ឈី​លី លុបចោល​ជំនួប​កំពូល​Apec និង​កិច្ចប្រជុំស្តី​អាកាសធាតុ​ចំ​ពេល​មាន​ការប្រឆាំង​តវ៉ា​

253
ចែករម្លែក

​ប្រទេសឈី​លី​កាលពី​ថ្ងៃ​ពុធ​ទី​៣០​តុលា បាន​ដកខ្លួន​ចេញពី​ការទទួល​រៀបចំ​ធ្វើ​ជំនួប​កំពូល​Apec​នៅ​ខែ​ក្រោយ​ដែល​នៅ​ទីនោះ​អាម៉េរិក​និង​ចិន​ត្រូវ​រំពឹងថា​នឹង​ចុះ​កិច្ច​ព្រម​​ព្រៀង​មួយ​ដើម្បី​បន្ធូរបន្ថយ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ប៉ះពាល់​សេដ្ឋកិច្ច​សកល ចំ​ពេល​មាន​ការតវ៉ា​ប្រឆាំង​នៅក្នុង​ប្រទេស​នៅ​អាម៉េរិក​ខាងត្បូង​នេះ​។​

​ចំណាត់ការ​ភ្លាមៗ​នេះ កើត​ឡើង​ក្រោយ​មាន​កុបកម្ម​អស់​ពេល​រាប់​សប្តាហ៍​ប្រឆាំងនឹង​វិសមភាព​នៅ​ឈី​លី ដែល​បាន​បណ្តា​អោយ​ស្លាប់​មនុស្ស​១៨​នាក់ និង​ទម្លាក់​ជំនួប​កំពូល​Apec​ទៅក្នុង​អន្តរាយ​។​ប្រទេស​ចូលរួម​ឥឡូវ​កំពុង​ពិនិត្យ​រក​ទីកន្លែង​ប្រជុំ​ជំនួស​។​

​ប្រធានាធិបតីឈីលី ដែល​កំពុង​តស៊ូ​ក្រាញ​នៅក្នុង​អំណាច បាន​និយាយថា លោក​បាន​សំរេចចិត្ត​ដ៏​ឈឺចាប់​ក្នុង​ការលុបចោល​ជំនួប​កំពូល​នេះ ព្រមទាំង​កិច្ចប្រជុំ​អន្តរជាតិ​COP25​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ខែ​ធ្នូ ដើម្បី​យក​ពេល​ផ្តោតលើ​ការស្តារ​ច្បាប់​និង​សណ្តាប់ធ្នាប់ ហើយ​ជំរុញ​ផែនការ​សង្គម​ថ្មី​មួយ​។​

​ជំនួប Apec ត្រូវធ្វើ​នៅ​ថ្ងៃ​១៦-១៧​វិច្ឆិកា ដោយ​មាន​ការចូលរួម​ពី​មេដឹកនាំ​ពិភពលោក​២០​នាក់ រួម​មាន​ប្រធានាធិបតី​អាម៉េរិក​និង​ចិន​។​

​កុបកម្ម​នៅ​ឈី​លី​បាន​បណ្តាល​អោយ​បិទ​មួយ​ភាគ​ធំ​នៃ​ទីក្រុង​សា​ន់ទី​យ៉ា​ហ្គោ ដោយ​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី​រង​ការខូចខាត​ប្រមាណ​៤០០​លាន​ដុល្លារ​។​សរុប​មនុស្ស​៧.០០០​នាក់​​ត្រូវបាន​ចាប់ខ្លួន​និង​បណ្តា​ស្ថាប័ន​ជំនួញ​ឈី​លី​រង​ការខាតបង់​ខ្លាំងជាងគេ អស់​ប្រមាណ​១,៤​ពាន់​លាន​ដុល្លារ​។​

​សូមបញ្ជាក់​ថា មេដឹកនាំ​ឈី​លី​ដែល​កាន់តែ​បាត់បង់​ប្រជាប្រិយភាព​បាន​បណ្តេញ​សមាជិក​គណៈរដ្ឋមន្ត្រី​អស់ចង់​ពាក់កណ្តាល រួម​មាន​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ សេដ្ឋកិច្ច និង​មហាផ្ទៃ ក្នុង​​បំណង​បញ្ចប់​ការតវ៉ា​ប្រឆាំង តែ​ទទួលបាន​ផល​តិចតួច​ដោយ​ពួក​អ្នក​រៀបចំ​អំពាវនាវ​អោយមាន​ការតវ៉ា​ប្រឆាំង​ថ្មីៗ​៕​ដោយ​៖​វាសនា​

បាតុករ​ដើរ​ដង្ហែ​ប្រឆាំង​គំរូ​សេដ្ឋកិច្ចឈីលី នៅ​ទីក្រុង​សាន់​ទី​យ៉ា​ហ្គោ កាលពី​ថ្ងៃ​២៥​តុលា​