ឈិន​ឡុង​និយាយថា​មាន​មោទនភាព​ក្នុងនាម​ជា​ជន​ជាតិចិន បន្ទាប់ពី​គេ​សួរ​អំពី​ចលាចល​នៅ​ស្រុកកំណើត​ហុងកុង​របស់គាត់​

258
ចែករម្លែក

​តារា​ក្បាច់គុន​កុង​ហ្វ៊ូ ជែក​គី ចាន់ (​ឈិន​ឡុង​) បានបង្ហាញ​ភក្តីភាព​ចំពោះ​បក្ស​កុម្មុយនីស្ត​ចិន បន្ទាប់ពី​ត្រូវគេ​សួរ​អំពី​ចលាចល​កំពុង​កើតឡើង​នៅ​ស្រុកកំណើត​ហុងកុង​របស់គាត់​។

​ក្នុងនាម​ជាតា​រា​ហុងកុង​ល្បីល្បាញ​បំផុត​មួយរូប តារា​អាយុ​៦៥​ឆ្នាំ​រូបនេះ​បាន​និយាយថា គាត់​មាន​មោទនភាព​ជា​ចិន និង​ថា គាត់​ស្រឡាញ់​មាតុភូមិ​របស់គាត់​។

​គាត់​ក៏​និយាយ​ដែរ​ថា “​ព្រឹត្តិការណ៍​ថ្មីៗ​នៅ​ហុងកុង​” បានធ្វើឱ្យ​គាត់​ខូចចិត្ត​។ គាត់​បាន​ជំរុញ​សាធារណជន​ចូលរួម​ជាមួយ​គាត់​ក្នុងការ​ការពារ​អធិបតេយ្យភាព​ចិន​។

​តារា​ក្បាច់គុន ដែល​ល្បី​ថា​ជា​អ្នក​ប្រកាន់​ជំហរ​គាំទ្រ​ចិន​ប៉េកាំង បាន​បំបែក​ភាព​ស្ងៀមស្ងាត់​អំពី​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​អំឡុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​រដ្ឋ​ចិន CCTV​។​

​ជែក​គី ចាន់​និយាយថា គាត់​គាំទ្រ​យុទ្ធ​ការ​ជាតិនិយម​រៀបចំ​ដោយ CCTV ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ចិន​ស្រឡាញ់​ទង់ជាតិ​ពួកគេ​។

​តារា​រូបនេះ​និយាយថា គាត់​បាន​ស៊ែរ​ភ្លាមៗ​នូវ​ផុស​បណ្តាញ​សង្គម​របស់ CCTV អំពី​យុទ្ធនាការ​នេះ នៅពេល​គាត់​អូស​ឃើញ​វា​។

​គំនិត​ផ្តួចផ្តើម ឈ្មោះថា “​ទង់ជាតិ​ក្រហម​ផ្កាយ​ប្រាំ​មាន​អ្នកការពារ​១,៤​ពាន់​លាន​នាក់​” ត្រូវបាន​ចាប់ផ្តើម​បន្ទាប់ពី​បាតុករ​មួយចំនួន​បាន​គប់​ទង់​ជាតិចិន​ចោល​នៅ​កំពង់ផែ​វី​ក​តុ​រៀ​ក្នុង​ទីក្រុង​ហុងកុង​អំឡុង​ការតវ៉ា​កាលពី​ថ្ងៃទី​៣​សីហា​៕ ដោយ៖ កញ្ញាដាលីស

ជែក​គី ចាន់ ស្មោះស្ម័គ្រ​នឹង​ចិន​ប៉េកាំង​ឥត​ងាករេ