ឈ្មួញ​លួច​គាស់​គល់រាំង​ប្រុងដឹកទៅវៀតណាម តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ជាប់

1282
ចែករម្លែក

(​ព្រៃវែង​)៖ គល់រាំង​មួយ​គល់​ធំ​ដែល​ឈ្មួញ​គាល់ បាន​និង​បំ​រ៉ុង​ដឹក​យកទៅលក់​នៅ​វៀតណាម​! ត្រូវបាន​លោក​ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង​បញ្ជា​កម្លាំង​ឲ្យ​ឃាត់ទុក​ដាំ​ក្នុង​វត្ត​។​

​ការឃាត់​គល់រាំង​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧ ចំណុច​ខាងលិច​ភូមិ​អង្គាដី​ប្រហែល​២០០​ម៉ែត្រ ដែល​ស្ថិតនៅ​ភូមិ​អង្គាដី​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង​ខេត្តព្រៃវែង​។​

​លោក ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា នៅក្រោយ​ពេលដែល​លោក​ទទួល​ព័ត៌មាន​ថា មាន​អ្នក​គាស់​គល់រាំង​ពី​កន្លែង​ផ្សេង ដោយ​បណ្ដែត​តាម​ទឹក ហើយ​យកមក​ទុក​នៅ​ចំណុច​ខាងលើ​ភ្លាម គឺ​លោក​បាន​បញ្ជា​ឲ្យ​កំលាំង​នគរបាល​មូលដ្ឋាន និង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ឲ្យ​ទប់ស្កាត់ និង​ឃាត់​គល់រាំង​នោះ​ទុក ដើម្បី​ប្រគល់​ឲ្យ​គណៈកម្មការ​វត្ត​អង្គាដី​យកទៅ​ដាំ​នៅក្នុង​វត្ត​។

​ដោយឡែក​ពលរដ្ឋ​នៅ​ភូមិ​អង្គាដី បាន​ឲ្យ​ដឹងថា គល់រាំង​នេះ​មាន​ទំហំ​ធំ​ដល់​ទៅមួយ​អោបដៃ​មនុស្ស​ចាស់ ដែលមាន​ប្រវែង​ប្រហែល​៥​ទៅ​៧​ម៉ែត្រ​។ ​មិនតែប៉ុណ្ណោះ​គល់​របស់​វា និង​មែក គឺ​បែ​កឫស​ក្រ​ញ៉េ​ង​ក្រ​ញ៉ា​ង​ជាច្រើន ជាហេតុ​នាំ​ឲ្យ​គល់រាំង​មួយ​គល់​នេះ មានតម្លៃ​ខ្ពស់​នៅ​ទីផ្សារ​វៀតណាម​។ ទើប​ពួក​ឈ្មួញ​ហ៊ាន​ចំណាយ​ប្រាក់​ក្នុង​ការជួល​កម្ម​ករម​ក​គាស់ និង​ដឹកជញ្ជូន​តាម​ទឹក​បឹង​ជាច្រើន តរ​និង​លើកដាក់​រថយន្ត​ទម្រាំ​ដល់​វៀតណាម​។​

​ប្រភព​ដដែល​បាន​បន្តថា​ក្រុម​ឈ្មួញ ដែល​ដើរ​គាស់​គល់រាំង​ទាំងនោះ គឺ​តែងតែ​មក​គាស់​គល់រាំង​របស់​កសិក​រ​ក្នុងភូមិ ដោយ​ពុំបាន​ទិញដូរ​ជា​ប្រាក់​អី​ទេ គឺ​ភាគច្រើន​ពួកគេ​លួច​គាស់​ពេល​ល្ងាច ឬ​ពេលយប់​ចំពេល​ដែល​កសិករ​វិល​ពី​ស្រែ​មក​ផ្ទះ​វិញ​។ រហូតដល់​ពេលខ្លះ​មាន​ពលរដ្ឋ និង​ប្រជា​ការពារ​ភូមិ ដេញ​ក្រុម​នោះ​យ៉ាង​ប្រ​ភិត​ប្រ​ភីង​ក៏មាន​! ប៉ុន្តែ​ពួកគេ​នៅតែ​មិន​រៀងចាល ដោយ​លួច​គាស់​កន្លែង​នេះ មិនបាន​ទៅ​គាល់​កន្លែង​នោះ គឺ​បំលាស់​ទី​រហូត​។​

​លោក ស៊ឹម កុសល អធិការ​ស្រុក​ពារាំង បាន​ឲ្យ​ដឹងថា គល់រាំង​ដែល​ក្រុម​ឈ្មួញ​គាស់​យកមក​ទុក​នៅ​ចំណុច​នោះ ត្រូវបាន​សមត្ថកិច្ច​យើង​ឃាត់ទុក ដើម្បី​ប្រគល់​ឲ្យ​ពលរដ្ឋ និង​គណៈកម្មការ​វត្ត​យកទៅ​ដាំ នៅក្នុង​វត្ត​អង្គាដី​នោះ​តែម្ដង​។​

​ពលរដ្ឋ​នៅក្នុង​ភូមិ​ខាងលើ​ក៏បាន​សារ​ទរ​ទៅលើ​ចំណាត់​មួយ​នេះ ព្រោះ​ពួកគាត់​មិន​ចង់​ឲ្យ​ក្រុម​ជនខិលខូច​ទាំងនោះ មក​ដើរ​គាស់​គល់រាំង​របស់​ពួកគាត់​ឡើយ​៕L ដោយ​៖​ចាន់ ថន​