ញាក់សាច់​! គំនូរ​មួយ​ផ្ទាំង​ចុងក្រោយ​នេះ​នឹង​លក់​ដេញថ្លៃ​ក្នុងតម្លៃ ១០០ លាន​ដុល្លារ​

592

​ផ្ទាំងគំនូរ​ចុងក្រោយបង្អស់​របស់​វិចិត្រករ លី​អូ​ណា​ដូ ដា វីន​ស៊ី (Leonardo Da Vinci) ដែល​ស្ថិតនៅក្នុង​ដៃ​របស់​អ្នកប្រមូល​ឯកជន នឹងត្រូវ​ដាក់លក់​នៅក្រោម​ស្នួរ​គោះ​ញញួរ​នៅ​ខែក្រោយ​នៅ​ទីក្រុង​ញូវយ៉ក​។​

​ដោយមាន​អាយុកាល​ប្រហែល​តាំង​ឆ្នាំ ១៥០០ នៃ​គ​.​ស រូបគំនូរ​ឈ្មោះ “Salvator Mundi” (​ព្រះ​សង្គ្រោះ​ពិភពលោក​) ដែល​ពណ៌នា​ពី​ព្រះ​យេស៊ូគ្រិស្ត​ជា​អ្នក​សង្គ្រោះ​ពិភពលោក ត្រូវគេ​ជឿ​យូរ​មកហើយ​ថា​ជា​គំនូរ​ចម្លង​ចេញពី​ផ្ទាំងគំនូរ​ដើម​ដោយ​វិចិត្រករ​ឆ្នើម​អ៊ីតាលី ដា វីន​ស៊ី រហូត​ទីបំផុត គំនូរ​នេះ​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​ថា ត្រឹមត្រូវ និង​ជា​គំនូរ​ដើម​ពិតប្រាកដ​មែន​។​

​ស្នាដៃ​គំនូរ​តិចជាង ២០ ផ្ទាំង ដែល​គូរ​ដោយ​លោក​ដា វីន​ស៊ី ដែល​ស្នាដៃ​សិល្បៈ​របស់លោក​ត្រូវគេ​ស្វែងរក​ទិញ​យ៉ាងខ្លាំង​អំឡុង​គាត់​នៅមាន​ជីវិត​នោះ គឺ​នៅសល់​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​។ គំនូរ​ទាំងអស់នេះ​ត្រូវបាន​រក្សាទុក​នៅក្នុង​សារមន្ទីរ ឬ​ស្ថាប័ន​នានា លើកលែងតែ​ផ្ទាំងគំនូរ​ឈ្មោះ “Salvator Mundi” ។​

​ជាទូទៅ ស្នាដៃ​សិល្បៈ​នៅមុន​សតវត្ស​ទី ១៩ តិចតួច​បំផុត គឺ​នៅតែ​ស្ថិតក្នុង​ដៃ​ម្ចាស់​ឯកជន ហើយ​វា​កម្រ​មាន​លក់​ដេញថ្លៃ​ណាស់​។​

​ប្រធាន​ក្រុមហ៊ុន​លក់​ដេញថ្លៃ Christie’s លោក ឡូ​អ៊ី​ក ហ្គូ​ហ្ស័​រ និយាយថា គំនូរ​នេះ​រំពឹង​លក់​ដេញថ្លៃ​នៅ​រង្វង់ ១០០ លាន​ដុល្លារ នៅ​ថ្ងៃទី ១៥ វិច្ឆិកា ក្នុង​បុរី​ញូវយ៉ក ៕ ដោយ៖ កញ្ញាដាលីស

គំនូរ​ឈ្មោះ “Salvator Mundi” រំពឹង​លក់​ដេញថ្លៃ​ក្នុង​រង្វង់ ១០០ លាន​ដុល្លារ