ព្យួរការងារបណ្ដោះអាសន្នអធិការនគរបាល​ស្រុក​កំពង់សៀម ដាក់ពិន័យ​ក្នុង​អំពើហិង្សា ខណៈ​ជនរងគ្រោះ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​

320
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: ស្នងការ​នគរបាល​ខេត្តកំពង់ចាម បានសម្រេច​ព្យួរការងារបណ្ដោះអាសន្នលោក​វរសេនីយ៍ឯក ឯក ប៉ាន់​ដន ជា​អធិការនគរបាល​ស្រុក​កំពង់សៀម ដើម្បី​ដាក់ពិន័យ ​ក្រោយពី​អធិការ​ម្នាក់នេះ រង​ការចោទប្រកាន់​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​ម្នាក់ នៅ​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម កាលពី​យប់​ថ្ងៃទី ១៦ មេសា ២០១៩​។​

​លោក លឿង សូ អាយុ ២៧​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​របស់​បុរស​ជា​ជនរងគ្រោះ​ឈ្មោះ ហាក់ ស៊ា​ង​ហាន អាយុ ៣៨​ឆ្នាំ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី ២៤ មេសា​នេះ​ថា គ្រូពេទ្យ​ជោ​រ៉ៃ​ភ្នំពេញ​បាន​បញ្ជូន​បង​របស់លោក​ទៅ​ព្យាបាល​បន្តទៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​២២ មេសា ២០១៩ ក្រោយពី​ពិនិត្យឃើញ​ស្នាមរបួស​ខាងក្នុង​ខ្លួន​របស់គាត់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ គឺ​កកឈាម​ក្នុង​ខួរក្បាល​, ប្រេះស្រាំ​ឆ្អឹងជំនីរ និង​ធ្លាយ​ស្រោម​សួត​។​

​ប្រភពព័ត៌មាន​ដដែល​នោះបាន​ឲ្យ​ដឹង​ទៀតថា ករណី​ដែល​បណ្តាល​ឲ្យ​រងរបួស​ខាងលើនេះ បាន​កើតឡើង​ក្នុង​កន្លែង​រាំ នៅ​ភូមិ​ខែល​ជ័យ ហើយ​ខាង​នគរបាល​ស្រុក​កំពង់សៀម​បាន​ចាប់ខ្លួន ហាក់ ស៊ា​ង​ហាន ទៅ​អធិការនគរបាល​ស្រុក​នេះ​ទាំងយប់​ថ្ងៃទី​១៦ មេសា រហូតដល់​ព្រឹក​ថ្ងៃ​១៧ ខែ​ដដែល​ទើប​ដោះលែង​វិញ ដែល​បណ្តាល​ឲ្យ​គាត់​( ហាក់ ស៊ា​ង​ហាន​) មាន​សភាព​បែបនេះ​។​

​ប្រភព​នោះបាន​បន្តថា ដោយ​ឃើញ​អាកា​រធ្ងន់ធ្ងរ​ក្រុមគ្រួសារ​បា​នប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​យោធា​ប្រាំពីរ​ដេ នៅ​ស្រុក​កំពង់សៀម គឺ​នៅ​ទីនោះ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទៅ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម ដល់​ថ្ងៃទី​២០​មេសា​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​ថត​ស្គែ​ន័​រ​ខួរក្បាល​នៅ​គ្រូពេទ្យ ឆៅ ចាន់​ផល ក្រុង​កំពង់ចាម គឺ​គ្រូពេទ្យ​បញ្ជាក់ថា មាន​ឈាមកក​ក្នុង​ខួរក្បាល ក៏​ប​ញ្ជួ​ន​បន្តទៅ​មន្ទីរពេទ្យ​ជោ​រ៉ៃ​ភ្នំពេញ​។​

​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ចាម​ដែល​បាន​ចុះទៅ​ស៊ើបអង្កេត​ករណី​ខាងលើនេះ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៤ មេសា​នេះដែរ​ថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ខាង​រងគ្រោះ​តាម​បណ្តាញ​សង្គម​ហ្វេ​បុក និង​បញ្ជា​ផ្ទាល់មាត់​របស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម គឺ​នៅ​ថ្ងៃទី ១៧ មេសា​បានធ្វើការ​ស៊ើបអង្កេត​ចងក្រង​ជា​សំណុំរឿង ប​ញ្ជួ​ន​ទៅកាន់​ព្រះរាជអាជ្ញា​វិញ​នៅ​ថ្ងៃទី ២២ មេសា ២០១៩​។​

​គួររំលឹកថា កាលពី​ថ្ងៃទី ១៩ ខែមេសា ឆ្នាំ​២០១៩ លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម បានចេញ​ដីកា​បង្គាប់​ឲ្យ​ខាង​ស្នងការ​នគរបាល​ខេត្តកំពង់ចាម ស៊ើបអង្កេត ពិនិត្យ​បទល្មើស និង​រាល់​ចំណុច​ទាំងអស់​ដែល​ទាក់ទិន​នៅក្នុង​អង្គហេតុ តាម​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​(Facebook) ឈ្មោះ Bun Thern ម៉ោង ៣​និង ៣៧ នាទី​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០១៩ របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម សូម​ឲ្យ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​ជួយ​រក​យុត្តិធម៌​។​

​ដោយ​ខ្លឹមសារ​នោះ​ថា « ឲ្យ​ពួក​ខ្ញុំ​រស់នៅ​យ៉ាងណា បើ​គ្រាន់តែ​បងប្រុស​របស់ខ្ញុំ​ប្រកែក​ពាក្យសម្តី ជាមួយគ្នា​បន្តិច គាត់​មក​ផ្ទះ​វិញ​ហើយ​មិន​ដល់ផ្ទះ​ផង ស្រាប់តែ​លោក​អធិការ​ស្រុក​កំពង់សៀម លោក ឯក ប៉ាំ​ន់​ដន មក​ចាប់​បងប្រុស​ខ្ញុំ​វាយ ហើយ​ប​ញ្ជួ​ន​មក​ស្រុក​វាយ​ចាក់ទឹក​សន្លប់​ពីរដង ហើម​គ្រប់កន្លែង​ឥឡូវ​ដេកពេទ្យ​ប្រាំពីរ​ដេ​។ ហេតុអ្វី លោក​អធិការនគរបាល​ស្រុក​កំពង់សៀម​ធ្វើបាប​បងប្រុស​ខ្ញុំ​ដល់​ថ្នាក់​នេះ​»​។​

​នៅ​ថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បានចេញ​លិខិត​បង្គាប់​ការព្យួរការងារបណ្ដោះអាសន្ន​ស​ក្តិ​៥ ឯក ប៉ាន់​ដន អធិការនគរបាល​ស្រុក​កំពង់សៀម​មក​ទទួលពិន័យ នៅ​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​។ ដោយ​ឲ្យ​លោក​វរសេនីយ៍ត្រី ពេជ្រ គឹម​ស៊ា ជា​អធិការរង ឡើងជា​អធិការ​ស្តីទី នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​។​

​លោក ជុំ ណា​រ៉ា​ន់ មន្ត្រី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី ២៤ មេសា​ថា សំណុំរឿង​ខាងលើនេះ​ពិតជា​បានមក​ដល់ដៃ ខាង​តំណាង​អយ្យកា​រហើយ គឺ​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ចាម​។ ប៉ុន្តែ​នៅ​មិនទាន់​ប​ញ្ជួ​ន​មក​ខាង​ចៅក្រម​ស៊ើបសួរ​នោះទេ ដោយ​ពុំទាន់​មានការ​ចោទប្រកាន់ គឺ​របាយការណ៍ នៃ​សំណុំ​រឿងនេះ​រវាង​ខាង​នគរបាល និង​ខាង​កងរាជអាវុធហត្ថ​ហាក់​មាន​លក្ខណ​:​ខ្វែងគ្នា​៕ ល​

#