កន្លែង​ដែល​លោកអ្នក​អាច​រំសាយ​ទុក្ខ​ក្នុង​ចិត្ត​ជាមួយ​ភាព​ធុញថប់​នឹង​អ្វីមួយ​ប្រែ​មកជា​ស្រស់ស្រាយ​ប្រកបដោយ​សុខ​សុវត្ថិភាព​។ ចំណែកឯ អ្នក​ទើប​រៀបការ​ថ្មីថ្មោង ឬ​មានបំណង​ចង់​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​ដែល​ផ្សាភ្ជាប់​ទៅនឹង​សម្រស់​ធម្មជាតិ​តាម​ដងព្រែក​លើ​កោះ​បែប​រ៉ូ​មែន​ទិច អាច​ស្នាក់​នៅតាម​តម្រូវការ ព្រមទាំង​មានកម្ម​វិធី​Discount ពិសេស​ទៀតផង​។

លោក ជា រ៉ូ​ដា​៖ «​ជា​បំនង​ចង់អោយ​ភ្ញៀវទេសចរ​ជាតិ មកលេង​កម្សាន្ត​អោយ​ច្រើនៗ ស្គាល់​ពីអ្វី​ដែលជា​ជំរុំ​ធម្មជាតិ​បែប​ស្ងាត់ និង​រ៉ូ​មែន​ទិច រមណីយដ្ឋាន​ខ្ញុំ​មានការ​បញ្ចុះតម្លៃ​តាម​រដូវ​កាល​នីមួយៗ តម្លៃ​អាច​ចាប់ពី​៩០​ទៅ​១៩០​ដុល្លារ​។ រដូវ​កាល​ដែលមាន​ភ្ញៀវទេសច​មក​កម្សាន្ត​ច្រើន​គឺ​រដូវប្រាំង មានបុណ្យ​ទាន​ធំៗ រីឯ​រដូវ​ថយចុះ​ភ្លៀវ គឺ​ពេល​មាន​ភ្លៀង​ធ្លាក់ ចំពោះ​សុវត្ថិភាព​ស្នាក់នៅ​វិញ គឺ​ល្អប្រសើរ​ណាស់​»​។​

យុវជន​ឡាយ សម្បត្តិ និង​យុវតី ម៉ៅ ស្រី​ពេជ្រ ដែល​ធ្វើដំណើរ​កម្សាន្ត​លក្ខណៈ​ជា​ក្រុមការងារ​មកពី​រាជធានី​ភ្នំពេញ បង្ហាញ​ចំណាប់អារម្មណ៍​លើកដំបូង​របស់​ពួកគេ ក្រោយ​បានឃើញ​សម្រស់​ព្រៃ​ប្រឹក្សា និង​មិន​ធ្លាប់​ស្នាក់នៅ​កណ្តា​លកោះ ស្ថិត​ភូមិ​កោះអណ្តែត ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង យ៉ាង​ដូច្នេះ​ថា ពួកគេ​ពិតជា​ស្រស់ថ្លា​នឹង​ជីវិត​រស់នៅ​បែប​ធម្មជាតិ​នៅទីនេះ​ដែល​ពុំ​ងាយ​បានមក​ស្គាល់​ឡើយ ពោលគឺ​ចាប់ពី​ការ​ជិះទូក​មកពី​គល់ស្ពាន​តា​តៃ​រហូតមកដល់​រមណីយ​ដ្ឋា​ន​។

យុវជន​ទាំងពីរ​រូបនេះ អះអាង​ទៀតថា និយាយ​ពី​តម្លៃ​សេវាកម្ម​ហូបចុក ស្នាក់នៅ និង​សុវត្ថិភាព​យប់​ថ្ងៃ​វិញ សមល្មម​ទទួលយកបាន សម្រាប់​ជីវភាព​ភ្ញៀវទេសចរ​ក្នុងស្រុក នាពេល​បច្ចុប្បន្ន ដែល​ចូលចិត្ត​ដំណើរការ​កម្សាន្ត​បែប​ធម្មជាតិ​។ ប្រសិនបើជា​ថ្ងៃ​ណាមួយ ពួកគេ​មាន​ពេលវេលា​ល្អ នឹង​មក​កម្សាន្ត​លេង​ជាថ្មី​។​

លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង និង​មន្ទីរ​ទេសចរណ៍​ខេត្ត តែង​កំណត់​វេលា​ចុះមក​ផ្សព្វផ្សាយ​អប់រំ​យល់ដឹង​បន្ថែម​ពី​របៀប​ស្វាគមន៍​ទំនាក់ទំនង​ភ្ញៀវ រៀបចំ​ទុកដាក់​សម្អាត​អនាម័យ​បរិស្ថាន​អោយបាន​ស្អាត​ល្អ ព្រមទាំង​បង្កើន​ការពង្រឹង​គុណភាព​ចំណីអាហារ​សេវាកម្ម​ជូន​អតិថិជន​ជាប្រចាំ​។ ពីព្រោះ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ​មួយ​នេះ មាន​សំបូរ​ទៅដោយ​សម្បត្តិ​ធនធានធម្មជាតិ​ចម្រុះ​កែច្នៃ​រួច និង​មិនទាន់​កែច្នៃ​ជាច្រើន ពិសេស​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​តា​តៃ​ដែល​គ្រប់គ្នា​ចង់​មក​ស្គាល់ និង​ស្រង់ក្លិន​ខ្យល់​បរិស្ថាន នាពេល​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ ឬ​ធុញ​ទ្រាំ​នឹង​អ្វីមួយ​ក្នុង​ចិត្ត​។​

​លោក ធិ​ន សម្បត្តិ តំណាង​ប្រធាន​សហគមន៍​អេកូ​ទេសចរ​ធម្មជាតិ​ទឹកជ្រោះ​តា​តៃ​ក្រោម ថ្លែងថា ក្នុង​ថ្ងៃ​ចុង​សប្តាហ៍​ធម្មតា យ៉ាងហោចណាស់ ក៏មាន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ក្នុង​សហគមន៍​របស់លោក​ពី​៤០០​ទៅ​៥០០​នាក់​ដែរ ដោយ​ភាគច្រើន​អ្នកទេសចរ​ចូលចិត្ត​ជិះទូក​គយគន់​មើល​ទិដ្ឋភាព​តាម​ដងព្រែក ងូតទឹក​ជ្រោះ និង​ទៅ​ស្នាក់នៅ​បឹង​កា​ឡូ​4Riers ។ រាល់​ការធ្វើដំណើរ​កម្សាន្ត សុទ្ធតែ​ត្រូវបាន​ធានា​ពី​សុវត្ថិភាព​បំផុត​ពី​អ្នកផ្តល់​សេវាកម្ម​។​

ចំណូល​ជា​ថវិកា​ដែល​បានមកពី​សេវាកម្ម​ដឹក​ជ​ញ្ចូ​ន​ភ្ញៀវទេសចរ ប្រធាន​សហគមន៍​ធម្មជាតិ​តា​តៃ​ក្រោម​បែង​ចែកជា​ភាគរយ​ជូន​ពលរដ្ឋ​ជា​សមាជិក​របស់ខ្លួន​ប្រមាណ​៤០​គ្រួសារ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ ជំនួស​អោយ​ការមិនធ្វើ​ចំណាក់ស្រុក​ទៅ​បម្រើ​ការងារ​នៅតាម​បណ្តា​ខេត្ត និង​ប្រទេស​ផ្សេងៗ​។​

ទាក់​ទិ​ង​នឹង​ការ​កិច្ច​បដិសណ្ឋារកិច្ច ផ្គត់ផ្គង់​សេវាកម្ម​ចំណីអាហារ សន្តិសុខ​សណ្តាប់ធ្នាប់ និង​ការ​គ្រប់​កាកសំណល់​សំរាម​ជា​រឿង​សំខាន់​ដែល​ចាំបាច់​ត្រូវតែ​យកចិត្តទុកដាក់​។ The 4 Rivers Floating Lodge នេះ​គឺជា​រមណីយដ្ឋាន​ដំបូង និង​ល្អ​មួយ​សម្រាប់​ការ​ស្នាក់​នៅក្នុង​សណ្ឋាគារ ដែល​សាងសង់ឡើង​តាម​បច្ចេកវិទ្យា​ទំនើប និង​វត្ថុធាតុដើម​ស្រាលៗ ដោយ​មួយផ្នែក​នៅលើ​ទឹក និង​មួយផ្នែក​ទៀត​នៅលើ​គោក​។

ហើយ​វា​ក៏ត្រូវ​អាជ្ញាធរ​ចាត់ទុក​ស្ថិតនៅក្នុង​តំបន់​រមណីយដ្ឋាន​សហ​គម​ន៍​ទេសចរណ៍ធម្មជាតិ​តា​តៃ​ក្រោម​របស់​ខេត្ដ​កោះកុង ដែល​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ សម្រាប់​ស្រ​បយក​ចំនួន​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍​មក​លំហែកាយ​ជាមួយនឹង​សម្រស់​ធម្មជាតិ​ដ៏​អស្ចារ្យ​ដែល​មិន​ធ្លាប់​បានឃើញ​ពីមុនមក​។​

​លោក សន ស៊ី​នឿន និង​លោក សន ណា​រ៉ែ​ន បុគ្គលិក​បម្រើសេវា​កម្ម​ទេសចរណ៍​របស់​4Riers Floaing Lodge អះអាង​រួមគ្នា​អ្វីដែល​ពួកខ្លួន​កំពុង​ធ្វើ​លើ​វិស័យ​ទេសចរណ៍​ថា ដើម្បី​ផ្តល់​ទំនុកចិត្ត និង​សុវត្ថិភាព​ជូន​ភ្ញៀវ​ដែល​មក​ស្នាក់នៅ​កម្សាន្ត តាមរយៈ​ពាក្យសម្តី​រាក់ទាក់ ផ្តល់​ចំណីអាហារ នាំ​ភ្ញៀវ​មើល​ទិដ្ឋភាព​នានា និង​បកប្រែ​ភាសា មិន​អ្នកទេសចរ​ទាស់ចិត្ត​ឡើយ​។​

ចំពោះ​ត្រី​សាច់ បន្លែ ផ្លែឈើ ដែល​យកមក​ចម្អិន​ធ្វើជា​អាហារ​ជូន​ភ្ញៀវ បញ្ជា​ទិញ​ពី​ហាង​មាន​អាជ្ញា​បណ្ណ​ស្របច្បាប់​ត្រឹមត្រូវ ក្រោយ​ចិត​ចម្អិន នឹង​បែង​ចែកជា​សំរាម​រាវ និង​ស្ងួត ជៀសវាង​បង្ក​ប៉ះពាល់​ដល់​អនាម័យ​បរិស្ថាន​៕B/