លោកស្រីណាឌៀ មូរ៉ាត( Nadia Murad) សកម្មជនអ៊ីរ៉ាក់មកពីក្រុមជនជាតិភាគតិចយ៉ាហ្ស៊ីឌី បានជួបប្រធានាធិបតីនៃប្រទេសរបស់លោកស្រីនៅទីក្រុងបាកដាដកាលពីថ្ងៃពុធទី១២ធ្នូបន្ទាប់ពីទទួលបានរង្វាន់ណូបែលសន្តិភាពសម្រាប់ការតស៊ូមតិរបស់លោកស្រីក្នុងនាមជនរងគ្រោះទាំងឡាយនៃអំពើហិង្សាផ្លូវភេទក្នុងពេលសង្រ្គាម។
លោកស្រី Nadia Murad ជួប ប្រធានាធិបតី លោក Barham Salih
នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធ
លោកស្រីមូរ៉ាត ជាសមាជិកនៃជនជាតិភាគតិចយ៉ាហ្ស៊ីឌី របស់អ៊ីរ៉ាក់ បានស្ថិតនៅក្នុងចំណោមស្ត្រីនិងក្មេងស្រីរាប់ពាន់នាក់ដែលត្រូវបានចាប់ខ្លួននិងបង្ខំឱ្យធ្វើជាទាសករផ្លូវភេទ ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកាលពីឆ្នាំ២០១៤ ។ លោកស្រីបានក្លាយជាសកម្មជនម្នាក់ក្នុងនាមស្ត្រីនិងក្មេងស្រីច្រើននាក់ បន្ទាប់ពីបានគេចខ្លួននិងស្វែងរកការជ្រកកោននៅប្រទេសអាល្លឺម៉ង់។
លោកស្រីបានមកដល់ទីក្រុងបាកដាដពីទីក្រុងស្តុកខុល ប្រទេសស៊ុយអែត កាលពីថ្ងៃពុធហើយ ត្រូវបានទទួលជួបដោយប្រធានាធិបតីអ៊ីរ៉ាក់ លោកបាហាម សាលី។
លោកស្រីមូរ៉ាត បានប្រាប់ក្រុមអ្នកដឹកនាំសហគមន៍និងឯកអគ្គរដ្ឋទូតបរទេសនៅវិមានប្រធានាធិបតីថា«វាមិនមានន័យចំពោះរង្វាន់ណូបែលនេះទេ បើគ្មានការងារដែលត្រូវបន្តធ្វើដើម្បីប្រយោជន៍សន្តិភាពនោះ»។
ជនជាតិភាគតិចយ៉ាហ្ស៊ីឌីគឺជាអ្នកដើរតាមនៃជំនឿពីបុរាណដែល ត្រូវបានចាត់ទុកដោយខុសឆ្គងថាជាអ្នកគោរពបូជាខ្មោចអារក្សដោយពួកជ្រុលនិយមនិកាយស៊ុននី។ នៅពេលដែលក្រុមរដ្ឋអ៊ីស្លាម បានវាយលុកចូលភាគខាងជើងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០១៤ នោះ ពួកសកម្មប្រយុទ្ធនេះបានសម្លាប់រង្គាលបុរសជនជាតិយ៉ាហ្ស៊ីឌីរាប់ពាន់នាក់និងបានចាប់ឃុំឃាងស្រ្តីនិងក្មេងស្រីប្រមាណជា៧.០០០នាក់ ដោយបង្ខំឱ្យធ្វើជាទាសករផ្លូវភេទ៕ដោយ:សុខា/sn