ជ្រុង​មួយ ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​លើក​ម្មក​រ​កាត់ដេរ​!

255
ចែករម្លែក

​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ដៃគូ​ពាក់ព័ន្ធ​នានា បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ ស្តីពី ការជំរុញ​ការកែលំអ​សុវត្ថិភាពរ​ថ​យន្ត​ដឹក​កម្មករនិយោជិត​។ សិក្ខាសាលា ដែល​បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី ភ្នំពេញ ដើម្បី​គិតគូរ​ពី​សុវត្ថិភាព​ធ្វើដំណើរ​របស់​កម្មករ​និយោជិត ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​គឺជា​ឃាតករ លាក់​មុខ ដែល​ធ្វើឱ្យ​មនុស្ស​ស្លាប់ របួស និង​ពិការ​ជា​រៀងរាល់ថ្ងៃ​។​

​តាម​បទ​បង្ហាញ​ក្នុង​សិក្ខាសាលា នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ អ្នកស្លាប់​ដែល​បណ្តាលមកពី​គ្រោះថ្នាក់​ចរាចរ មាន​ចំនួន ៤៨៨​នាក់ ក្នុងនោះ កម្មករនិយោជិត មាន​រហូតដល់​ទៅ​៣៨​ភាគរយ​នៃ​អ្នក​ដែល​បាន​គ្រោះថ្នាក់ ស្លាប់​សរុប​។

​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​នេះ មិន​អាចឱ្យ​ក្រសួង ស្ថាប័ន ឬ​ផ្នែក​ណាមួយ​ធ្វើការ​ទប់ស្កាត់ កាត់បន្ថយ​ឬ​លុបបំបាត់​តែ ឯង​បានឡើយ ប៉ុន្តែ​យើង​អាច​សហការគ្នា​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ឱ្យ​ស្ថិតនៅ​កម្រិត​ទាប​បំផុត ។​

​ដើម្បី​ដោះស្រាយ​ចំពោះ​ស្ថានភាព​នេះ កន្លងមក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្កើត​ក្រុមការងារ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​គាំពារ​កម្មករនិយោជិត (​ស​.​ផ​.​ក​.) នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដែល មាន​សមាសភាព ជា​ក្រុមការងារ​អន្តរក្រសួង​ក្នុងនោះ មានដូចជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាលា​រាជធានី​ភ្នំពេញ​កាកបាទក្រហម កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា សហជីព​តំណាង​កម្មករនិយោជិត អង្គការ​ជនពិការ​អន្តរជាតិ និង​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ដែលមាន​តួនាទី​សំខាន់​ក្នុងការ​ចូលរួម​លើកកម្ពស់ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​កម្មករនិយោជិត ។​

​ឆ្លងកាត់​សិក្ខាសាលា​រយៈពេល​ពេញ​មួយ​ព្រឹក​នេះ នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ប្រកបដោយ​ផ្លែផ្កា​ក្នុង​ការចូល រួម​អនុវត្ត​ផែនការ​សកម្មភាព “​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចំពោះ​កម្មករនិយោជិត​” ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​បង្កើន​នូវ​កិច្ចសហការ​ក្នុងការ​ចូលរួម​ផ្សព្វ ផ្សាយ​អប់រំ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​គ្រប់​រូបភាព​ក្នុងន័យ​ចូលរួម​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក ដែល​ធ្លាក់​មកលើ​កម្មករនិយោជិត ឱ្យ​ស្ថិតនៅ​កម្រិត​ទាប​បំផុត​។​

​មួយវិញទៀត ក្នុងការ​លើកកម្ពស់​សុ​វត្ថិ​ភាព ផាសុខភាព និង​សណ្តាប់ធ្នាប់​ដល់​បងប្អូន​កម្មករនិយោជិត​ដែល​បាន ធ្វើដំណើរ​តាម​រថយន្ត ដែល​អាចឆ្លើយតប ទៅនឹង​បញ្ហា​ដែល​កំពុង​ប្រឈម​គប្បី​កែលំអរ​រថយន្ត​ដឹក​កម្មករ និយោជិត​ឱ្យមាន​ភាពល្អប្រសើរ និង​កាន់​តែមាន​ប្រសិទ្ធភាព​ស្របទៅតាម​ច្បាប់​បានកំណត់​។​
​ ​
​ក្នុងនោះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស​ក៏បាន​ជំរុញ​ឲ្យ​មានការ​កែសម្រួល​រថយន្ត​ដឹក​កម្មករ​រាល់ថ្ងៃ អោយ​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស ខណៈ​គ្រោះថ្នាក់​ចរាចរ​លើ​រថយន្ត​ដឹក​កម្មករ នៅតែ​បន្ត​កើតមាន គួរ​ឲ្យ​ព្រួយបារម្ភ​។ គ្រោះថ្នាក់​ចរាចរ​លើ​រថ​យន្ត​ដឹក​កម្មករ​កាត់ដេរ នៅពេល​កន្លងមក បណ្ដាល​ឲ្យ​កម្មករ​រងរបួស បាត់បង់​ជីវិត និង​ពិការ​ជា​បន្តបន្ទាប់​។

​នៅ​រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់ កើតឡើង​ចំពោះ​កម្មករ​ជាង ១០០០​លើក​។ ក្នុងនោះ គ្រោះថ្នាក់​ដោយ​រថយន្ត ចំនួន ៣៧​លើក បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ជាង ១៥០០​នាក់ និង​ស្លាប់ ៣៩​នាក់​។ ប្រៀបធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨ តួលេខ​គ្រោះថ្នាក់ មានការ​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ​។​

​បញ្ហា​គ្រោះថ្នាក់​ចរាចរ​លើក​ម្មក​រ​កាត់ដេរ​នេះ នាំ​ឲ្យ​ប​.​ស​.​ស ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ជំរុញ​ឲ្យ​កែលម្អ សុវត្ថិភាព​រថយន្ត​ដឹក​កម្មករ ដែលជា​ផ្នែក​មួយ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ករណី​គ្រោះថ្នាក់​ចរាចរ​ចំពោះ​ការ​កម្មករ និយោជិត​។ ក្នុងនោះ ម្ចាស់​រថយន្ត​ដឹក​កម្មករ​ទាំងអស់ ក៏​ត្រូវយក​រថយន្ត​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស អោយបាន​សមស្រប​តាម​ច្បាប់​កំណត់ ហើយ​អ្នកបើកបរ ត្រូវមាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​ផងដែរ​។​

​ប​.​ស​.​ស លើកឡើងថា បច្ចុប្បន្ន មាន​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករនិយោជិត​ជាង ៤៥០០​នាក់ ក្នុងនោះ​អ្នកមាន ប័ណ្ណបើកបរ​ប្រមាណ ៩៨​ភាគរយ​។ ក្នុងចំណោម​រថយន្ត​ដឹក​កម្មករ​ទាំង​ជាង ៤៥០០​គ្រឿង​មាន​រថយន្ត ទេសចរណ៍ ជាង ១៧០០​គ្រឿង រថយន្ត​ដឹកទំនិញ ជិត ៣០០០​គ្រឿង និង​រ៉ឺម៉ក​ដឹក​កម្មករ​ជិត ៤០០ គ្រឿង​។​

​បញ្ហា​គ្រោះ​ថ្នាក់លើ​រថយន្ត​ដឹក​កម្មករ​កាត់ដេរ ក្នុងពេល​កន្លងមក កើតឡើង​ដោយសារតែ​ការផ្ទុក​លើស​ចំណុះ បើកបរ​លើស​ល្បឿន​កំណត់ និង​បញ្ហា​អ្នកបើកបរ មិន​គោរព​ច្បាប់ ជាដើម​។​

​នៅពេល​កើតមាន​គ្រោះថ្នាក់​ចរាចរ ឡាន​ដឹក​កម្មករ ក្រឡាប់​ធ្លាក់​ផ្លូវ ឬក៏​បុក​ប៉ះ​ជាមួយនឹង​ឡាន​ដឹកទំនិញ កន្លងមក គឺ​ឡាន​ប្រភេទ​ទេសចរណ៍ ១២​កៅអី បាន​ផ្ទុក​កម្មករ​ដល់​ទៅ ៤០​នាក់ ឬក៏​ជា​ឡាន​កាំ​មី​ញ៉ុ​ង ឡាន​កូរ៉េ​ដឹកទំនិញ ក៏​ផ្ទុក​កម្មករ​ច្រើន​លើស​ចំណុះ ដោយ​មិនមាន​កៅអីអង្គុយ​ត្រឹមត្រូវ​ទេ គឺ​ឈរ​ប្រជ្រៀត​គ្នា​។ ហេតុនេះហើយ ទើប​នៅពេល​មាន​បញ្ហា​គ្រោះថ្នាក់ ដោយ​ក្រឡាប់​ធ្លាក់​ផ្លូវ ឬក៏​បុក​ប៉ះ​ម្តងៗ គឺមាន​អ្នករងគ្រោះ​ច្រើន​។​

​ការផ្ទុះ​លើស​ចំណុះ​នេះ ដោយសារតែ​កម្មករ​ខ្លួនឯង ចង់​ជិះឡាន​ដាក់​ខែ​ពី​ផ្ទះ​ទៅ​រោងចក្រ ក្នុងតម្លៃ​ធូរ​ថ្លៃ​ដោយ​បង់ ត្រឹមតែ ១០ ដុល្លារ​ក្នុង​ម្នាក់ ឬក៏​លើស​នេះ​បន្តិចបន្តួច​។ រីឯ​ម្ចាស់​ឡាន​វិញ ដោយសារតែ​យក​ធូរ​ថ្លៃ​ពី​អ្នកជិះ​ដូច្នេះ ទើបត្រូវ​ដាក់​មនុស្ស​ឲ្យ​បាន​ច្រើន​។ ម្យ៉ាងទៀត ពេលខ្លះ ដោយសារតែ​ស្ទះផ្លូវ ឬក៏​ខក​ម៉ោង​កម្មករ​ចូលធ្វើការ ក៏​អ្នកបើកបរ​ត្រូវ​ជាន់​ហ្គែ បន្ថែម​ល្បឿន ហើយ​នៅ​ផ្លូវ​កោង ឬ​ជួប​ឧបទ្ទវហេតុ ត្រូវ​ជាន់​ហ្វ្រាំង​តែដោយសារ​តែមាន អ្នកជិះ​ច្រើន ហើយ​ឈរ​ទៀត ក៏​រេ បណ្តាល​ឲ្យ​ក្រឡាប់ ធ្លាក់​ផ្លូវ ជាដើម​។​

​សរុបមក ដើម្បី​កាត់បន្ថយ ឈានទៅ​លុបបំបាត់​គ្រោះថ្នាក់​ចរាចរណ៍ លើ​កម្មករនិយោជិត​ដែល​នាំ​ឲ្យ​រោងចក្រ សហគ្រាស ត្រូវ​បាត់បង់​កម្លាំង​ពលកម្ម​នោះ ទាមទារ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា​។ ដំបូង អាជ្ញាធរ​សមត្ថកិច្ច គឺ​ក្រសួង​ការងារ និង​នគរបាល ចូលរួម​រឹតបន្តឹង ហើយ​កំណត់​ទៅកាន់​ម្ចាស់​រោងចក្រ​សហគ្រាស​តែម្តង​ដោយ​ត្រូវ ដាក់​កំហិត​ដល់​ម្ចាស់​ឡាន​ដឹក​កម្មករ​ទាំងអស់ មិនត្រូវ​ផ្ទុក​មនុស្ស​លើស​ចំណុះ​ឡាន​ត្រូវ​ស្របតាម​លក្ខណៈ បច្ចេកទេស​ត្រឹមត្រូវ​ហើយ​អ្នកបើកបរ​ទាំងអស់ ត្រូវមាន​បណ្ណ​បើកបរ និង​ត្រូវគោរព​ច្បាប់​ចរាចរណ៍​គ្រប់ពេល​។​

​ក្នុងករណី ឡាន​ដឹក​កម្មករ​ណាមួយ ផ្ទុក​លើស​ចំណុះ ដាក់​មនុស្ស​ជិះ​ច្រើន ហើយ​អ្នកបើកបរ មិនមាន​ប័ណ្ណបើកបរ និង​មិនចេះ​ច្បាប់​ចរាចរណ៍​ទេ ត្រូវ​ឈប់​ឲ្យ​ឡាន​នោះ ដឹក​កម្មករ​តទៅទៀត​។ រីឯ​កម្មករ​កាត់ដេរ​ខ្លួនឯង​ក៏ត្រូវ​តែ​រក ឡាន ឬ​រ៉ឺម៉ក់​ម៉ូតូ​ណា ដែល​មិន​ដាក់​មនុស្ស​ជិះ​ច្រើនពេក ហើយក៏​មិន​បើក​លឿនៗ ពេក​នោះទេ​។ ព្រោះថា​នៅពេល កើតហេតុ ក្រឡាប់ ឬ​ជួប​គ្រោះថ្នាក់​បុក​ប៉ះគ្នា គឺ​រងគ្រោះ​មុនគេ ជា​កម្មករនិយោជិត ដែល​ជិះឡាន​ផ្ទាល់​រីឯ​រោងចក្រ សហគ្រាស ក៏ត្រូវ​បាត់បង់​កម្លាំង​ពលកម្ម គ្មាន​កម្មករ​ធ្វើការ បើសិនជា​ពួកគាត់​ជួប​បញ្ហា​គ្រោះថ្នាក់ ចរាចរ​កើតឡើង ជាយថាហេតុ​ណាមួយ ដោយសារតែ​ការមិន​បាន​ត្រួតពិនិត្យ​លើ​ឡាន​ដឹកជញ្ជូន​។​

​ចំពោះ​ម្ចាស់​ឡាន​ឈ្នួល និង​អ្នកបើកបរ​ឡាន​ដឹក​កម្មករ គឺ​សំខាន់​ណាស់​ដោយ​ត្រូវមាន​ការទទួលខុសត្រូវ​ខ្ពស់​លើ សុវត្ថិភាព​របស់​កម្ម​ករ​និយោជិត ដែលជា​អ្នក​ជិះឡាន​របស់ខ្លួន​។ ឡាន​ត្រូវ​យកទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស តាមច្បាប់​កំណត់ ហើយ​អ្នកបើកបរ ត្រូវ​ឆ្លងកាត់​ការរៀន​បើកបរ និង​ប្រឡង យក​ប័ណ្ណបើកបរ​តាមច្បាប់​ពិសេស ពេល​បើកបរ ត្រូវគោរព​ច្បាប់ និង​ត្រូវមាន​ការយោគយល់ អធ្យាស្រ័យ​ជានិច្ច​។​

​មួយវិញទៀត បើ​អាច​រោងចក្រ​សហគ្រាស គួរតែ​មានផ្ទះ​ស្នាក់នៅ​ជិត​រោងចក្រ​សហគ្រាស ហើយ​ជួល​ក្នុងតម្លៃ​ធូរ​ថ្លៃ ឬក៏​រៀបចំ​ឡាន ដែលមាន​ផាល​សុខភាព សម្រាប់​ដឹកជញ្ជូន​កម្មករនិយោជិត ពី​រោងចក្រ​សហគ្រាស​ទៅកាន់​ផ្ទះ ស្នាក់នៅ ដោយ​មិន​គិតថ្លៃ ឬក៏​គិតថ្លៃ​ក្នុងតម្លៃ​ធូរ​ថ្លៃ ក៏​ល្អ​ដែរ​៕