ឈប់​ប្រើ​កុមារ​ធ្វើការ ពិសេស​នៅ​ឡឥដ្ឋ ដែលជា​កន្លែង​គ្រោះថ្នាក់​!

212
ចែករម្លែក

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ បានចេញ​សេចក្តីណែនាំ ៥ ចំណុច ស្តីពី ការហាម​ក្មេង​ចូលទៅ ក្នុង​បរិវេណ​ខ្សែសង្វាក់​ផលិតកម្ម នៃ​សិប្បកម្ម​ផលិត​ឥដ្ឋ​។ សេចក្តីណែនាំ​នេះ ត្រូវបាន លោក​រដ្ឋមន្ត្រី បញ្ជូន​ទៅកាន់​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល រាជធានី​ខេត្ត​ទាំង អស់ ដើម្បី​ចុះ​ធ្វើការ​ណែនាំ​ដល់​ម្ចាស់ ឬ​នាយក​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​មូលដ្ឋាន​របស់ខ្លួន ឲ្យ​អនុវត្ត​។​
​ ​
​វិធានការ ៥ ចំណុច ដើម្បី​បញ្ចៀស​នូវ​ឧបទ្ទវហេតុ ដែល​អាច​កើតមាន​ជាយថាហេតុ ចំពោះ​ក្មេង នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ ដែល​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ទើបតែ​ដាក់ចេញ រួមមាន​៖ ១-​រៀបចំ​ដាក់​ស្លាក​សញ្ញា​ធំៗ និង​ងាយ​មើលឃើញ ដូចជា​៖​ហាម​ក្មេង​ចូល ទៅក្នុង​បរិវេណ​ខ្សែចង្វាក់​ផលិតកម្ម -​ជន​ណា​ដែល​នាំ​ក្មេង​ចូល ទៅក្នុង​បរិវេណ​ខ្សែសង្វាក់​ផលិតកម្ម អាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ​-​ការប្រើ ប្រាស់​ពលកម្ម​កុមារ នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ គឺអាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ​។ ២-​ហាមឃាត់​ដាច់ខាត​ការប្រើប្រាស់​ទាសភាព​បំណុល​ដើម្បី​ដាក់បន្ទុក​សេរីភាព​ការងារ កម្មករ​។ ៣-​ត្រូវមាន​អ្នកឃ្លាំមើល​ជាប្រចាំ និង​ហាម​ក្មេង​ចូលក្នុង​បរិវេណ​ខ្សែសង្វាក់ ផលិតកម្ម ឬ​ធ្វើការ​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​។ ៤-​ត្រូវ​រៀបចំ​កន្លែង​ស្នាក់នៅ​ឲ្យ​ឃ្លាត ឆ្ងាយ​ពី​ខ្សែសង្វាក់​ផលិតកម្ម និង​ត្រូវមាន​របង​ការងារ​សុវត្ថិភាព​ដែល​ខណ្ឌ​ចែក​បរិវេណ ខ្សែសង្វាក់​ផលិតកម្ម និង​កន្លែង​ស្នាក់នៅ​។ ៥-​ហាមឃាត់​ដាច់ខាត​រាល់​ទម្រង់​នៃ​ការ កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ និង​ការបង្ខំ​ឲ្យ​កុមារ​ធ្វើការ ដើម្បី​ដោះបំណុល​។​
​ ​
​សេចក្តីណែនាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ បាន​បញ្ជាក់ថា​“​ម្ចាស់​ឬ​នាយក​សិប្បកម្ម​ផលិត ឥដ្ឋ​ទាំងឡាយណា ដែល​ខកខាន​ក្នុងការ​អនុវត្តតាម​សេចក្តីណែនាំ​នេះ​នឹងត្រូវ​ទទួលរង នូវ​ការផាកពិន័យ ឬ​អាច​ឈានដល់​ការបិទ​អាជីវកម្ម ឬ​អាច​ប្រឈម​នឹង​បទល្មើស ព្រហ្មទណ្ឌ​”​។ កន្លងមក មាន​កុមារ​ជាច្រើន​នាក់ បានធ្វើការ​នៅ​សិប្បកម្ម​ឡឥដ្ឋ​។ កុមារ​ទាំងនោះ បាន​ទៅ​រស់នៅ​ជាមួយ​ម្តាយ​ឪពុក​ដែលជា​កម្មករ​ឡឥដ្ឋ​ហើយក៏​បាន ចូលធ្វើការ​ជា​កម្មករ នៅ​ឡឥដ្ឋ ទាំង​វ័យក្មេង ពោលគឺ​មិនទាន់​គ្រប់​អាយុ ១៨ ឆ្នាំ ក៏មាន​។ ជា​បន្តបន្ទាប់ ក៏មាន​សេចក្តីរាយការណ៍​ពី​គ្រោះ​ថ្នាក់លើ​កុមារ​មួយចំនួន​នៅ​ឡឥដ្ឋ បណ្តាល​ឲ្យ​ស្លាប់ និង​ដាច់​ដៃ ជាដើម​។​

​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៦ នា​ថ្ងៃ​ប្រារព្ធ​ទិវា​អន្តរជាតិ​លុបបំបាត់​អំពើ​ទាសភាព​អង្គការ សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា លីកាដូ​បានចេញ​ផ្សាយ​នូវ​របាយ ការណ៍ ស្តីពី​“​ការអភិវឌ្ឍ​លើ​ទាសភាព​៖ ការ​បញ្ចាំ​ខ្លួន​ដោះបំណុល និង​ពលកម្ម​កុមារ ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ នៅ​កម្ពុជា​”​។

​របាយការណ៍ បានបង្ហាញ​នូវ​ភស្តុតាង​អំពី​ការរីក​រាលដាល​នៃ​ការប្រើប្រាស់​ទម្រង់ ទាសភាព​សម័យ​បច្ចុប្បន្ន ក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ នៅ​កម្ពុជា ដោយ​កម្ម​ករទាំង​ឪពុក ម្តាយ និង​កូន​បាន​បញ្ចាំ​ខ្លួន ដើម្បី​ដោះបំណុល​។ ពោលគឺ​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ ជ្រើស រើស​កម្មករ​ដោយ​ការផ្តល់ប្រាក់​កម្ចី​និង​ការផ្តល់​កន្លែង​ស្នាក់នៅ​ដល់​គ្រួសារ​ទីទាល់ក្រ​។ ម្ចាស់​សិប្បកម្ម​ទាំងនោះ ធានា​ការផ្ដល់​ប្រាក់កម្ចី​ដោយ​ការសន្យា​របស់​កម្មករ​ថា​អ្នក​ទាំង នោះ ត្រូវ​ធ្វើការ​ក្នុង​សិប្បកម្ម​រហូតដល់​ប្រាក់កម្ចី​នោះ ត្រូវបាន​ទូទាត់​សង​គ្រប់​ចំនួន​វិញ​។ ទោះបីជា​យ៉ាងណា​ប្រាក់​ឈ្នួល​ពលកម្ម នៅក្នុង​សិប្បកម្ម គឺមាន​ចំនួន​ទាប​ណាស់​ដែល កម្មករ​អាច​ត្រឹមតែ​រកប្រាក់ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​តែប៉ុណ្ណោះ និង​មិនអាច​សង បំណុល​ម្ចាស់​សិប្បកម្ម​វិញ​បានទេ ហើយ​កម្មករ​ជាច្រើន​បាន​ខ្ចីប្រាក់​បន្ថែម​ជាច្រើន​ទៀត ពី​ម្ចាស់​សិប្បកម្ម​។ មូលហេតុ​ដំបូង ដែល​តម្រូវ​ឲ្យ​គ្រួសារ​កម្មករ​ខ្ចីប្រាក់​ជាទូទៅ​គឺ បណ្តាលមកពី​បញ្ហា​មួយចំនួន​ដូចជា​ការឈឺ​ស្កាត់​នៅក្នុង​គ្រួសារ ឬ​ទិន្នផល​ដំណាំ​មិនល្អ ហើយ​ប្រាក់កម្ចី​ដំបូង មាន​ចំនួន​តិច​ទេ គឺ​ត្រឹមតែ ២០០​ទៅ​៣០០​ដុល្លារ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​រយៈពេល​កាន់តែ​យូរៗ​ទៅ ប្រាក់​បំណុល​កាន់តែ​កើនឡើង​ហើយ​កម្មករ​ដែល​បាន ផ្ដល់​ការសម្ភាសន៍ ក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ មាន​ជាប់ជំពាក់​បំណុល​ជា​សរុប​ចាប់ពី ១០០០ ដុល្លារ​ទៅ ៦០០០ ដុល្លារ​ជា​ចំនួន​ទឹកប្រាក់​មួយ​ដែល​អ្នក​ទាំងនោះ​មិនអាច​មាន លទ្ធភាព​សង​អស់​ឡើយ​។​

​លីកាដូ លើកឡើងថា​នៅពេល​ប្រាក់​បំណុល​ឈានដល់​កម្រិត​នេះ​វា​អាច​នឹងត្រូវ​បន្ត​សង ដោយ​គ្រួសារ​មួយ​ជំនាន់​ទៅ​គ្រួសារ​មួយ​ជំនាន់​ទៀត ហើយ​ការសិក្សា​ស្រាវជ្រាវ​បាន​រក ឃើញថា គ្រួសារ​មួយចំនួន​ត្រូវ​ធ្វើការ​ដើម្បី​សងបំណុល​អស់ ៣ ជំនាន់​មកហើយ​ដែល ប្រាក់​បំណុល​ដំបូង ត្រូវបាន​ខ្ចី ដោយ​សមាជិកគ្រួសារ​ជំនាន់​មុន​។​

​របាយការណ៍​ដដែល ក៏បាន​លើកឡើងថា​កុមារ​ជាច្រើន​កំពុងធ្វើការ​ក្នុង​សិប្បកម្ម​ផលិត ឥដ្ឋ ហើយ​នៅក្នុង​តំបន់ ដែល​បាន​សិក្សា​ស្រាវជ្រាវ​មាន​ម្តាយ​ឪពុក​ស្ទើរតែ​ទាំងអស់ បាន​និយាយថា ទោះបីជា​យ៉ាងណា​កូន​របស់​ពួកគាត់​មួយចំនួន បាន​ជួយ​ធ្វើការ​។ នេះ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ ដោយសារ​កម្មករ ទទួលបាន​ប្រាក់​ឈ្នួល តាម​ចំនួន​ផលិតផល ជាជាង​ប្រាក់​ឈ្នួល​ប្រចាំខែ​។ នេះ​មានន័យថា​ប្រសិនបើ​សមាជិក គ្រួសារ​ច្រើន ចូលរួម​ជួយ​ធ្វើការ​នោះ​ចំនួន​ផលិតផល​ឥដ្ឋ នឹង​កើនឡើង ហើយ​ប្រាក់ ចំណូល​របស់​គ្រួសារ ក៏​នឹង​កើនឡើង​ផងដែរ​។​
​ ​
​ដោយសារ​ប្រាក់​ឈ្នួល​មានតម្លៃ​ទាប​ពេក ដែល​អ្នក​ទាំងនោះ​មិនអាច​ផ្គត់ផ្គង់​ជីវភាព គ្រួ​សារបាន និង​ដោយសារ​គ្មាន​ជម្រើស​។ ជា​លទ្ធផល​កុមារ​ទាំងនោះ​ត្រូវ​ធ្លាក់​ចូលក្នុង ស្ថានភាព​ជំពាក់​បំណុល ដូច​ម្តាយ​ឪពុក​របស់​ពួកគេ​ដែរ​។​

​របាយការណ៍​នេះ ក៏មាន​បង្ហាញ​ពី​លក្ខខណ្ឌ​ការងារ ដែល​ប្រកបដោយ​គ្រោះថ្នាក់​នៅ ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ និង​កង្វះខាត​អនាម័យ នៃ​ការ​រស់នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​។ នៅក្នុង​របាយការណ៍ មាន​បង្ហាញ​ឧទាហរណ៍​មួយចំនួន​ស្ដីពី​ការរង​របួស​របស់​ក​ម្មករ ជាពិសេស​កុមារ ដែល​បាន​ក្លាយជា​កុមារ​ពិការ​ដៃ​ដោយសារ​ម៉ាស៊ីន​ផលិត​ឥដ្ឋ​។​
​ ​
​របាយការណ៍ ក៏បាន​រកឃើញថា ដោយសារតែ​ភាពភ័យខ្លាច និង​ផលវិបាក​នៃ​ការពឹង ផ្អែក​ទាំងស្រុង លើ​ម្ចាស់​សិប្បកម្ម​កម្មករ​ជាច្រើន​គ្មាន​បំណង​តវ៉ា​ប្រឆាំង​ទៅនឹង​លក្ខខណ្ឌ ដ៏​លំបាក​របស់​ពួកគាត់​នោះទេ ហើយ​បើទោះបីជា​ម្ចាស់​សិប្បកម្ម​រំលោភ​លើ​ច្បាប់ ព្រហ្មទណ្ឌ និង​ច្បាប់រដ្ឋប្បវេណី ក៏​អាជ្ញាធរ​ដែលមាន​តួនាទី​ក្នុងការ​អនុវត្ត​ច្បាប់​មិនបាន ចាត់វិធានការ លើ​បញ្ហា​ទាំង​នេះដែរ​។​

​ការអនុវត្ត​ការ​បញ្ចាំ​ខ្លួន ដើម្បី​ដោះបំណុល​និង​ពលកម្ម​កុមារ​ធ្វើ​ឲ្យ​គ្រួសារ​កម្មករ​ជាច្រើន ជំនាន់ ធ្លាក់​ចូលក្នុង​ភាពក្រីក្រ និង​ការជិះជាន់​ឥតឈប់ឈរ នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​។​

​របាយការណ៍​សន្និដ្ឋាន​ជារួម​ថា​ការអនុវត្ត​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះបំណុល និង​ពលកម្ម កុមារ ធ្វើ​ឲ្យ​គ្រួសារ​កម្មករ​ជាច្រើន​ជំនាន់ ធ្លាក់​ចូលក្នុង​ភាពក្រីក្រ និង​ការជិះជាន់​ឥត ឈប់ឈរ​។ អ្នកទទួលបាន​ផលប្រយោជន៍​ពី​ការអនុវត្ត​បែបនេះ​គឺ​ម្ចាស់​សិប្បកម្ម​ដែល ចំណេញ​លើ​ថ្លៃ​ពលកម្ម​ទាប និង​ងាយស្រួល ក្នុងការ​កេងប្រវ័ញ្ច​អ្នកទិញ​ឥដ្ឋ​ចាប់ពី​ទ្រង់ ទ្រាយ​ឯកជន ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​ដែល​អាច​ទិញ​ឥដ្ឋ​ក្នុងតម្លៃ​ទាប​មិន​សម​នឹង កម្លាំង​ពលកម្ម​របស់​កម្មករ​ទាំងអស់នោះ​ក្នុងការ​ផលិត​ឡើយ​។​

​របាយការណ៍​នេះ សំណូមពរ​ដោយ​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ជា បន្ទាន់ ដើម្បី​ដោះលែង​កម្មករ​បញ្ចាំ​ខ្លួន​ដោះបំណុល​ទាំងអស់​ដោយ​ការចេញ​បទបញ្ជា ជាបន្ទាន់ ក្នុងការ​លុបចោល​បំណុល ដែលមាន​រវាង​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ និង​កម្មករ បញ្ចាំ​ខ្លួន​ដោះបំណុល​។ របាយការណ៍​នេះ ក៏បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស ដើម្បី​ធានាថា វិនិយោគ​គិ​នប​រទេស បានដឹង​ពី​មធ្យោបាយ​ក្នុងការ​បញ្ចាំ​ខ្លួន ដើម្បី​ដោះ បំណុល និង​ពលកម្ម​កុមារ ក្នុង​ឧស្សាហកម្ម​សំណង់​កម្ពុជា និង​ដើម្បី​គាំទ្រ​ឲ្យ​រាជ​រដ្ឋា ភិ​បាល​កម្ពុជា លុបបំបាត់​នូវ​បញ្ហា​ទាំងអស់នេះ​។​

​ជារួម​ដើម្បី​ចូលរួម​លុបបំបាត់​ពល​កម្ម​កុមារ និង​ជៀសវាង​គ្រោះថ្នាក់​ដល់​កុមារ នៅ​សិប្បកម្ម​ផលិត​ឡឥដ្ឋ ត្រូវមាន​ការចូលរួម​ទាំងអស់គ្នា​ទាំង​អាជ្ញាធរ​សមត្ថកិច្ច​ទាំង ថៅកែ​ឡឥដ្ឋ និង​ជាពិសេស​ទាំង​ឪពុកម្តាយ​កុមារ​ផ្ទាល់​។ ក្នុងនោះ​អាជ្ញាធរ សមត្ថកិច្ច ត្រូវអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព នូវ​សេចក្តីណែនាំ​ទាំង ៥ ចំណុច របស់​រដ្ឋមន្ត្រី​ការងារ ដែល​ទើប​ប្រកាស​ផ្សព្វផ្សាយ​ខាងលើនេះ ហើយ​អនុវត្ត​តាមច្បាប់​ចំពោះ​ម្ចាស់​សិប្បកម្ម ផលិត​ឥដ្ឋ​ទាំងឡាយណា ដែល​នៅ​បន្ត​អនុញ្ញាត​ឲ្យ​កុមារ ធ្វើការ​នៅ​ឡឥដ្ឋ​។​
​ ​
​រីឯ​ថៅកែ​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​វិញ ក៏ត្រូវ​ឈប់​តែម្តង មិន​អនុញ្ញាត​ឲ្យ​កូន​របស់​កម្មករ ឡឥដ្ឋ ឬក៏​កុមា​រណា ចូលធ្វើការ​ឡើយ ព្រោះថា បើ​សមត្ថកិច្ច​ដឹង នោះ​ថៅកែ ឬ​ម្ចាស់ សិប្បកម្ម​ឡឥដ្ឋ ត្រូវ​មានទោស​ព្រហ្មទណ្ឌ គឺ​ត្រូវ​ជាប់គុក​ហើយ​បង់លុយ​ជាច្រើន​ថែម ទៀត​។ មួយវិញទៀត បើសិនជា​កុមារ​នោះ ធ្វើការ​ក្នុង​សិប្បកម្ម​របស់ខ្លួន​ហើយ​គ្រោះ ថ្នាក់​ដោយ​ចៃដន្យ របួស ដាច់​ដៃ ឬក៏​រហូតដល់​ស្លាប់ គឺជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ ដែល​ម្ចាស់ និង​ថៅកែ​សិប្បកម្ម​ផលិត​ឥដ្ឋ ត្រូវ​ទទួលខុសត្រូវ បង់លុយ​ផង ហើយ​មានទោស​រហូត ដល់​ជាប់ពន្ធនាគារ​ថែមទៀត​ក៏មាន​។​
​ ​
​ពិសេស​ជាងគេ គឺ​ឪពុកម្តាយ​របស់​កុមារ​តែម្តង​។ អាណិតកូន​! កុំ​គ្រាន់តែ​ចង់បាន​លុយ ប្រមាណ ១​ម៉ឺន​រៀល ក្នុង ១​ថ្ងៃ ឬក៏ ២​ម៉ឺន​រៀល ក្នុង ១​ថ្ងៃ​ដោយសារតែ​កម្លាំង​ពលកម្ម របស់​កូន ធ្វើការ​នៅ​ឡឥដ្ឋ ដែលជា​កន្លែង​គ្រោះថ្នាក់​នោះ បែរជា​ចៃដន្យ កូនតូច ដែល មិនទាន់​គ្រប់​អាយុ ១៨​ឆ្នាំ​ផង ក៏ត្រូវ​រងគ្រោះ ដោយ​គ្រោះថ្នាក់ ដាច់​ដៃ​ដោយសារ​ម៉ាស៊ីន ផលិត​ឥដ្ឋ ឬក៏​គ្រោះថ្នាក់​ចៃដន្យ​អាក្រក់​ណាមួយ រហូតដល់​បាត់បង់​ជីវិត​នោះ​ជាការ ស្តាយក្រោយ​មួយ ដែល​ឪពុកម្តាយ ជា​កម្មករ​ឡឥដ្ឋ ត្រូវ​បានគិត​ឲ្យ​បាន​មែនទែន​។​
​ ​
​ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ នៅ​ឡឥដ្ឋ កន្លងមក រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង ការងារ ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល បាន​ចូលរួម​យ៉ាងច្រើន​។ ក្នុងនោះ​មាន​ទាំង​ការបង្ក លក្ខណៈ​ងាយស្រួល និង​ជួយឧបត្ថម្ភ​ដល់​កុមារ ដែលជា​កូន​កម្មករ​ឡឥដ្ឋ​ឲ្យ​បាន​ចូល រៀន និង​ជួយ​លុយ​ដល់​ក្រុមគ្រួសារ​កុមារ​ទាំងនោះ ជាដើម​។
​ ​
​សូម​បន្ត​ចូលរួម​ទាំងអស់គ្នា ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ និង​គ្រោះថ្នាក់​ដល់​កុមារ​នៅ ឡឥដ្ឋ​។ កុមារ ត្រូវតែ​បាន​ចូលរៀន​ទាំងអស់គ្នា​។ បើ​កុមារ​បាន​រៀនសូត្រ នឹងមាន ការងារ​ល្អ​ធ្វើ ប្រសើរ​ជាង​បន្តការងារ​ពី​ឪពុកម្តាយ នៅ​ឡឥដ្ឋ​៕ ដោយ​៖ ម៉េង​ឆៃ​