ជំរឿន​២០១៩ ៖​ ភ្នំពេញ​មាន​ប្រជាជន​រស់នៅ​ច្រើនជាងគេ​គឺ​ជាង​២​លាន​នាក់​

150
ចែករម្លែក

ដោយៈ​សុផល​:​ភ្នំពេញ​៖ រាជធានី​ ខេត្ត​ដែលមាន​ប្រជាជន​រស់នៅ​ច្រើនជាងគេ​នៅ​កម្ពុជា រួមមាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តព្រៃវែង​។​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ បានប្រកាស​បែបនេះ​ក្នុង​ពិធី​ប្រកាស​តួលេខ​បណ្តោះ​នៃ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩​។​

លោក​បានឱ្យដឹងថា​៖​រាជា​ធានី​ភ្នំពេញ​មាន​ប្រជាជន​ខ្ពស់​ជាងគេ​ឈរ​នៅ​លំដាប់​លេខ​១​គឺមាន​ចំនួន ២.១២៩.៣៧១ នាក់ (១៣,៩%) ហើយ​ខេត្តកណ្តាល ឈរ​នៅ​លំដាប់​ទី​២ មាន​ចំនួន ១.១៩៥.៥៧​នាក់ (៧,៨%) និង​ខេត្តព្រៃវែង ឈរ​លំដាប់​លេខ​៣ មាន​ចំនួន ១.០៧.៤២៨​នាក់​(៦,៩%)​។​

ប្រភព​ជំរឿន​ឆ្នាំ​២០១៩​នេះ បានឱ្យដឹងថា កម្ពុ​ជាមាន​ប្រជាជន​សរុប ១៥,២​លាន​នាក់ ក្នុងនោះ​មាន​នារី​ចំនួន​៧,៨​លាន​នាក់ ដែល​ច្រើនជាង​បុរស​ប្រមាណ​៤​សែន​នាក់​ឯណោះ​។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន បាន​រំលឹកថា កាលពី​ជំរឿន​ប្រជាជន​នៅ​ឆ្នាំ​១៩៦២ ដែល​ពេលនោះ​ប្រជាជន​កម្ពុជា​មានតែ ៥,៧ លាន​នាក់​នោះ ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ខកខាន​អស់​រយៈពេល ជាង ៣ ទសវត្សរ៍​ដោយសារ​វិបត្តិ​ផ្ទៃក្នុង​។​បន្ទាប់ពី​អាក់ខាន ៣៦ ឆ្នាំ ជំរឿនរបស់​ប្រទេស​កម្ពុជា​លើកទីមួយ​ឆ្នាំ​១៩៩៨ ត្រូវបាន​រៀបចំឡើង​ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស ហើយលទ្ធផល​ជំរឿន​ប្រជាជន ឆ្នាំ​១៩៩៨ បានផ្តល់​នូវ​តួលេខ​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ យ៉ាង​ទូលំទូលាយ​អំពី​ចរិតលក្ខណៈ​ទិន្នន័យ​ស្ថិតិ ប្រជាជន​កម្ពុជា​។ លើសពីនេះ​ទៀត ជំរឿន​ប្រជាជន​ឆ្នាំ​១៩៩៨ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាន​ចូលក្នុង​ផែនទី​ជំរឿន​នៅលើ​ពិភពលោក​។ ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០០៨ គឺជា​ជំរឿន​លើក​ទី​ពីរ បន្ទាប់ពី​ការបង្កើត​រដ្ឋាភិបាល តាម​ការបោះឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​១៩៩៣​។​

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន បាន​បន្តថា យោងតាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជា​តិ និង​យោងតាម​ច្បាប់​ស្តីពី​ស្ថិតិ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដឹកនាំ​ការធ្វើជំរឿន​រៀងរាល់ ១០ ឆ្នាំ​ម្តង ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៩៨​។ ផ្អែក​តាម​ជំរឿន ឆ្នាំ​២០០៨ ដែល​បាន​អនុវត្ត​ន៍ជាមួយ​កាលបរិច្ឆេទ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០០៨ នោះ យើង​ត្រូវអនុវត្តន៍នៅ​ឆ្នាំ​២០១៨ ជាក់ស្តែង ១០​ឆ្នាំ តាមច្បាប់​កំណត់ ក៏ប៉ុន្តែ​ដោយសារ​មិនមាន​ដៃគូ​ជួយ​ដូច​កាល​ជំរឿន​មុនៗ យើង​ត្រូវ​ស្នើ​ថវិកាជាតិ​។ ដោយសារ​ឆ្នាំ​២០១៨ មាន​ព្រឹត្តិការណ៍​សំខាន់​ធំ​មួយ​គឺ​ការបោះឆ្នោត​សកល ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី បានសម្រេច​លើក​ពេល​ជំរឿន​មក​ឆ្នាំ​២០១៩ ដោយ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថវិកាជាតិ​ទាំងស្រុង​៕Ha​