ឈានដល់​ប្រើប្រាស់​ឆ្កែ​ហិតក្លិន​ដើម្បី​ស្វែង​នារី​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង​

553
ចែករម្លែក
នារី​ជនជាតិ​អង់គ្លេស​ឈ្មោះ Amelia Bambridge វ័យ​២១​ឆ្នាំ ដែល​បាត់​ខ្លួន​

ដោយៈ មុនី​រ័ត្ន​,​វណ្ណៈ​/​ភ្នំពេញៈ រយៈពេល​មួយ​សប្តាហ៍​ហើយ សមត្ថកិច្ច​នៅ​មិនទាន់​រកឃើញ​នារី​វ័យក្មេង​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ នៅឡើយ​ទេ​។ បើទោះបីជា​សមត្ថកិច្ច​ខិតខំ​ស្វែងរក​ទាំង​លើគោក លើ​ផ្ទៃ​ទឹក និង​មុជទឹក​រក​យ៉ាងណាក៏ដោយ ក៏​មិនទាន់មាន​តម្រុយ​នៅឡើយ​ទេ​។​


នារី​ជនជាតិ​អង់គ្លេស​ឈ្មោះ Amelia Bambridge វ័យ​២១​ឆ្នាំ បាន​បាត់​ខ្លួន​ក្រោយពេល​ចូលរួម​ពិធីជប់លៀង​មួយ​នៅ​ឆ្នេរ​កោះរ៉ុង កាលពី​ទៀបភ្លឺ​ថ្ងៃទី​២៤ ខែតុលា កន្លងទៅ​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​រកឃើញ​កាបូប​និង​សម្ភារៈ​មួយចំនួន​របស់​នាង​នៅលើ​ផ្ទាំង​ថ្ម​ជាប់​ឆ្នេរ​ក្បែរ​កន្លែង​ធ្វើ​ពិធីជប់លៀង​នោះ​ផងដែរ​។​
ក្នុងការ​តាមរក​នារី​ទេសចរ​ជាតិ​អង់គ្លេស​រូបនោះ សមត្ថកិច្ច​បាន​ប្រើប្រាស់​កម្លាំង​ជាច្រើន​នាក់​និង​ការប្រើ​សត្វ​ឆ្កែ​តាម​ហិតក្លិន​ថែមទៀត ប៉ុន្តែ​នៅ​មិនទាន់បាន​ប្រទះឃើញ​នៅឡើយ​ទេ​។​


លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​មុននេះ​បន្តិច​ថា មកដល់​ត្រឹម​ព្រឹក​ថ្ងៃទី​៣០ ខែតុលា នេះ នៅ​មិនទាន់មាន​តម្រុយ​អ្វី ពី​ស្ត្រី​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន​នៅឡើយ​ទេ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុងតែ​ខំប្រឹង​រក ហើយ​មកដល់ពេលនេះ​សាកសព​អណ្តែត​ក៏​អត់​ឃើញ​មាន​។ ដោយ​លោក​បញ្ជាក់ថា “​បងប្អូន​កំពុងតែ​រក ប៉ុន្តែ​មិនទាន់មាន​របាយការណ៍​ថា រក​តម្រុយ​អ្វី​សង្ស័យ​ឃើញ​នៅឡើយ​ទេ​”​។​


​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា ថា មកដល់​ព្រឹក​ថ្ងៃទី​៣០ តុលា សមត្ថកិច្ច​ដូចជា​រក​តម្រុយ​មិនទាន់​ច្បាស់លាស់​ទេ​។ ដោយ​លោក​បញ្ជាក់ថា “​យើង​ប្រើប្រាស់​កម្លាំង​សរុប វិធានការ​ចម្រុះ ហើយ​មើល​លើ​ផ្ទៃ​ទឹក មុជទឹក លើគោក និង​ក្នុងព្រៃ ប៉ុន្តែ​មិនទាន់​ឃើញ​មាន​ដាន​អី​ដែល​គួរ​ឲ្យ​សង្ស័យ​។ ហើយ​នៅ​យើង​បន្តរ​កទៀត​”​។​


លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៣០ តុលា នេះ បាន​បញ្ជូន​សត្វ​ឆ្កែ​មួយ​ក្បាល (​ឆ្កែ​ជំនាញ​) ពី​នាយកដ្ឋាន​បច្ចេកវិទ្យា វិទ្យាសាស្ត្រ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ទៅដល់​កោះរ៉ុង​ហើយ​។ ដោយ​លោក​បាន​បញ្ជាក់ថា សមត្ថកិច្ច​បាន​សាកសួរ​មនុស្ស​ជាង ២០​នាក់​ហើយ ជាធម្មតា​ឲ្យ​តែមាន​រឿងហេតុ​កើតឡើង​យើង​ត្រូវតែ​ហៅ​មក​សាកសួរ​ព័​ត៍​មាននៅ​ទីប្រជុំជន និង​នៅ​កន្លែងកើតហេតុ​។​


នារី​ដែល​បាត់​ខ្លួន​ឈ្មោះ BAMBRIDGE AMELIA LOUISE (​ឬ Amelia Bambridge) កើត​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​១៩៩៨ សញ្ជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ ៥៣១៨៩០៨៣៣ បាន​ចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅ​គោលដៅ​ក្រុង​កោះរ៉ុង នៅ​ម៉ោង​៥:០០​ល្ងាច ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ មកដល់​កោះរ៉ុង​នៅ​ម៉ោង​៦:០០​ល្ងាច​។ នាង​បាន​ចូល​ស្នាក់នៅ​ផ្ទះសំណាក់ Ness Beach នៅ​ម៉ោង​៨:១៥​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល​ក្នុង​គោលបំណង​ទេសចរណ៍​។​
មុន​បាត់​ខ្លួនគេ​បាន​ប្រទះឃើញ​នារី​នោះ​លើកចុងក្រោយ​នៅ​ម៉ោង​៣:៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ពិធីជប់លៀង​មួយ​នៅ​ឆ្នេរ​កោះរ៉ុង (Police Beach) ក្រោយមក​ក៏​បាត់​ដំណឹង​តែម្តង​៕​សរន