ឈ្មួញ​សត្វព្រៃ​ជា​ស្ត្រី​ឈ្មោះ សោម គឹម​សាង ត្រូវ​ឃាត់ខ្លួន​ជា​លើក​ទី​២ តែ​ដោះស្រាយ​ត្រឹមតែ​ពិន័យ​ជា​ប្រាក់​

1105
ចែករម្លែក
  • 467
    Shares

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ឈ្មួញ​សត្វព្រៃ​ឈ្មោះ​សោម គឹម​សាង ត្រូវ​ឃាត់ខ្លួន​ជា​លើក​ទី​២ ពាក់ព័ន្ធ​នឹង​ការជួញដូរ​សត្វព្រៃ ប៉ុន្តែ​បានត្រឹមតែ​ពិន័យ​ទឹកប្រាក់​បន្តិច​ប​ន្ទួ​ច​ហើយ​រួចខ្លួន​វិញ​។​

​ភ្នាក់ងារ​រស្មី​កម្ពុជា ប្រចាំខេត្ត​ម​ណ្ឌ​គិរី​បាន​រាយការណ៍​ថា កាលពី​ថ្ងៃទី​៨​សីហា​កន្លងទៅ​ឈ្មួញ​សត្វព្រៃ​ចំនួន​២​នាក់ នៅក្នុង​ផ្សារ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ម្នាក់​មានឈ្មោះ សោម គឹម​សាង និង​ម្នាក់ទៀត​ឈ្មោះ សាំង វុទ្ធី ត្រូវបាន​ក្រុម​អន្តគម​ន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត នៃ​រដ្ឋបាល​ព្រៃឈើ សហការ​ណ៍​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ WILD LIIFE ALLIANCE និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ ចុះ​ចាប់​ដល់​ក្នុងផ្ទះ​ជា​លើក​ទី​២​។​

​ក្នុងករណី​ជា​លើក​ទី​២​នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​បាន​ចុះ​ឃាត់​ចាប់​សត្វព្រៃ​នៅ​ទីតាំង​ចំនួន​២​កន្លែង ប្រមូល​សាច់សត្វ​ព្រៃ​ប្រមាណ​៦៧.៧​គីឡូក្រាម ដោយ​ឃាត់​អ្នកលក់ដូរ​សាច់សត្វ​ព្រៃ​ចំនួន​២​នាក់​។ ទីតាំងនៅ​ចំណុច​ផ្សារ​គុម្ព​ឫស្សី ម្ចាស់​ឈ្មោះ សោម គឹម សាង ភេទ​ស្រី អាយុ​២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្ថិតនៅ​ភូមិ កណ្តាល សង្កាត់ ស្ពាន​មានជ័យ ក្រុង សែន​មនោ​រម្យ ជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​កាលពី​៥​ខែ​មុន និង​ម្នាក់ទៀត​ឈ្មោះ សាំង វុទ្ធី ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ដើម​ស្រល សង្កាត់​មនោ​រម្យ​។

​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា សត្វព្រៃ​ដែល​ចាប់​រួមមាន ១.​កាំ​ប្រ​ម៉ា ៧.២០ គីឡូ ២,​សាច់ជ្រូក​ព្រៃ​ជាង​៤០ គីឡូ ៣,​ក្តាន់​ញ៉ែង ៥​ក្បាល​ស្មើរ​និង​៧.៥០ គីឡូ ៤,​សាច់​ឈ្លូស​១៦ គីឡូ ក្រពះ​ប្រ​ម៉ា ចំនួន​០២ ។ ប​ច្ច​ប្បន្ន អ្នកលក់ដូរ​សាច់សត្វ​ព្រៃ​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិន័យ​ជាមួយ​ទឹកប្រាក់​សរុប​ចំនួន​៧​លាន​៥​សែន​៤​ម៉ឺន​៤​ពាន​រៀល រួច​ធ្វើការ​ដោះលែង​អោយ​ផ្ទះ​វិញ ចំណែក​សាច់​សត្វព្រៃ​បញ្ជូនទៅ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ដុត​កំទិចចោល ។​

​លោក​ជ័យ សុខា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹងថា ចំពោះ​ស្ត្រី​ខាងលើ​មិន​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ទេ ព្រោះ​បទល្មើស​នេះ​ជា​ប្រភេទ​សត្វព្រៃ​ធម្មតា ដោយ​មិន​ចាត់​ចូល​ជា​ប្រភេទ​សត្វ​កម្រ​។ លោកនាយ​ផ្នែក​បញ្ជាក់ថា ករណីនេះ​ត្រឹមតែ​ពិន័យ​អន្តរកាល​ប៉ុណ្ណោះ​។​

​សូម​រំលឹកថា កាលពីដើមឆ្នាំ​២០១៨​ស្ត្រី​ខាងលើ បាន​រង​នូវ​ការចាប់ខ្លួន​ម្តង​រួចមកហើយ និង​បាន​រឹប​អូ​សត្វព្រៃ​ជាច្រើន រួមមាន ទី​១-​កាំ​ប្រ​ម៉ា​៥១.៥ គីឡូ​, ទី​២-​ត្រកួត​រស់​៤.៣០​គីឡូ​, ទី​៣-​កន្ធាយ​រស់​០៤​គីឡូ​, ទី​៥-​ក្តាន់​ញ៉ែង​៦.៣០​គីឡូ​, ទី​៦-​ឆ្មាបា​ងាប់​៥,៣០​គីឡូ​, ទី​៧-​សាច់​ឈ្លូស​៣២​គីឡូ​, ទី​៨-​សំពោច​ងាប់​២.៧០​គីឡូ​, ទី​៩-​ពស់ព្រៃ​ងាប់​១.៥០​គីឡូ និង​ទី​១០-​ក្រពះ​ប្រ​ម៉ា ចំនួន​០៣​សរុប​ចំនួន​១០​មុខ ស្មើរ​១១២.៦ គីឡូ​៕

#