ឈប់​រថយន្ត​មិន​ដក​សោ ចោរលួច​បើក​យកទៅ ​ដោយមាន​GPS​រកឃើញ​នៅ​ជិត​ស្ពាន​អាកាស​៥​មករា

443
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​/: បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​RAV4​គោលបំណង​យក​អីវ៉ាន់​ទៅ​ផ្ញើ​នៅ​ទល់មុខ​វិទ្យាល័យ​បាក់​ទូក​ស្ថិតក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា​។​ខណៈ​ចុះ​ពីលើ​រថយន្ត​មិនបាន​ដក​សោ ព្រមទាំង​មិន​ពន្លត់​ម៉ាស៊ីន​ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ឃើញ​ឱកាសល្អ​ក៏​លួច​បើករថយន្ត​របស់គាត់​ចេញទៅ​បាត់​បង្ក​ការភ្ញាក់ផ្អើល​សុំឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ។​

​បុរស​ម្ចាស់​រថយន្ត​មានឈ្មោះ​ជៀប​ចាន្ថា​ អាយុ​៤៤​ឆ្នាំ​ ​មុខ​របរ​អ្នកបើករថយន្ត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។​បុរសរងគ្រោះ​បាន​ប្រាប់​ឱ្យដឹងថា​ រូបគាត់​បាន​បើករថយន្ត​ម៉ាក​RAV4​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AP7017​គោលបំណង​យក​អីវ៉ាន់​ទៅ​ផ្ញើនៅ​ទល់មុខ​វិទ្យាល័យ​បាក់​ទូក ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។

​ដោយសារតែ​រថយន្តរ​បស់​គាត់​មានភ្ជាប់​ប្រព័ន្ធ​GPS​ទើប​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ចំណុច​គល់ស្ពាន​អាកាស​៥​មករា​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣​ខណ្ឌទួលគោក​ក៏​រកឃើញ​រថយន្តប្លុង​ទុកចោល​ក្នុងផ្ទះ​ចាស់​មួយកន្លែង​ដែល​គេ​ទុកចោល​។​

ចំណែក​ជនសង្ស័យ​បាន​គេចខ្លួនបាត់​។​ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​យក​រថយន្ត​និង​ម្ចាស់​ទៅធ្វើ​ឯកសារ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ដើម្បី​ប្រគល់​រថយន្ត​ឲ្យ​ទៅ​ម្ចាស់​វិញ​៕S/​Ha