ជ័យលាភី​លេខ​១​ខាង​នាំចេញ​អង្ករ​ច្រើនជាងគេ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​បាន​ទៅលើ​ក្រុមហ៊ុន​បៃតង​(​កម្ពុជា​)​ភីអិលស៊ី

358
ចែករម្លែក
  • 18
    Shares

ដោយ​: គ្រញូង / បាត់ដំបង​: ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ ជ័យលាភី​លេខ​១ ខាង​នាំចេញ​អង្ករ​ច្រើនជាងគេ​នៅ​កម្ពុជា បាន​ទៅលើ​ក្រុមហ៊ុន​បៃតង (​កម្ពុជា​) ភីអិលស៊ី ដែលមាន​លោក​ឧកញ៉ា ភួ ពុ​យ ជា​ប្រធាន​ក្រុមហ៊ុន​។​

​ក្រុមហ៊ុន​បៃតង​មាន​រោងចក្រ​ខ្នាត​ធំ ទំនើប និង​មាន​សមត្ថភាព​ផលិត​បាន​អង្ករ​ច្រើនជាងគេ ស្ថិតក្នុង​ខេត្តបាត់ដំបង​ដោយ​ចាប់ផ្តើម​ផលិត កែច្នៃ និង នាំចេញ​អង្ករ​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​អន្តរជាតិ តាំងពី​ឆ្នាំ​២០១០ មកទល់​សព្វថ្ងៃនេះ​។​

​គិត​មកដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បាន​នាំចេញ​អង្ករ​ទៅកាន់​៣៤​ប្រទេស នៅលើ​ពិ​ភ​លោក ដោយ​ទទួលបាន​នូវ​ការគាំទ្រ និង​ការទុកចិត្ត​ខ្ពស់ ពី​សំណាក់​អតិថិជន​ជា​ដៃគូរ​យ៉ាងច្រើន​។

​ក្រុមហ៊ុន​បៃតង​កម្ពុជា ជា​ក្រុមហ៊ុន​ដែលមាន មូលដ្ឋានគ្រឹះ​ជាក់លាក់​ក្នុង​ការផលិត​អង្ករ​នាំចេញ មាន​គុណភាព​ខ្ពស់ និង​បរិមាណ​ធំ ដោយ​ផ្អែកលើ​មូលដ្ឋាន​ផលិត និង​ស្ដង់ដារ​។ ក្រុមហ៊ុន​បៃតង​មាន​ឃ្លាំង​ស្តុក​ស្រូវ​រាប់សែន​តោន មាន​ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ ម៉ាស៊ីនកិនស្រូវ និង​ម៉ាស៊ីន​កែច្នៃ​ដែលមាន​សមត្ថភាព​ផលិត​ធំជាងគេ​នៅ​កម្ពុជា​។

​លោក​ឧកញ៉ា ភួ ពុ​យ ប្រធាន​ក្រុមហ៊ុន​បៃតង បាន​ប្រាប់​រស្មី​កម្ពុជា​ថា ចាប់តាំងពី​ឆ្នាំ​២០០៨ មក ក្រុមហ៊ុន​បាន​បង្កើត​សហគមន៍​កសិករ (​សហគមន៍​បៃតង​) នៅតាម​បណ្ដា​ភូមិ​ឃុំ​ស្រុក ក្នុង​ខេត្តបាត់ដំបង ពោធិសាត់ និង​ខេត្តបន្ទាយមានជ័យ​។ តាមរយៈ​ការបង្កើត​សហគមន៍​បៃតង​នេះ សមាជិក​សហគមន៍​ទាំងអស់ ដែលជា​ប្រជាកសិករ​មូលដ្ឋាន​មានការ​ពេញចិត្ត និង​គាំទ្រ​ជាខ្លាំង ដែល​ក្រុមហ៊ុន​បៃតង​របស់លោក​ឧកញ៉ា ភួ ពុ​យ បាន​ជួយ​ដោះស្រាយ​លើ​បញ្ហាសំខាន់ៗ​ជាច្រើន ពិសេស​បញ្ហា​ទីផ្សារ និង​តម្លៃ​ស្ថិតស្ថេរ​។​

​ក្រុមហ៊ុន​បៃតង​បាន​បង្កើត​នូវ​ទីផ្សារ​ប្រមូល​ទិញ​ពី​សមាជិក​សហគមន៍​មូលដ្ឋាន រក្សាបាន​នូវ​លំនឹង នៃ​តម្រូវការ​ទីផ្សារ​ស្រូវ ក៏ដូចជា​តម្លៃ​ល្អ​សមរម្យ ដែល​ប្រជាកសិករ​អាច​ទទួលយក​បាន​។​

​គួរ​បញ្ជាក់ថា​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨ កន្លងទៅ​ក្រុមហ៊ុន​បៃតង​ក៏​ទទួលបាន​នូវ​ពានរង្វាន់ “​អ្នក​ផលិត​ស្រូវ​-​អង្ករ ឆ្នើម​បំផុត​” ទូទាំងប្រទេស​៕ ល​