ជំរឿននិងជួយឲ្យរាជរដ្ឋាភិបាលអាចរៀបចំតាក់តែងគោលនយោបាយបានត្រឹមត្រូវ

781
ចែករម្លែក

ដោយ:វ៉ៃកូ/ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន​គណៈកម្មាធិការជំរឿន​ទូទៅប្រជាជនខេត្តស្វាយរៀង ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានមានប្រសាសន៍ថាៈជំរឿនគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ជាតិ ដែលអាចឲ្យយើងទទួលបានទិន្នន័យ ប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរាជរដ្ឋាភិបាលអាចរៀបចំតាក់តែងគោលនយោបាយ បានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋ ហើយទិន្នន័យស្ថិតិដែលប្រមូលបានតាមរយៈការធ្វើជំរឿន នឹងក្លាយជាទិន្នន័យមូលដ្ឋានយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍ និងត្រួតពិនិត្យវាយតម្លៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ព្រមទាំងវាយតម្លៃការសម្រេចបាន ការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

លោក ម៉ែន វិបុល បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី នៅក្នុង​ពិធី​ប្រកាសផ្សព្វផ្សាយគណៈកម្មាធិការជំរឿនទូទៅប្រជាជន ខេត្តស្វាយរៀង ឆ្នាំ២០១៩ ថ្នាក់ខេត្ត និងក្រុង ស្រុក ដែលប្រារព្ធធ្វើនៅសាលប្រជុំធំ អគារ ឃ សាលាខេត្តស្វាយរៀង ។

លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០១៩នេះ គឺជាលើកទី៤ ដែលព្រះរាជាណាចក្រកម្ពុជា បានរៀបចំជំរឿនទូទៅប្រជាជន បន្ទាប់ពីបានរៀបចំប្រកបដោយជោគជ័យ ចំនួន ៣លើករួចមក ហើយ​ជំរឿន​លើកទី៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-១៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ រាជរដ្ឋាភិបាលបានប្រើប្រាស់​ថវិកាជាតិស្ទើរតែទាំងស្រុងសម្រាប់រៀបចំ ដែលខុសពីជំរឿនប្រជាជន ឆ្នាំ១៩៩៨ និងជំរឿនប្រជាជន​ឆ្នាំ​២០០៨ ដែលភាគច្រើនទទួលបានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិប្រជាជន​របស់អង្គការ​សហប្រជាជាតិ (UNFPA) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលនេះក៏ព្រោះ​តែកត្តា​សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមនុញ្ញផលនៃនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំ​ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ៕B/