ឈានទៅ​ស្រូបយក​ទេសចរ​ចិនៈ​ក្រសួងទេសចរណ៍​កម្ពុជា​និង​ធនាគារ​ចិន ចុះ​អនុស្សរណៈ​សហប្រតិបត្តិ​ការ​ទេសចរណ៍​

416
ចែករម្លែក
ឈានទៅ​ស្រូបយក​ទេសចរ​ចិនៈ​ក្រសួងទេសចរណ៍​កម្ពុជា​និង​ធនាគារ​ចិន ចុះ​អនុស្សរណៈ​សហប្រតិបត្តិ​ការ​ទេសចរណ៍​(រូបថតក្រសួងទេសចរណ៍)

ដោយៈ​បញ្ញា​សាស្ត្រ​/ ​ភ្នំពេញៈ​ ក្នុង​ដំណើរ​ចូលរួម «​វេទិកា​ខ្សែក្រវាត់និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​» នា​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​លោក LIN JINGZHEN អនុប្រធាន​ប្រតិបត្តិ​របស់​ធនាគារ​ចិន (Bank of China) លើ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ ឆ្នាំ​២០១៩-២០២១ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក LIU LIANGE ប្រធាន​ធនាគារ​ចិន​។​

(រូបថតក្រសួងទេសចរណ៍)


​​ប្រភពពី​ក្រសួងទេសចរណ៍​នៅ​ថ្ងៃទី​២៧​ខែមេសា​នេះ​បាន​ឲ្យ​ដឹងថា ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​គឺ​ឆ្លើយតប​នឹង​សកម្មភាព​នៃ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​និង​អបអរ​ឆ្នាំ​វប្បធម៌​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩ ដែល​អត្ថន័យ​ផ្តោត​សំខាន់​ទៅលើ​ការងារ​សំខាន់ៗ​ចំនួន​ប្រាំ​។​ក្នុងនោះ​១. ការបង្កើត​ផលិតផល​ទីផ្សារ​និង​ផ្សព្វផ្សាយ​,​ទី​២. ជួយ​សម្រួល​ការបង្កើត​ការបង់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​តាម​ប្រព័ន្ធ​ឌីជីថល ដូចជា Union Pay, WeChat Pay,AliPay​ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ប្រតិបត្តិ​ករ​ទេសចរណ៍​ដូចជា​សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារ​ទេសចរណ៍ និង​នៅតាម​គោលដៅ​ទេសចរណ៍​ផ្សេងៗ ដើម្បី​ឲ្យ​ស្របតាម​តម្រូវការ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា ​ជាពិសេស​សម្រាប់​ភ្ញៀវទេសចរ​ចិន​,​ទី​៣.​ជំរុញ​ការតភ្ជាប់​ផ្លូវអាកាស​ទៅ​គោលដៅ​ទេសចរណ៍​សំខាន់ៗ​,​ទី​៤. ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រី​សាធារណៈ​និង​ទី​៥. ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​រូបិយ​ប័ណ្ណ​យ័ន​ក្នុង​វិស័យ​ទេសចរណ៍ និង​សកម្មភាព​ផ្សេងៗ​ទៀត ដើម្បី​គាំទ្រ និង​ជំរុញ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​


​គួរ​រលឹក​ថា ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ៦,២​លាន​នាក់ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ចិន​ជាង ពីរលាន​នាក់​៕សរន/Ha