ជ្រូក​ក្រចក​ប្រាំ ហាម​ចិញ្ចឹម​ដាច់ខាត បើ​មិន​ចង់បាន​បញ្ហា​!

1248
ចែករម្លែក

ចិញ្ចឹម​ជ្រូក​ក្រចក​ប្រាំ ធ្វើឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ ឬ​អាច​ឈានដល់​អាយុជីវិត​

ពេល​តា កែម កាត់​ច្រច​ក​ជ្រូក​នេះហើយ រំលង​មិនបាន​ប៉ុន្មាន​ផង គោ​គាត់​ហើមពោះ​ស្លាប់​

​ជ្រូក​ក្រចក​ប្រាំ​ត្រូវបាន​ចាស់ៗ​ផ្ដាំ​តកូនតចៅ​មិនឱ្យ​ចិញ្ចឹម​ដាច់ខាត ព្រោះ​បើ​ហ៊ាន​ជម្នះ​ចង់​ចិញ្ចឹម​នោះ ប្រាកដជា​នាំ​រឿង​មិនល្អ ឬ​កើត​ហេតុភេទ​អាក្រក់​ណាមួយ ដល់​ក្រុមគ្រួសារ​អ្នក​ចិញ្ចឹម​នោះ​មិន​ខាន​។​​បើតាម​ព្រឹទ្ធាចារ្យ អ៊ួ​ង ស៊ុំ បាន​ប្រាប់ថា ជ្រូក​ក្រចក​ប្រាំ​ពិតជា​ចង្រៃ ឬ​នាំ​សំណាង​មិនល្អ ដល់​ក្រុមគ្រួសារ​។ កាលណា​ប្រជាកសិករ​យកមក​ចិញ្ចឹម ប្រាកដជា​ធ្វើឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ ឬ​អាច​ឈានដល់​អាយុជីវិត​ម្ចាស់​ផង​ក៏មានដែរ​។​

​ព្រឹទ្ធាចារ្យ​វ័យ ៨១ ឆ្នាំ​ខាងលើ លើកឡើង​ដូច្នេះ​៖ “​ពិតមែន​ចៅ ជ្រូក​ក្រចក​ប្រាំ​ហ្នឹង​ពិតជា​ចង្រៃ​មែន អាហ្នឹង​វា​មាន​ហេតុ​មាន​ភេទ​ធ្លាប់​ឃើញ​គេ​ហើយ​ណា​។ ចិញ្ចឹម​អត់​ដែល​បាន​សុខ​ទេ វា​ធ្វើទុក្ខ​ម្ចាស់ខ្លួន​ហ្នឹង ខាត​របស់​ក្នុងផ្ទះ​ខាត​ទាល់​អស់​មិន​សល់​ទេ បើ​មិន​ខាត​ជីវិត​មនុស្ស​ក៏​ទ្រព្យ​ក្នុងផ្ទះ​ដែរ​”​។​

​ជា​ឧទាហរណ៍​ជាក់ស្ដែង លោកតា​បញ្ជាក់ថា មាន​តា​ម្នាក់​ឈ្នោះ កែម បាន​ទៅរក​ទិញ​ជ្រូក​មក​ចិញ្ចឹម តែ​ចៃដន្យ ពេល​ចាប់​ញាត់​ជុច​មកដល់​ផ្ទះ​ទើប​ឃើញ​ជ្រូក​នោះ​មាន​ក្រចក​ប្រាំ​។ គាត់​ក៏​កាត់ចោល​១​ទៅ ប៉ុន្តែ​រំលង​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង គោ​ដែល​គាត់​ផ្ញើ​នឹង​គេ​នៅ​ទន្លេ ក៏​ហើមពោះ​ងាប់ៗ​ភ្លាមៗ និង​នៅមាន​ករណី​ជាច្រើន​ទៀត​។​

​លោកតា​បន្ថែមថា ទោះបី​ជាមាន​ជ្រូក​ក្រចក​ប្រាំ​រត់​ចូលមកក្នុង​ផ្ទះ​ក្ដី ក៏​មិនត្រូវ​ចិញ្ចឹម​ជាដាច់ខាត ហើយ​ត្រូវ​នាំគ្នា​ដេញ​វា​ចេញ ព្រោះ​ជ្រូក​នេះ​មិនចេះ​ងាយ​ងាប់​ផ្ដេសផ្ដាស​នោះទេ​។ មុន​និង​ក្រោយ​ប្រាកដជា​មិនបាន​សុខ បើ​នៅតែ​ហ៊ាន​ជម្នះ​ចិញ្ចឹម​ជ្រូក​ក្រចក​ប្រាំ​នេះ​៕ ​ដោយ ៖សូ​ទ្រី ​អត្ថបទ​៖ Sabay