ឈរលើ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ខ្សែក្រវាត់ និង​វិថី កម្ពុជា​-​ចិន​បាន​សំដែង​សិល្បៈ​រួមគ្នា “​ផ្តោតលើ​វប្បធម៌​-​ទេសចរណ៍​”

160
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: កម្ពុជា និង​ចិន បាន​បង្កើត​ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​រួមគ្នា​មួយ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​ទេសចរណ៍ ព្រមទាំង​ដើម្បី​អបអរសាទរ​ដល់​ឆ្នាំ​វប្បធម៌​ទេសចរណ៍​កម្ពុជា​-​ចិន ដែលជា​ការចូលរួមចំណែក​យ៉ាងសកម្ម​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ «​ខ្សែក្រវាត់ និង​វិថី​» រវាង​កម្ពុជា​-​ចិន​។​

​តាមរយៈ​ការសម្ដែង​សិល្បៈ​របាំ ចម្រៀង កំប្លែង សៀក​រហ័ស​កម្ម និង​ការ​ពិពណ៌នា​អំពី​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ ហាក់​បង្ហាញថា កម្ពុជា​-​និង​មហាមិត្ត​ចិន កំពុង​ឈាន​ឆ្ពោះទៅ​សម្រេច​បានការ​កសាងបាន​ជា «​សហគមន៍​មួយ​ជោគវាសនា​រួមគ្នា​»​។​

​ព្រឹត្តិការណ៍​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា និង​មានការ​ចូលរួម​ពី​សំណាក់​លោកស្រី ម៉ិ​ញ កុស​នី រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ជាច្រើន​កុះករ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​កេ​ត្រា នា​រាត្រី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

លោក វ៉ាង វិ​ន​ធាន បាន​ថ្លែងថា ការសម្ដែង​សិល្បៈ​រួមគ្នា​កម្ពុជា​-​ចិន​នាពេលនេះ គឺ​ពិតជា​បាន​ចូលរួម​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ចិន​កាន់​មាន​ភាពល្អប្រសើរ​ថែមទៀត ក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ «​ខ្សែក្រវាត់ និង​វិថី​»​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​បន្តថា តាមរយៈ​ការសម្ដែង​សិល្បៈ​នេះ កាន់តែ​ធ្វើឱ្យ​ប្រជាជន​ទាំងពីរ​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក ព្រមទាំង​រួមគ្នា​ផ្សព្វផ្សាយ​ពី​វិស័យ​វប្បធម៌ និង​ទេសចរណ៍​ទៅកាន់​ភ្ញៀវទេសចរ​អន្តរជាតិ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែង​ដែរ​ថា ប្រទេស​ចិន និង​កម្ពុជា គឺជា​អ្នកជិតខាង​ល្អ​ចេះ​ជួយ​យកអាសា​គ្នា​ទៅវិញទៅមក​។ ប្រជាជន​ទាំងពីរ​មាន​ភាពស្រដៀងគ្នា និង​ចែករំលែក​នូវ​ប្រវត្តិសាស្ត្រ​ជាមួយគ្នា​ច្រើន ដូចជា​ប្រពៃណី ទំនៀមទម្លាប់ និង​វប្បធម៌ ជាមួយនឹង​ប្រវត្តិ​នៃ​ទំនាក់ទំនង​ការទូត​ដ៏​យូរលង់​ណាស់​មកហើយ​។​

​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​បាន​បន្តថា ទំនាក់ទំនង​នេះ​ត្រូវបាន​រឹតបន្តឹង​កាន់តែ​ស្អិតល្មួត​បន្ថែមទៀត នាពេល​បច្ចុប្បន្ន ក្រោម​ស្នា​ព្រះ​ហ​ស្ថ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហមុនី និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង ដែល​បាន​បន្ត​ពី​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ជាមួយ​លោក​ប្រធាន ម៉ៅ សេទុង​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា «​កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍វប្បធម៌​ដ៏​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​ចិន និង​ពិភពលោក​ទាំងមូល​»​។ ឆ្នាំ​២០១៩​នេះ ទេសចរ​ចិន​នៅតែ​ឈានមុខ​លំដាប់​លេខ​១ លើ​ទីផ្សារ​ទេសចរណ៍​កម្ពុជា​។ តួរ​លេខ​៩​ខែ​នេះ ទេសចរ​ចិន​មក​កម្ពុ​ជាមាន​១.៨៦​លាន​នាក់​កើន ២៩%​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៨៕​