ញាក់សាច់​! វេជ្ជបណ្ឌិត​ចិន​វះកាត់​ខួរក្បាល​អ្នកជំងឺ​ពី​ចម្ងាយ ៣.០០០ គីឡូម៉ែត្រ ​ដោយ​ប្រើ​បច្ចេកវិជ្ជា 5G របស់ Huawei

416
ចែករម្លែក
  • 254
    Shares

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា អ្នកជំងឺ ដែល​រង​នូវ​ជំងឺ​ផាក​ឃី​ន​សុន (Parkinson’s) បានទទួល​ការវះកាត់​បញ្ជា​ពី​ចម្ងាយ​ដោយ​ប្រើ​ប្រព័ន្ធ 5G ដំបូង​គេ​បង្អស់​នៅ​ចិន ជាមួយ​ការវះកាត់​ដាក់បញ្ចូល “​រំញោច​ខួរក្បាល​នៅ​ជម្រៅ​ជ្រៅ​” (DBS)​។​

​មន្ទីរពេទ្យ Chinese PLA General Hospital (PLAGH) ដោយមាន​ជំនួយ​ពី​ក្រុមហ៊ុន China Mobile និង​បច្ចេកវិជ្ជា 5G របស់​ក្រុមហ៊ុន Huawei បាន​អនុវត្ត​ន៍ការវះកាត់​នេះ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​ដោយ​វះកាត់​ដោយ​លោក​លីង ជី​ប៉ី (Ling Zhipei) ជា​មេ​គ្រូពេទ្យ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ទី​១​នៃ​មន្ទីរពេទ្យ PLAGH ដែលមាន​មូលដ្ឋាន​នៅ​ប៉េកាំង​និង​នាយកដ្ឋាន​សរសៃប្រសាទ​នៃ​មន្ទីរពេទ្យ Hainan PLAGH ការវះកាត់​នេះ​បាន​ប្រើពេល​ប្រហែលជា ៣ ម៉ោង​។​

​លោក​លីង​បានចាប់ផ្តើម​វះកាត់​នៅវេលា​ម៉ោង ៩:០០ ព្រឹក​នៅ​ទីក្រុង​សាន់​យ៉ា​ខេត្ត​ហៃ​ណាន ដោយ​ប្រើប្រាស់​ឧបករណ៍​វះកាត់​បញ្ជា​ពី​ចម្ងាយ ៣.០០០ គីឡូម៉ែត្រ​មក​ក្នុង​ទីក្រុង​ប៉េកាំង ជាមួយ​ការបង្ហាញ​រូបភាព​យ៉ាងច្បាស់​នៅលើ​កុំព្យូទ័រ​តាមរយៈ​បណ្តាញ 5G ហើយ​បាន​វះកាត់​ដាក់បញ្ចូល​រំញោច DBS នៅ​ទីតាំង​គោលដៅ​បាន​យ៉ាង​ល្អប្រសើរ​។​

​បន្ទាប់ពី​ការវះកាត់ អ្នកជំងឺ​បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍ល្អ​”​។​

​លោក​វេជ្ជបណ្ឌិត​លីង​បាន​និយាយថា “​ខ្ញុំ​បាន​ប្តូរ​វេន​ធ្វើការ​នៅ​ប៉េកាំង​ផង​និង​ហៃ​ណាន​ផង ហើយ​ការវះកាត់​បានធ្វើ​ឡើង​អំឡុងពេល​ខ្ញុំ​កំពុង​ប្តូរ​វេន​ធ្វើការ​នៅ​ហៃ​ណាន​។ អ្នកជំងឺ​ផាក​ឃី​ន​សុន​នៅ​ប៉េកាំង ត្រូវការ​ការវះកាត់​ ហើយ​មិនអាច​ហោះ​ទៅ​ហៃ​ណាន​បានទេ​”​។​

​លោក​បន្តថា “​បណ្តាញ 5G បាន​ដោះស្រាយ​បញ្ហា​ដូចជា វីដេអូ​ដើរ​យឺត និង​ការបញ្ជា​ពី​ចម្ងាយ​ទាក់ៗ​ដែល​តែង​ជួបប្រទះ​នៅក្រោម​បណ្តាញ 4G ដែល​នេះ​ធានាឱ្យមាន​ការវះកាត់​បា​ន​ជាក់ស្តែង​ទាន់ពេលវេលា​។ ហើយ​អ្នក​ពុំមាន​អារម្មណ៍​ថា​អ្នកជំងឺ​ស្ថិតនៅ​ចម្ងាយ ៣.០០០ គីឡូម៉ែត្រ​នោះទេ​”​។​

​នៅពេល​អនាគត​ក្រុម​អ្នកជំនាញ​ដែលមាន​សមត្ថភាព​ខ្ពស់​និង​កម្រិត​ខ្ពស់​ពី​មន្ទីរពេទ្យ​ល្បីៗ នឹង​អាចធ្វើ​ការវះកាត់​ពី​ចម្ងាយ​និង​ដោយផ្ទាល់​លើ​អ្នកជំងឺ​នៅតាម​តំបន់​ដាច់ស្រយាល​តាមរ​យៈ​ការវះកាត់​ពី​ចម្ងាយ ដោយ​បំពេញ​នូវ​ការវះកាត់​ជាច្រើន ដែល​កាលពីមុន​ជួប​ការលំបាក​ក្នុង​វះកាត់​ណាស់​នៅតាម​មន្ទីរពេទ្យ​ថ្នាក់មូលដ្ឋាន​។​

​ភាពជោគជ័យ​នៃ​ការវះកាត់​ពី​ចម្ងាយ​នេះ​បានបង្ហាញ​ពី​ភាពជឿនលឿន​ដ៏​ធំធេង​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ​ពី​ចម្ងាយ​របស់​ចិន រាប់​ចាប់ពី​ការអង្កេត​តាមដាន​អ្នកជំងឺ​ពី​ចម្ងាយ ការពិគ្រោះ​យោបល់ និង​ការណែនាំ​រហូតដល់​ការវះកាត់​៕ ដោយ៖ កញ្ញាដាលីស/Ha