ឈួន សុវណ្ណ​ឆៃ រំលឹក​អតីតកាល​មុន មាន​ថ្ងៃនេះ

1371
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: រំលឹក​ទៅ​អតីតកាល តារាចម្រៀង ឈួន សុវណ្ណ​ឆៃ ត្រូវបាន​តន្ត្រីករ​ជើងចាស់ លោក អ៊ុ ដា​រ៉ា ជា​អ្នក​យឺត​យោង​ត្រួសត្រាយ​ផ្លូវ​ជាច្រើន មុនពេល​ដែល អ្នកនាង​បាន​មកដល់​ចំណុច​មួយ​នេះ ដូច​សព្វថ្ងៃ​។ អីចឹង​ហើយ បានជា​អ្នកនាង ចុះទៅ​សួរសុខទុក្ខ និង​ជូន​ជា​ថវិកា​ខ្លះ​ដល់​លោកគ្រូ​វី​យូ​ឡុង​មួយ​នេះ ខណៈពេលដែល​លោក​ក្លាយជា​ជនពិការ ក្នុង​វ័យ​ជរា​ទៅហើយ​។

​តារាចម្រៀង មាន​ប្រវត្តិ​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ បាន​ឲ្យ​ដឹងថា ក្នុងពេលដែល​នាង​បាន​មករក​ការងារ​ធ្វើ​នៅ​ភ្នំពេញ និង​បាន​ចូល​ប្រលង​ក្នុង​កម្មវិធី​ក្នុង​ទូរទស្សន៍​មួយ​នោះ នាង​ត្រូវបាន​តន្ត្រីករ​វ័យ​ជរា អ៊ុ ដា​រ៉ា ជ្រើសរើស​ឲ្យ​ចូលក្នុង​ក្រុម​ចូល​ច្រៀង​ក្នុង​ក្រុម​ក្រុម​យោធា​ភិរម្យ ដែល​ក្នុងពេលនោះ​ទទួលបាន​ប្រាក់ខែ​ក្នុង​មួយខែ​ប៉ុន្មាន​ម៉ឺន​រៀល និង អង្ករ​២០​គីឡូ​។

​អ្នកនាង​ថា ខ្លួន​បានទទួល​ការបង្ហាត់បង្ហាញ ពី​សិល្បករ​ជើងចាស់​រូបនេះ​យ៉ាងច្រើន ទាំង​ការបង្រៀន​ច្រៀង និង​ជួយ​អោយមាន​ហាង​ច្រៀង​បន្ថែម ដើម្បីអោយ​អ្នកនាង​អាចឈរជើង​បាន​នៅ​រាជធានី​ភ្នំពេញ​។ អ្វីដែល​អ្នកនាង​ចងចាំ​មិន​ភ្លេច គឺ​លោក​អ៊ុ ដា​រ៉ា បាន​អង្វរ​អោយ​ក្រុម​តន្ត្រី​ដំឡើង​អង្ករ​អោយ​អ្នកនាង​បាន​មួយខែ​ដល់​មួយ​បាវ និង​បន្ថែម​ប្រាក់ខែ ដើម្បីអោយ​អ្នកនាង​អាច​បន្ត​រស់នៅ​ភ្នំពេញ​បាន ក្នុងពេល​អ្នកនាង​ពិបាក​ខ្លាំង​ហើយ​គិត​ចង់ទៅ​រស់នៅ​ខេត្តបន្ទាយមានជ័យ​វិញ​។

​អ្នកនាង​បាន​ទាំង​ត្រូវ​លោក​អ៊ុ ដា​រ៉ា និពន្ធ​បទ​ថ្មី​អោយ ៣​បទ ដើម្បី​បាន​ច្រៀង​ជា​បទ​ចម្រៀង​ផ្ទាល់ខ្លួន​នោះ​ផង ដោយ​គ្រាន់តែ​ក្រោយពេល​ថត​ចប់ បទ​ចម្រៀង​ទាំំ​ង​នោះ​មិនត្រូវ​បានចេញ​លក់ ហើយ​មិនដឹងថា​តើ លោក​អ៊ុ ដា​រ៉ា រក្សាទុក ឬ​បាត់បង់​ទៅហើយ ក្នុងពេលដែល​លោក​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ និង​វង្វេងវង្វាន់​ច្រើន​នៅក្នុង​ពេលនេះ​។

​អ្នកនាង​ទទូច​អោយ​តារា​សិល្បៈ​ជាច្រើន​ផ្សេងទៀត ដែល​ធ្លាប់​ទទួលបាន​ការចង្អុល​បង្ហាត់​បង្ហាញផ្លូវ អោយ​យកចិត្តទុកដាក់​ចំពោះ​គ្រូសិល្បៈ​រូបនេះ ដោយ​អ្នកនាង​ប្រកាសថា លោក អ៊ុ ដា​រ៉ា មានគុណ​ច្រើនណាស់​ដល់​តារាចម្រៀង​មួយចំនួន ក្នុងពេលដែល​លោក​បម្រើការ​ជា​តន្ត្រីករ ជា​អ្នកនិពន្ធ និង​ជា​បង្ហាត់​សិស្ស​។​

​កញ្ញា សម ថា​រ័ត្ន កូនស្រី​ពៅ របស់លោក អ៊ុ ដា​រ៉ា ដែល​ត្រូវគេ​ស្គាល់​ថា ជា​កីឡាការិនី​ផ្នែក​ល្បុ​ក​ត្តោ បាន​ថ្លែង​បញ្ជាក់ថា លោក​ត្រូវ​ដឹក​យកមក​ព្យាបាល​ឆ្អឹង​ជាមួយ​គ្រូខ្មែរ​ប្រមាណ​ជិត​មួយខែ​ហើយ បន្ទាប់ពី​លោក​មាន​ស្ថានភាព​បាក់ឆ្អឹង​ក្រោយ​គ្រោះថ្នាក់ ហើយ​ត្រូវបាន​គ្រួសារ​មិនមាន​លទ្ធភាព​វះកាត់ និង​ក្នុង​ពេលនេះ​បើទោះជា​វះកាត់​ក៏ត្រូវ​ហួសពេល​។ កញ្ញា​ថា លោក​ពិការ​មួយរយៈ​មកហើយ ខណៈដែល​ផ្នែក​ស្មារតី​ក៏​ចាំ​ខ្លះ​ភ្លេច​ខ្លះ មិនសូវ​ដូច​មុន​៕