ញាក់សាច់​! ២​លាន​នាក់​ចេញ​មក​ប្រឆាំង​ច្បាប់​បត្យាប័ន ជាហេតុ​នាំ​ឲ្យ​មេដឹកនាំ​ហុងកុង​សុំទោស

553
ចែករម្លែក

​អ្នក​តវ៉ា​ប្រឆាំង​ប្រមាណ​២​លាន​នាក់ បាន​ធ្វើឲ្យទីក្រុង​ហុងកុង​ចង់​ថប់ដង្ហើម​ក្នុង​ការប្រឆាំង​ជំទាស់​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​លើ​ច្បាប់​បត្យាប័ន​ដ៏​ប្រទូសរ៉ាយ​មួយ​។ វា​ជា​ការ​​ដាក់​សម្ពាធ​បំផុត​រហូត​ទាល់តែ​មេដឹកនាំ​ហុងកុង​ដែល​គាំទ្រ​ចិន​ប៉េកាំ​ង​បាន​បង្ខំចិត្ត​សុំទោស​ចំពោះ​ការបង្ក​«​ជម្លោះ​»​ តែ​លោក​ស្រី​មិន​បាន​លាឈប់​តាម​ការទាមទារ​របស់​បា​តុ​​ករ​ទេ​។​

​ក្នុង​ការបង្ហាញ​កម្លាំង​មហាជន​ធំ​ជា​ប្រវត្តិសាស្ត្រ​នេះ ហ្វូង​មនុស្ស​ស្លៀកពាក់​ខ្មៅ​បាននាំគ្នា​ដើរ​ដង្ហែ​តាម​ដង​វិថី​រាប់​គីឡូ​អស់​ពេល​រាប់​ម៉ោង​ដោយ​ស្រែក​សុំឲ្យ​នាយក​ប្រតិបត្តិ​​ហុង កុង​លោកស្រី ការី ឡាំ លាឈប់​ពី​តំណែង ទោះជា​លោកស្រី​បាន​ផ្អាក​ពង្រាង​ច្បាប់​បត្យាប័ន​នេះ​ហើយ​ក្តី​ ដោយសារតែ​សាធារណជន​ហុងកុង​មិន​ពេញចិត្ត​។​

​ពួក​អ្នករៀបចំ​ការជួបជុំ​នេះ​អះអាង​ថា មនុស្ស​ប្រមាណ​២​លាន​នាក់​បាន​ចេញ​មក​សម្តែង​ការប្រឆាំង​ជំទាស់​របស់គេ​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​មិថុនា តែ​ប៉ូលិស​បាន​ផ្តល់​តួលេខ​​ប៉ាន់ស្មាន​ទាប​ជាង​ឆ្ងាយ គឺ​ប្រមាណ​៣៣៨.០០០​នាក់​ប៉ុណ្ណោះ​។​

​ការិយាល័យ​របស់​លោក​ស្រី​ឡាំ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ ដោយ​ទទួលស្គាល់​ចំណុច​ខ្វះខាត​ដែល​រដ្ឋ​ការ​របស់​លោក​ស្រី​បាន​ដោះស្រាយ​ចំពោះ​ច្បាប់​បត្យាប័ន​​នេះ ​ដែល​«​បាន​នាំ​ដល់​ទំនាស់​និង​ជម្លោះ​ជាច្រើន​» ព្រមទាំង​«​ធ្វើឲ្យ​ពលរដ្ឋ​ហុងកុង​ជាច្រើន​មិន​សប្បាយ​និង​ខកចិត្ត​»​។​

បាតុករទាមទារអោយនាយក​ប្រតិបត្តិ​​ហុងកុង​លោកស្រី ការី ឡាំ លាឈប់​ពី​តំណែង និងមិនព្រមទទួលយកការសុំទោសទេ

​សេចក្តីថ្លែងការណ៍​សុំទោស​នេះ​បាន​កើតឡើង​១​ថ្ងៃ​បន្ទាប់ពីលោកស្រី​ពន្យារពេល​គ្មាន​កាលកំណត់​ក្នុងការ​លើក​យក​ច្បាប់​នេះ​មក​ជជែក​ពិភាក្សា​ក្នុង​សភា​។​

​តែ​ពួក​បាតុក​ទាមទារ​ឲ្យ​លោកស្រី​ចុះចេញ​ពី​តំណែង លុបចោល​ច្បាប់​ប្រទូសរ៉ាយ​នេះ​ចោល​ជា​រៀង​រហូត​និង​សុំទោស​ការ​ដែល​ប៉ូលិស​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​បាញ់កាំភ្លើង​​គ្រាប់​ជ័រដាក់​បាតុករ​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ​។​

​ក្រុម​ដែល​មានឈ្មោះ​ថា រណសិរ្ស​សិទ្ធិ​ជន​ស៊ីវិល បាន​និយាយថា អ្នក​ក្រុង​ហុងកុង​នឹង​បន្ត​ប្រឆាំង​តវ៉ា​ ហើយ​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ចន្ទ​នេះ​«​រហូត​ទាល់តែ​សំឡេង​របស់​គេ​ត្រូវ​បាន​​គេ​ស្តាប់​»​។​

​ពួក​អ្នក​រិះគន់ ព្រួយបារម្ភ​ខ្លាចក្រែង​ច្បាប់​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នេះ​នឹង​ធ្វើឲ្យ​ប្រជាជន​ហុងកុង​រងគ្រោះ​ពី​តុលាការ​ចិន​ដែល​ល្បី​ខាង​លម្អៀង​ខាង​នយោបាយ​និង​​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ទីក្រុង​នេះ​ជា​មជ្ឈមណ្ឌល​ធុរកិច្ច​មាន​សុវត្ថិភាព​មួយ​។​ពួក​អ្នកជំនួញ​គ្រា​ក់ៗ​ខ្លះ​ព្រួយបារម្ភ​ខ្លាច​ទ្រព្យសម្បត្តិ​របស់​គេ​ត្រូវ​បង្កក​ឬ​រឹបអូស​ដោយ​តុលាការ​ចិន​ក្នុងករណី​ពួកគេ​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក​។​

​តែ​អាជ្ញាធរ​ហុងកុង​អះអាងថា ការជំរុញ​ពិភាក្សា​និង​អនុម័ត​ច្បាប់​នេះ​ឡើង​ដើម្បី​បំពេញ​ចំណុច​ខ្វះ​ចន្លោះ​នៃ​ច្បាប់​បត្យាប័ន​នេះ​ជាមួយ​ប្រទេស​ផ្សេងៗ​រួម​ទាំង​មហា​ចិន​ដីគោក​​ដើម្បី​កុំឲ្យ​ហុងកុង​ក្លាយជា​ជម្រក​សុវត្ថិភាព​របស់​ឧក្រិដ្ឋជន ហើយ​ការចាប់​បញ្ជូន​ខ្លួន​ណាមួយ​ត្រូវ​ឆ្លងកាត់​តុលាការ​ហុងកុង​ជាមុន​។​ចំណែក​ចិន​ក៏​បាន​ប្រតិកម្ម​ផងដែរ ​ដោយ​អះអាង​ថា មហា​បាតុកម្ម​នេះ​មាន​កម្លាំង​ពី​ក្រៅ​ជំរុញ​និង​កន្លងមក​ក៏​បាន​ព្រមាន​អាម៉េរិក​ផងដែរ​ចំពោះ​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​៕ដោយ៖វាសនា/Ha

អ្នក​ប្រឆាំង​តវ៉ា​ក្នុង​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ចូលរួម​ក្នុង​បង្ហាញ​កម្លាំង​ជា​ប្រវត្តិសាស្ត្រ ដែល​អ្នក​រៀបចំ​និយាយថា​មនុស្ស​ដល់​ទៅ​២​លាន​នាក់​បាន​ចូលរួម​