ឈ្មួញ​ថា សំណង​កំណាត់​ផ្លូវដែក​ដែល​ខូចខាត​ថ្លែ ជាង​១​ម៉ឺន​៥​ពាន់​ដុល្លា​សរ​អា , ជួសជុល​រួច​តែ​មិនទាន់​ឲ្យ​ឆ្លងកាត់​

905
ចែករម្លែក

​ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ : ឈ្មួញ​ថា សំណង​ថ្លៃ​ខូចខាត​កំណាត់​ផ្លូវដែក​នៅ​ម្តុំ​អាង​អូរ​ខៃ​ដន​ក្រុង​ប៉ោយប៉ែត ថ្លែ ជាង​១​ម៉ឺន​៥​ពាន់​ដុល្លា​សរ​អា ។ ឯ​ក្រុម​វិស្វកម្ម​សាងសង់​ថា ការជួសជុល​ផ្លូវដែក​នោះបាន​រួចរាល់​តែ​មិនទាន់​អោយ​ឆ្លងកាត់​នៅឡើយ ។​ការឆ្លងកាត់​នៅតែ​ធ្វើ​នៅ​ផ្លូវដី​វាង​ថ្មី​។ នេះ​បើតាម​លោក​ចាំង ហ្គិ​ច​ភាវ ម្ចាស់​គ្រឿងចក្រ​ចូក​និង​ដឹក​ដី​ច្រើនជាងគេ​នៅ​ក្រុង​ប៉ោយប៉ែត និង​ជា​ដៃគូ​ជាមួយ​លោក​ឧកញ៉ា​កុក អាន ម្ចាស់​ក្រុមហ៊ុន​អាន​កូ ,​ក្រុមហ៊ុន​ប៉ោយប៉ែត​សាប់​ប្លាយ​វ៉​ត​ធឺ ដែល​គ្រប់គ្រង​អាងទឹក​អូរ​ខៃ​ដន​ដែល​ផ្តល់​ដី​អាង​អោយ​កាយ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៩​ខែធ្នូ ។​

​លោក​និយាយថា : សំណង់​ហ្នុ​ង​ខាង​លោក​ឧកញ៉ា​ទេ តែ​ក្រុមហ៊ុន​ដឹក​ដី​របស់លោក របស់​កូនលោក​គាត​ហ៊ុល ..​បាន​ដឹក​ដី​ពី​អាង​លោក​ឧកញ៉ា ហើយ​បង្ខូច​ខាត​ត្រង់​ប្រសព្វ​ផ្លូវ ស្ពាន​និង​ផ្លូវដែក​នៅក្បែរ​អាង​អូរ​ខៃ​ដន ។​ចឹ​ង ក៏​សង​ទៅខាង​ផ្លូវដែក​។​

​សូម​រំលឹកថា លោក​សួន នឿ​ង មេការ​ចល័ត​ក្រុមបច្ចេកទេស​ស្ថាបនា​ផ្លូវដែក ក្រុមហ៊ុន​រ៉ូយ៉ាល់​រេ​វេ (Royal Raiway Co.,Ltd) អោយ​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពី​ដើមខែ​មុន​ថា​: ក្រុមបច្ចេកទេស​របស់​ក្រុមហ៊ុន បានចាប់ផ្តើម​ដំណើរការ​ជួសជុល​កំណា​ត់​ផ្លូវដែក​ចំណុច​ជាប់​ស្ពានបេតុង​២ និង​ជាប់​អាងទឹក​អូ​ខែ​ដន ដែល​រង​ការបំផ្លាញ​ដោយ​ក្រុម​រថយន្ត​ដឹក​ដី​ដែល​កាយ​ពី​អាង​អូ​ខៃ​ដន​នោះ​ពី​ថ្ងៃទី​៣០​ខែវិច្ឆិកា​មក​។​

​ការជួសជុល​ត្រូវ​កាយ​ចោល​ទាំងស្រុង​គ្រឺះ​ផ្លូវ​បេតុង​និង​ដែក​ផ្លុ​វ ហើយ​ជំនួស​មកវិញ​ដោយ​ដាក់​បន្ថែម​កំណល់​បេតុង​និង​កំណល់​ឈើ និង​ដាក់​ដែក​ទប់​លំនឹង​ដែក​រ៉ៃ​( Contre Rai) (៦​ម​គុណ​១១​ម​) ព្រមទាំង​ក្រាល​សំណាញ់​ដែក ហើយ​ចាក់​បេតុង​ផ្លូវ​ឆ្លងកាត់​(១១​ម​គុណ​៩​ម​)​។ ការជួសជុល​នេះ ត្រូវ​ពង្រឹងគុណភាព​ធានា​ដល់​ប្រសិទ្ធភាព​ខ្សែ​រត់​ដឹកជញ្ជូន​ធុន​ធ្ងន់​ផង​និង​ដល់​រថយន្ត​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវដែក​ផង​។ ក្រុម​បច្ចេក​ទស​និង​ក្រុម​រថយន្ត​ដឹក​ដី​ក៏​សម្រួល​ផ្លូវ​បណ្តោះអាសន្ន​សម្រាប់​រថយន្ត​ដឹក​ដី​ឆ្លងកាត់​ថ្មី​នៃ​ផ្លូវដែក​ផងដែរ​។​

​លោក​ថា បានដឹង​ត្រឹម​ថា ក្រុមហ៊ុន​ទទួល​ការងារ​ពី​លោក​លី បូ​រិន្ទ អនុរដ្ឋលេខាធិការ​និង​ជា​ប្រធាន​គណ​:​កម្ម​ការស្តារ​ផ្លូវដែក​ឡើងវិញ ។​លោក លី បូ​រិន្ទ គាត់​អ្នកទទួល​ថវិកា​សង​ពី​លោក​ក្រុមហ៊ុន​អាន​កូ ។​

​ចំណែក​លោ​កឡាច សំអាត ប្រធាន​ក្រុមបច្ចេកទេស​ខ័​ណ្ឌ​ប្រចាំការ​ផ្លូវដែក​បាត់ដំបង​-​សិរីសោភ័ណ​-​ប៉ោយប៉ែត​នៃ​ក្រុមហ៊ុន​រ៉​យ៉ា​ល់​រេ​វេ ប្រាប់​កាសែត​រស្មី​កម្ពុជា​ដែរ​ថា​: ការជួសជុល​កំណាត់​ផ្លូវដែក​ដែល​ខូចខាត​នេះ គឺ​ធ្វើ​ទាំង​ចំណុច​ដែល​រថយន្ត​ដឹក​ដី​បាន​បំផ្លាញ និង​ទាំង​ចំណុច​ផ្លូវដែក​ដែក​ទឹកជំនន់​លិច​កាលពី​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៨ ។​

​សូម​រំលឹកថា យោង​លិខិត​លេខ​៥៨២​សក​/​គជ​ដ​ចុះ​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​លោក តូច ចាន់​កុសល រដ្ឋលេខា​ធី​ការ​ក្រសួង​សា​ធា​ការ​និង​ដឹកជញ្ជូន​ផ្ញើជូន​(​ឯ​/​ឧ​សួន បវរ ) គណ​:​អភិបាលខេត្ត​បន្ទាយ​មាន​ជ៏​យ​ដែល​កាសែត​រស្មី​កម្ពុជា​ទទួលបាន​ដែរ អោយដឹងថា “​សុំ​ចាត់ការ​បន្ទាន់​លើ​ឡាន​ដឹក​ដី​ឆ្លងកាត់​ផ្លូវដែក​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៣៧២- ៤៣០ (​ចំណុច​គីឡូម៉ែត្រ​របស់​ផ្លូវដែក ) ដែល​ធ្វើអោយ​ខូចខាត​ធ្ងន់ធ្ងរ​ផ្លូវដែក​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​លិខិត​បញ្ជាក់ថា ការធ្វើ​អាជីវកម្ម​ដឹក​ដី​ដោយ​ធ្វើការ​ឆ្លងកាត់​ផ្លូវដែក​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​នេះ កំពុង​កើតឡើង​យ៉ាងច្រើន ដែល​បណ្តាលអោយ​ប៉ះពាល់ ខូចខាត​តួ​ផ្លូវដែក​យ៉ាងធ្ងន់ធ្ងរ​និង​អាចធ្វើអោយ​ចរាចរណ៍​ខ្សែ​រថភ្លើង​មាន​គ្រោះថ្នាក់​ទៀត ។​

​ហេតុនេះ ក្រសួង​ស្នើសុំ​លោក​អភិបាលខេត្ត ជួយ​ចាត់វិធានការ​លើ​ការធ្វើ​អាជីវកម្ម​ដឹក​ដី​ទាំងឡាយ​ខាងលើ​ជាបន្ទាន់​ដើម្បី​កុំ​អោយមាន​ផលវិបាក​ផ្សេងៗ​។ ក្រសួង​ស្នើអោយ​បិទផ្លូវ​ឆ្លងកាត់​នេះ​ជា​បណ្តោះអាសន្ន​ដើម្បី​ធ្វើការ​ជួសជុល​ឡើងវិញ​៕ ល​

#