ជ្រុង​នៃ​វិស័យ​បរិស្ថានៈ​រដ្ឋមន្ត្រី​ជំ​រុញឱ្យ​ការសិក្សា​ជំនាញ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​បាន​ច្រើន​

882
ចែករម្លែក

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ថ្លែង​ទៅកាន់​អ្នកចូលរួម​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​ខែសីហា​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព បាន​ទាញអារម្មណ៍​ថា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺជា​គ្រឹះ​នៃ​សន្តិភាព​របស់​ប្រទេសជាតិ នឹង​នាំឱ្យមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្នុងនោះ​យើង​ចាំបាច់​ត្រូវការ​អ្នកមាន​ជំនាញ​ច្បាស់លាស់​។​

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​(​រូបថត​ក្រសួងបរិស្ថាន​)

លោក​រដ្ឋមន្ត្រី​បញ្ជាក់​បែបនេះ​នៅក្នុង​ពិធី​ជួបជុំ​ពិភាក្សា​អំពី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា រៀបចំ​ជាដំបូង​ដោយ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ។​លោក សាយ សំ​អាល់​បាន​វាយតម្លៃ​ខ្ពស់​នៃ​តួនាទី និង​សារសំខាន់​នៃ​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ និង​វ​បច្ចេកវិទ្យា ដែលជា​ឧបករណ៍​ដ៏​អស្ចារ្យ​ក្នុងការ​បង្ហាញ​នូវ​សេចក្តី​ពិត និង​ការអភិវឌ្ឍ​ប្រទេស​ក្នុង​អនាគត​។ លោក​បន្តថា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺជា​គ្រឹះ​នៃ​សន្តិភាព​របស់​ប្រទេសជាតិ នឹង​នាំឱ្យមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្នុងនោះ​យើង​ចាំបាច់​ត្រូវការ​អ្នកមាន​ជំនាញ​ច្បាស់លាស់​។ លោក​រដ្ឋមន្ត្រី​លើកទឹកចិត្ត​ដល់​និស្សិត​កម្ពុជា​ចាប់យក​ជំនាញ​សិក្សា​លើ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​បាន​ច្រើន​ថែមទៀត ព្រោះ​ការសិក្សា​ស្រាវជ្រាវ​លើ​ជំនាញ​នេះ​មាន​តិចតួច​នៅឡើយ​។​

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​(​រូបថត​ក្រសួងបរិស្ថាន​)

​លោក​សង្កត់ធ្ងន់ថា យើង​ត្រូវ​ហ៊ាន​មើល​ឆ្ងាយ នាពេល​បច្ចុប្បន្ន យើង​រៀន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ដើ​ម្ប​រក្សា​នូវ​ស្ថិរភាព និង​ដើម្បី​ធានា​សន្តិសុខ​របស់​កម្ពុជា​ផងដែរ​។​
​ក្នុង​ព្រឹត្តិការណ៍​នេះ​លោក ទិន ពន្លក អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព បាន​ឲ្យ​ដឹងថា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺមាន​សារសំខាន់​ណាស់​ដែលជា​ធាតុ​ចូល​ក្នុងការ​ផ្តល់នូវ​ការអភិវឌ្ឍ​របស់​ប្រទេស ជាតិ ដែល​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​បាន​វិវត្តន៍​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស ជាមួយ​ការកែច្នៃ​អ្វី ដែល​ថ្មីៗ​សម្រាប់​ប្រើប្រាស់ និង​ផ្គត់ផ្គង់​តម្រូវការ​ប្រចាំថ្ងៃ​។​

សូមបញ្ជាក់ថា គោលបំណង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​ផ្តួចផ្តើម ប្រមូលផ្តុំ​គំនិត​នៃ​អ្នកជំនាញ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដោយ​ផ្តោតទៅលើ​ការពង្រឹង​ក្រមសីលធម៌​នៃ​ការស្រាវជ្រាវ ស្រលាញ់​សច្ចភាព និង​ការ​ចង់ដឹង ដើម្បី​ឈានឆ្ពោះ​ទៅកាន់​ភាពជោគជ័យ​នៃ​ការអភិវឌ្ឍ​ប្រទេស​៕SRN

ទិដ្ឋភាព​នៃ​ពិធី​ជួបជុំ​ពិភាក្សា​អំពី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា រៀបចំ​ជាដំបូង​ដោយ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៅ​ទីស្តីការ​ក្រសួងបរិស្ថាន (​រូបថត​ក្រសួងបរិស្ថាន​)