ជ័យជម្នះ​របស់​នាង​អូ​សា​កា នៅ​កម្មវិធី US Open លើ​នាង​សេរី​ណា វី​លលៀម នាំមក​នូវ​ក្តី​រីករាយ​ដល់​ប្រទេស​ជប៉ុន​ដែល​រងគ្រោះ​មហន្តរាយ​ធម្មជាតិ​

1255
ចែករម្លែក

​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃអាទិត្យ​ទី​៩​កញ្ញា បាន​អបអរសាទរ​ជ័យជម្នះ​ដ៏​ភ្ញាក់ផ្អើល​របស់​នាង ណា​អូ​មី អូ​សា​កា ទល់នឹង​កីឡាការិនី​សញ្ជាតិ​អាមេរិក នាង សេរី​ណា វី​លលៀម ដើម្បី​ឈ្នះ​ពានរង្វាន់ US Open ដោយ​ផ្តល់ដំណឹង​ល្អ​ដ៏​កម្រ​ដល់​ប្រទេស​ជប៉ុន ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយធម្មជាតិ​ដ៏​ប្រល័យ​នៅ​រដូវក្តៅ​នេះ​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ បានចេញ​មុខ​អបអរសាទរ​នាង​អូ​សា​កា​មុនគេ​នៅលើ​ធ្វី​ត​ធឺ បន្ទាប់ពី​ជ័យជម្នះ ៦-២ និង ៦-៤ របស់​នាង​នៅ​ញូវយ៉ក​។​

​នាយករដ្ឋមន្ត្រី​បានសរសេរថា “​សូម​អបអរសាទរ​ចំពោះ​ជ័យជម្នះ​របស់​អ្នក​នៅក្នុង​កម្មវិធី US Open​។ កីឡាការិនី​ជប៉ុន​ដំបូង​គេ​ដែល​ឈ្នះ​ពានរង្វាន់​ក្របខ័ណ្ឌ Grand Slam សូម​អរគុណ​សម្រាប់​ការផ្តល់​ថាមពល​និង​ការ​បំផុសគំនិត​លើកទឹកចិត្ត​ដល់​ប្រទេស​ជប៉ុន​ទាំងមូល​”​។​

​កាលពី​ថ្ងៃអាទិត្យ លោក​អា​បេ​បាន​កំពុងធ្វើដំណើរ​ទៅកាន់​កោះ​ហុក​កៃ​ដូ​ភាគ​ខាងជើង កន្លែង​ដែល​រញ្ជួយ​ដី​ដ៏​ធំ​កាលពី​សប្តាហ៍​មុន​បានធ្វើឱ្យ​រអិល​បាក់​ដីស​ង្ក​ត់​កប់​ផ្ទះ​ជាច្រើន​នៅក្នុង​ទីប្រជុំជន​ជនបទ​មួយ ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច ៣៥ នាក់​និង​របួស​រាប់រយ​នាក់​ទៀត​។​

​ទូរទស្សន៍ NHK បាន​ផ្អាក​ការផ្សាយ​ផ្ទាល់ ២៤ ម៉ោង​អំពី​គ្រោះមហន្តរាយ​នេះ​មួយ​ភ្លែត ដើម្បី​ងាក​មករក​ព័ត៌មាន​ដ៏​រីករាយ​នេះ​។​

​ប៉ុស្តិ៍​នេះ​បាន​ផ្សាយ​ព័ត៌មាន​ធំ​របស់ខ្លួន​ថា “​អូ​សា​កា​បានឈ្នះ​ពានរង្វាន់ US Open ផ្នែក​នារី ហើយ​បាន​ក្លាយជា​ជនជាតិ​ជប៉ុន​ដំបូង​គេ​ដែល​បានឈ្នះ​ពានរង្វាន់​ក្របខ័ណ្ឌ Grand Slam”​។​

​កាសែត​កីឡា Sports Nippon បាន​និយាយថា អូ​សា​កា​បានទទួល “​ជ័យជម្នះ​ទាំងស្រុង​” លើ​នាង​សេរី​ណា ដែល​ខឹងសម្បារ​រហូត​វាយកម្ទេច​រ៉ាកែត​របស់​នាង​ចោល​។​

​កាសែត​ប្រចាំថ្ងៃ Asahi Shimbun បាន​និយាយ​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ​ថា ខ្លួន​នឹង​បោះពុម្ព​ទំព័រ​បន្ថែម​និង​ចែកចាយ​វា​នៅ​តូ​ក្យូ​។​

​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​នឹងត្រូវ​ចងចាំ​ជា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​កីឡាការិនី​វ័យ ២០ ឆ្នាំនេះ​លើ​នាង​វី​លលៀម ដែល​ហៅ​លោក​អាជ្ញាកណ្តាល​ថា “​ចោរ​”​។​

​កាយវិការ​ច្រឡោងខាម​របស់​នាង​វី​ល​បាន​ល្បី​ខ្លាំង​ជាង​ជ័យជម្នះ​របស់​នាង​អូ​សា​កា ដែល​ឈ្នះ​ពានរង្វាន់​នេះ​ជា​លើក​ទី ២ ក្នុង​ក្របខ័ណ្ឌ Grand Slam បន្ទាប់ពី​បានឈ្នះ​ជា​លើកដំបូង​នៅ​កម្មវិធី Indian Wells កាលពី​ខែមីនា​។​

​នាង​អូ​សា​កា​មាន​សញ្ជាតិ​២​គឺ​អាមេរិក​និង​ជប៉ុន ហើយ​តែងតែ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ជា​ភាសា​អង់គ្លេស ដោយ​សុំទោស​ចំពោះ​ការមិន​ចេះ​និយាយ​ពាក្យ​ត្រឹមត្រូវ នៅពេល​នាង​និយាយ​ភាសា​ជប៉ុន​។​

​ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ​ជប៉ុន​នៅលើ​បណ្តាញ​សង្គម​រីករាយ​នឹង​ទទួលស្គាល់​នាង​ជា​ជនជាតិ​ជប៉ុន​ម្នាក់​នៅក្នុង​ថ្ងៃជ័យ​ជម្នះ​ដ៏​ធំ​បំផុត​របស់​នាង​។​

​អ្នកគាំទ្រ​ម្នាក់​នៅលើ​ធ្វី​ត​ធឺ​បាន​និយាយថា “​បទសម្ភាសន៍​របស់​នា​ង​បាន​បង្ហាញថា​នាង​ជា​ជនជាតិ​ជប៉ុន​យ៉ាងច្បាស់​ក្រឡែត ដោយ​មិន​គិតពី​កន្លែង​ដែល​នាង​បានកើត កន្លែង​ដែល​នាង​ធំធាត់ ពណ៌​សម្បុរ​របស់​នាង និង​ភាសា​ដែល​នាង​និយាយ​នោះឡើយ​។ អ្នក​គឺជា​មោទនភាព​របស់​ជប៉ុន​”៕ ដោយ៖ កញ្ញាដាលីស

នាង​អូ​សា​កា យកឈ្នះ​លើ​ជើង​ខ្លាំង​លើ​ពិភពលោក សេរី​ណា វី​លលៀម ដើម្បី​ឈ្នះ​ពានរង្វាន់​ក្នុង​កម្មវិធី US Open ជា​លើកដំបូង​ឱ្យ​ជប៉ុន