ជ្រូក​មាន​បញ្ហា នាំ​ឲ្យ​តម្លៃ​ត្រី​សាច់​ផ្សេងទៀត ឡើងថ្លៃ​!

280
ចែករម្លែក

​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សារាចរ​ស្តីពី​វិធានការ​ទប់ស្កាត់ ការ​នាំចូល​ជ្រូក សាច់ជ្រូក និង​ផលិតផលមាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទដោយ​ខុសច្បាប់​។ វិធានការ​ណែនាំ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​សម្តេច​តេ​ជោ​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ផ្ទាល់មាត់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួលទាន​សាច់ជ្រូក ព្រោះថា ជំងឺ​កើត​លើ​ជ្រូក “​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​” មិន​ឆ្លង និង​មិន​បង្ក​ផលប៉ះពាល់ ដល់​សុខភាព​មនុស្ស​ទេ​។​
​ ​
​ក្នុង​សារាចរ ចុះ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើង​ថា បច្ចុប្បន្ននេះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ( African Swine Fever ) បាននិងកំពុងឆ្លង​រាលដាល យ៉ាង​ឆាប់រហ័ស ពី​បណ្តា​ប្រទេសជិតខាង និង​បាន​បន្ត​ឆ្លង​រាតត្បាត មកដល់​ខេត្ត រតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​ខេត្តកណ្តាល​។ ជំងឺប៉េស្ត​ជ្រូកអាហ្វ្រិក​នេះ មិន​ឆ្លង និង​មិន​បង្ក​ផលប៉ះពាល់ ដល់​សុខភាព​មនុស្ស​ទេ ប៉ុន្តែ​ជំងឺ​នេះ បណ្តាល​ឲ្យ​ជ្រូក ឈឺ និង​ងាប់​មាន​អត្រា​ខ្ពស់​រហូតដល់ ១០០ ភាគរយ​ដែល​បង្ក​ការខាតបង់យ៉ាងធ្ងន់ធ្ងរ ដល់​អ្នក​ចិញ្ចឹម​ជ្រូក​។​
​ ​
​ចំពោះ​សភាពការណ៍​ចំពោះមុខ​នេះ រាជរដ្ឋាភិបាល សម្រេច​ដាក់ចេញ​នូវ​វិធានការ ចាំបាច់​ជាបន្ទាន់ ៦ ចំណុច រួមមាន​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ចាត់វិធានការ​ចាំបាច់ និង​បន្ទាន់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល ជា​ទ្រង់ទ្រាយ​ធំ នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ព្រមទាំង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ត្រួតពិនិត្យ​សត្តឃាតដ្ឋាន អនាម័យ​សាច់ ធ្វើ​ច​ត្តា​ឡី​ស័ក ឃាត់ទុក និង​បំផ្លាញចោល នូវ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ដែល​លួចនាំចូល​ដោយ​ខុសច្បាប់​។ ក្នុងនោះ ការ​នាំចូល​ជ្រូក​ពូជ ជ្រូក​យក​សាច់ សាច់ជ្រូក និង​ផលិតផល មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​សម្រាប់​បំពេញតម្រូវការ​នៃការចិញ្ចឹម​ក្នុងស្រុក បម្រើ​សេចក្តីត្រូវការ​ម្ហូបអាហា​រ និង​សម្រាប់​ពិសោធន៍​ស្រាវជ្រាវ ដាច់ខាត​ត្រូវមាន​ការត្រួតពិនិត្យ​អនាម័យ និង​សុខភាព​សត្វ​តាម​បទដ្ឋាន​បច្ចេកទេស និង​ត្រូវមាន​លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​
​ ​
​ក្នុង​សារាចរ​ដដែល សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ណែនាំ​ដល់​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវដាក់​បទបញ្ជា​ដល់​អភិបាលខេត្ត និង​មន្ត្រី​មាន​សមត្ថកិច្ច​ឈរជើង​តាម​ព្រំដែន ត្រូវមាន​ចាត់វិធានការ​ម៉ឺងម៉ាត់ និង​ជាបន្ទាន់​ក្នុងការ​ទប់ស្កាត់​ការ​លួច​នាំចូល​ជ្រូក សាច់ជ្រូក និង​ផលិតផល​មានកំណើត​ពី សត្វ​ជ្រូក​គ្រប់​ប្រភេទ ដែល​ខុសច្បាប់ និង​គ្មាន​ការអនុញ្ញាត​តាម​គ្រប់​រូបភាព និង​តាម គ្រប់​មាត់ច្រក​ព្រំដែន​ទាំងអស់​។​
​ ​
​ការពិត តាម​អ្នកជំនាញ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​បណ្តាល​ឲ្យ​ជ្រូក​ឈឺ និង​ងាប់​នេះ ឆ្លង​មក​កម្ពុជា​យើងពី​ប្រទេស​វៀតណាម ដោយសារតែ​មានការ​លួច​នាំចូល​ជ្រូក​ពីប្រទេស​វៀតណាម តាម​ច្រករបៀង​ព្រំដែន កាលពីដើម​ខែមេសា ឆ្នាំ​២០១៩​។​
​ ​
​ក្នុងពេល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​ខេត្តកណ្តាល ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ សាច់ជ្រូក​លក់​មិន​ដាច់ ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​យើងខ្លាចរអា​នឹង​ជំងឺ​នេះ បើទោះបីជា​មន្ត្រី​ជំនាញ អះអាង​បញ្ជាក់ថា ជំងឺ​កើត​លើ​ជ្រូក ដែល​បណ្តាល​ឲ្យ​ជ្រូក​ឈឺ និង​ងាប់​នេះ មិន​ឆ្លង និង​មិន​ប៉ះពាល់​ដល់​មនុស្ស​ក៏ដោយ​។​
​ ​
​ការខ្លាច​រអា ឈប់​ទទួលទាន​សាច់ជ្រូក​របស់​ប្រជាពលរដ្ឋ​មួយចំនួន​នាំ​ឲ្យ​សាច់ជ្រូកលក់​មិន​ដាច់ ហើយ​ងាក​ទៅរក​ត្រី សាច់គោ និង​មាន់​ទា ជាដើម​។ បញ្ហា​នេះ​នាំ​ឲ្យ​អ្នកលក់​ត្រី សាច់គោ និង​សាច់មាន់​ទា ឡើងថ្លៃ​លើស​មុន ចាប់ពី ៤.០០០ រៀល ទៅ ១០.០០០ រៀល ក្នុង ១ គីឡូក្រាម ដែល​ធ្វើ​ឲ្យ​ស្ត្រី​មេផ្ទះ អ្នកដើរ​ផ្សារ រអ៊ូរទាំ​គ្រប់ៗ​គ្នា​។​
​ ​
​ការឡើង​ថ្លៃ បន្លែ​ត្រី​សាច់​នេះ កើតឡើង​ស្ទើរតែ​ជា​ទម្លាប់​ទៅហើយ ក្នុងសង្គម​កម្ពុជា ជាពិសេស​នៅពេល​បុណ្យទាន និង​នៅពេល​មានឱកាស ដូចជា កាលពី​ជំងឺ​ផ្តាសាយ បក្សី កើត​ឡើងលើ​មាន់​ទា ដែល​គេ​ឈប់​ទទួលទាន​មាន់​ទា ក៏​សាច់ជ្រូក សាច់គោ និង​ត្រី ឡើងថ្លៃ​ដែរ​។​
​ ​
​យ៉ាងណា​ក៏ដោយចុះ មួយរយៈ​ពេល​ចុង​ក្រោយនេះ ទាំង​មន្ត្រី​ជំនាញ ទាំង​សម្តេចតេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​ទទួលទាន សាច់ជ្រូក ព្រោះថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ មិន​ឆ្លង និង​មិន​ប៉ះពាល់​ដល់​សុខភាពមនុស្ស​ទេ​។​
​ ​
​នៅតាម​បណ្តា​ខេត្ត​មួយចំនួន អាជ្ញាធរខេត្ត បានរៀបចំ​ពិធី​ញ៉ាំ​សាច់ជ្រូក បង្ហាញ​ជា សាធារណៈ ដើម្បី​បញ្ជាក់ថា សាច់ជ្រូក ដែល​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ ត្រឹមត្រូវ គឺ​មិនមាន​បញ្ហា​អ្វី​ទេ​។ នៅតាម​ផ្សារ​នានា ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ទូទាំងប្រទេស ក៏​សុទ្ធ​តែមាន​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​សាច់ជ្រូក ដោយមាន​ទាំង​បោះត្រា​ជាប់លើ​សាច់ជ្រូក ដើម្បី​បញ្ជាក់ថា ជ្រូក​ទាំងនោះ ឆ្លងកាត់​មន្ត្រី​ជំនាញ ត្រួតពិនិត្យ គឺ​មិនប៉ះពាល់​អ្វី​ដល់​សុខភាព​អ្នកទទួល​ទាន​ឡើយ​។​
​ ​
​យ៉ាងណាក៏ដោយ ចម្ងល់​មួយចំនួន នៅតែ​កើតមានឡើង ចំពោះ​ប្រជាពលរដ្ឋ​មួយចំនួន​។ នោះ​គឺថា បើ​សាច់ជ្រូក ដែល​កើត​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក មិន​ឆ្លង និង​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ហេតុអ្វី​បានជា​ជ្រូក​ឈឺ​ងាប់ និង​ជ្រូក​ឆ្លង​ជំងឺប៉េស្ត​ជ្រូក អាហ្វ្រិក​នេះ ត្រូវបាន​មន្ត្រី​ជំនាញ​បំផ្លាញចោល ដុតចោល និង​កប់​ចោល​ទៅវិញ​? ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​បកស្រាយ​ថា ការកម្ទេច​ចោល និង​កប់​ជ្រូក​កើត​ជំងឺប៉េស្ត​នោះ ដើម្បី​កុំ​ឲ្យ​ឆ្លង​រាលដាលទៅ​ជ្រូក​ដទៃទៀត ព្រោះថា មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះ រស់​បានយូរ បើទោះបីជា​ចម្អិន មិនបាន​ឆ្អិន​ល្អ ហើយ​ទុក​ក្នុង​ទូទឹកកក ក៏​មេរោគ​នោះអាចរ​ស់បាន​យូរថ្ងៃ​ផងដែរ​។​
​ ​
​ជារួម ក្នុងពេលដែល​សាច់ជ្រូក មាន​បញ្ហា​នេះ អ្នកលក់​ត្រី សាច់គោ​សាច់មាន់​ទា និង​គ្រឿង​សមុទ្រ ជាដើម មិនគួរ​ឡើងថ្លៃ​នោះទេ​។ ក្នុង​ពេលនេះ មាន​អ្នកទិញ​ច្រើនគួរតែ​លក់​បញ្ចុះតម្លៃ ហើយ​បើ​មិន​បញ្ចុះតម្លៃ​ទេ ក៏​គួរតែ​រក្សា​តម្លៃ​ដើម គឺ​បាន​ចំណេញទៅហើយ​។ អាជ្ញាធរ​សមត្ថកិច្ច ពិសេស​ប្រធាន​ផ្សារ គួរតែ​ត្រួត​ពិនិត្យមើល​តម្លៃចំពោះ​អ្នកលក់​ត្រី សាច់គោ សាច់មាន់​ទា និង​គ្រឿង​សមុទ្រ ដែល​មិនអាច​ដំឡើងថ្លៃស្រេច​តែ​លើ​មាត់​បាន​នោះទេ​។​
​ ​
​ម្យ៉ាងទៀត ស្ត្រី​មេផ្ទះ ក៏​គួរតែ​ងាក​មក​ទិញ​សាច់ជ្រូក យកទៅ​ទទួលទាន​ឡើងវិញ ព្រោះថា ជ្រូកដែល​គេ​កាប់សាច់យកមក​លក់​នៅ​ផ្សារ សុទ្ធតែ​ឆ្លងកាត់​ការត្រួត ពិនិត្យ​ត្រឹមត្រូវពី​មន្ត្រី​ជំនាញ ដែល​គេ​អាច​កត់សម្គាល់​បាននៅលើ​សាច់ជ្រូក ដែលមាន​បោះត្រា និង​ការបញ្ជាក់​ត្រឹមត្រូវ​។ ចំពោះ​ជ្រូក​កើត​ជំងឺ គឺ​មន្ត្រី​ជំនាញ បាន​កម្ទេចចោល និង​មិន​អនុញ្ញាតឲ្យ​ដាក់លក់​នៅ​ផ្សារ​ឡើយ​៕ ដោយ​៖ ម៉េង​ឆៃ/Ha​