អាជ្ញាធរ​កោះកុង​និង​ភាគី​ថៃ​ប្តេជ្ញា​ពង្រីក​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​ ​ ​

1072
ចែករម្លែក

អត្ត​បទ​និង​រូបភាព​ដោយៈ​សុ​ផានី​តា​/​កោះកុងៈ​ក្រុម​អាជ្ញាធរខេត្ត​កោះកុង​និង​ខេត្ត​ត្រាត​ប្រទេស​ថៃ​បាន​ប្តេជ្ញាចិត្ត​រួមគ្នា​លើ​យន្តការ​ទំនាក់ទំនង​សហប្រតិបត្តិការ​និង​បង្កើន​ការពង្រីក​ផ្លាស់ប្តូរ​ផលិតផល​ពាណិជ្ជកម្ម​រវាង​ខេត្ត​ជាប់​ព្រំដែន​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ខណៈ​ខេត្ត​ទាំងពីរ​នេះ​មាន​ផលិតផល​ប្រចាំ​ឃុំ​ស្រុក​រៀងៗ​ខ្លួន​។​

ក្នុង​បើក​ពិ​ព័រណ៍ពាណិជ្ជកម្ម​ផលិតផល​ឃុំ​១ ផលិតផល​១ នៅ​ខេត្ត​ត្រាត លោក ផៃ​ធូ​ន ផ្លា​ម​កេស​ន អភិបាល​ស្តីទី​ខេត្តកោះកុង​បាន លើកឡើងថា​ចរន្ត​ផ្លាស់ប្តូរ​ទំនិញ​ពាណិជ្ជកម្ម​និង​ទេសចរណ៍​នៅតាម​បណ្តោយ​ព្រំដែន​គឺមាន​សារសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

ជា​ទិស​ការងារ​បន្ថែម អភិបាល​ស្តីទី​ខេត្តកោះកុង បាន​ប្តេជ្ញាចិត្ត​កាលពី​រសៀល​ថ្ងៃទី​១ ខែមេសា ថា លោក​នឹង​បង្កើន​ការផ្សព្វផ្សាយ​ផលិតផល​រវាង​ប្រទេស​ទាំងពីរ ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ និង​យល់ដឹង​ពី​គុណភាព​នៃ​ផលិតផល​ថ្នាក់មូលដ្ឋាន​។ បច្ចុប្បន្ន​ខេត្តកោះកុង កំពុងតែ​ប្រែប្រួល​មុខ​ច្រើន សម្រាប់​ការទាក់ទង​អ្នកវិនិយោគ​ថៃ ចិន និង​វៀតណាម​ផងដែរ​។​

ចំណែក លោក សុ​រៈ​ឃិត ប៉​វ៉ន អភិបាលរង​ខេត្ត​ត្រាត ក៏​ឯកភាព​យល់ស្រប​រួមគ្នា​ដែរ​ចំពោះ​ការងារ​ជំរុញ​សក្តានុពល​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​ខេត្ត​ទាំងពីរ​អោយ​កាន់តែ​រីកចម្រើន ខណៈ​មាន​តម្រូវការ​ផ្គត់ផ្គង់​ផលិតផល​ទំនិញ​ហូបចុក និង​សម្ភារៈប្រើប្រាស់​នានា​។​​បើតាម​អភិបាលរង​ខេត្ត​ត្រាត បាន​គូសបញ្ជាក់ថា កម្ពុជា និង​ថៃ ប្រៀប​នឹង​បងប្អូន​គ្នា ហើយ​អាជ្ញាធរ និង​ពលរដ្ឋ​ខេត្ត​ទាំងពីរ តែង​បង្កើត​គំនិត​ច្នៃប្រឌិត សម្រាប់​ដោះដូរ​ទំនិញ​ផ្សេង​តាម​ច្រកព្រំដែន​អន្តរជាតិ​ចាំ​យាម​។​

​គួរ​កត់សម្គាល់ថា ខេត្តកោះកុង មាន​ផលិតផល​ដែលមាន​សក្តានុពល រួមមាន​៖ កាពិ ទឹកឃ្មុំ ម្រេច​អា​រ៉ែ​ង បង្គា​ក្រៀម ស្រា​ចេក និង​ទឹកមាត់​ត្រចៀកកាំ ជាដើម​។ ក្នុងចំណោម​ផលិតផល​ទាំងនេះ ខ្លះ​បាន​ចុះបញ្ជី​ការ​ដោយ ទទួលស្គាល់​ពី​ក្រសួងពាណិជ្ជកម្ម ហើយ​ខ្លះទៀត​ពុំទាន់​អនុវត្ត​នៅឡើយ​។​

អគ្គនាយកដ្ឋាន​ជំរុញ​វិស័យ​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​២៨ កុម្ភៈ កន្លងទៅ ធ្លាប់បាន​ណែនាំ​ដល់​ក្រុម​ម្ចាស់​អត្តសញ្ញាណ​ផលិតផល​សក្តានុពល​ដែលមាន​នៅក្នុង​ខេត្តកោះកុង​ឱ្យ​យល់ដឹង​ពី​របៀប​វេច​ខ្ចា​ប់​រក្សា​គុណភាព​អនាម័យ​ផលិតផល និង​ចុះបញ្ជី​ការអោយ​ស្របទៅតាម​ច្បាប់​ប​ច្ចេស​ទេស​ស្តង់ដារ​។ ចៀសវាង​ការ​ក្លែងបន្លំ​ម៉ាក​យីហោ នាំឱ្យ​ប៉ះពាល់​ក​ត្តិ​យស​ផលិតផល​របស់ខ្លួន មុន​នឹងមាន​វត្តមាន​លក់​ទិញដូរ​នៅលើ​ទីផ្សារ​។​

​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកោះកុង កាលពី​ឆ្នាំ​២០១៧ បានចេញ​លិខិតអនុញ្ញាត​ច្បាប់​ប្រកប​អាជីវកម្ម​ចំនួន​១៧៦​មូលដ្ឋាន និង​សម្របសម្រួល​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ក្នុង​ខេត្ត​បាន​ជាង​៩០​អាជីវកម្ម​៕S/