ដង្កូវ​ស៊ី​ត្រួយ​

279

​សត្វល្អិត​ចង្រៃ​នេះ​អាច​ត្រូវបាន​គេ​ហៅ​ផងដែរ​ថា ដង្កូវ Cabbage borer រឺ Oriental cabbage webworm ។ ដង្កូវ​វា​អាច​បង្ក​ឲ្យ​មានការ​ច្រឡំ​ជាមួយ​ដង្កូវ​ស៊ី​បណ្ដូល​ស្ពៃក្ដោប (Crodidolomia binotails) ។ វា​ស៊ី​បំផ្លាញ ដំណាំ​ជាច្រើន​ដូចជា​: ដំណាំ​អំបូរ​ស្ពៃ ខាត់ណា ត្រប់ ឆៃថាវ និង​ដំណាំ​បន្លែ​មួយចំនួនទៀត ។​

១. លក្ខណៈ​រូបសាស្ត្រ និង​ជីវសាស្ត្រ​
​ពង​របស់​វា​មាន​រាង​ពងក្រពើ ដែល​ពង​ដា​ក់នៅ​រាយៗ​ដាច់ពីគ្នា ឬ​មាន​រាង​ជា​ជួរ នៅលើ​ស្ពៃក្ដោប ។ វគ្គ​ពងមាន​រយៈពេល ២-៥​ថ្ងៃ ។ ដង្កូវរ​ស់មាន​ប្រវែង​ពី ១២-១៥ ម​.​ម និង​មាន​ពណ៌​លឿង​ស្លេក ទៅ​ពណ៌​បៃតង រឺ ពណ៌​ប្រផេះ ក្បាល​វា​មាន​ពណ៌​ត្នោត​ចាស់ ទៅ​ពណ៌​ខ្មៅ គេ​អាច​ចំណាំ​វា ដោយសារ​ឆ្នូត​ពណ៌​ស្រអាប់​វែង​ជាច្រើន​នៅលើ​ខ្នង និង​ផ្នែក​ខាង​នៃ​ដងខ្លួន (​រូបភាព ១៩) ។ ដង្កូវ​ស៊ី​រូង​ទៅក្នុង​ទ្រនុង​របស់​ស្លឹក​ស្ពៃក្ដោប ឬ​ស៊ី​រូង​ចូលទៅក្នុង​ក្ដោប​របស់​ស្ពៃ​ដោយមាន​ការ ការពារ​ពី​សំណាញ់​ដែល​ធ្វើ​ពី​សូត្រ ។ វគ្គ​ដង្កូវ​មាន​រយៈពេល​ពី ៦-១៨​ថ្ងៃ ។ ដំណាក់កាល​ដឹកដឿ ប្រព្រឹត្តិ​ទៅ​នៅក្នុង​សំបុក​ធ្វើ​អំពី​ដី ហើយ​ស្ថិតក្នុង​ដី​ផ្នែក​ខាងលើ វា​មាន​ប្រវែង​ពី ៧-៨ ម​.​ម មាន​រយៈពេល​ពី ៤-២០ ថ្ងៃ ។ មេអំបៅ​ពេញវ័យ​មាន​ទំហំ​តូច​រហូត​ទៅដល់ ៩​ម​.​ម និង​មាន​ស្លាប ពណ៌​ត្នោត​ខ្ចី (​រូបភាព ២០) អាច​រស់​នៅបាន​រយៈពេល​ពី ៤-៨ ថ្ងៃ ។ វដ្ដ​ជីវិត​របស់​វា​អាចមាន​រយៈពេល​ពី ១៦-៥១​ថ្ងៃ អាស្រ័យ​លើ​សីតុណ្ហភាព ។


២. លក្ខណៈ​នៃ​ការបំផ្លាញ​
​ការបំផ្លាញ​ធ្ងន់ធ្ងរ​ច្រើន​កើតមាន​ចំពោះ​កូន​ដំណាំ ឬ​ដំណាំ​ដែល​ទើបនឹង​ដាំ វា​ខុសពី​ដង្កូវ​ស៊ី​បណ្ដូល ស្ពៃក្ដោប (Crodidolomia binotails) ដែល​ធ្វើការ​បំផ្លាញ នៅ​គ្រប់​ដំណាក់កាល​របស់​ដំណាំ ។ នៅក្នុង​ដំណាក់​កាលដែល​ទើប​ញាស់ កូន​ដង្កូវ​ស៊ី​ត្រួយ​បាន​ស៊ី​រូង ក្នុង​ស្លឹក ឬ​ស៊ី​ខាងក្នុង​បណ្ដូល ទ្រនុង​ស្លឹក ឬ​ចូលទៅក្នុង​ដើម​ផងដែរ (​រូបភាព​២១ និង​២២) ។ ហើយ​ជួនកាល​ពួកវា​ចូលទៅ ក្រោម​រហូតដល់​ឬ​ស​របស់​ដំណាំ​មុនពេល​ចេញមកក្រៅ ដើម្បី​ក្លាយជា​ដឹកដឿ ។ ដំណាំ​អាច​ត្រូវ បាន​ស៊ី​បំផ្លាញ​ដោយ​ដង្កូវ​ជាច្រើន​ក្បាល​នៅក្នុងពេល​តែមួយ ដែល​អាចធ្វើ​ឲ្យ​ដំណាំ​ងាប់ ឬ​លូត លាស់​ខ្សោយ ។ ចំពោះ​ស្ពៃក្ដោប​ជារឿយៗ​វា​ធ្វើ​ឲ្យ​ក្ដោប​របស់​ស្ពៃ​លូតលាស់ មិនល្អ​ហើយ​តូចៗ ដែល​មិនអាច​លក់បាន ។​

​ដំណាំ​ក្នុង​ថ្នាល់​អាច​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​តែ​ក្នុង​រយៈពេល​២-៣​ថ្ងៃ ។ ការបំផ្លាញ​របស់​ដង្កូវ ស៊ី​ត្រួយ​អាច​កើតមានឡើង​ខ្ពស់​នៅក្នុង​រដូវភ្លៀង ឬ​បន្ទាប់ពី​រដូវភ្លៀង​ភ្លាម ។ សីតុណ្ហភាព​ខ្ពស់ សំណើម​ខ្ពស់ នៅក្នុង​រដូវភ្លៀង និង​បន្ទាប់ពី​រដូវភ្លៀង​ជា​លក្ខណៈ​អំណោយផល​ដល់​ការកកើត របស់​សត្វល្អិត​ចង្រៃ​នេះ ។ ការបំផ្លាញ​ខ្លាំង គឺ​នៅពេលដែល​ដំណាំ​កកើត​ស្លឹក​ទីមួយ ។ សត្វល្អិត ចង្រៃ​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​សត្វល្អិត​ចង្រៃ ដែល​បំផ្លាញ​ធ្ងន់ធ្ងរ ទៅលើ​ដំណាំ​គ្រួសារ​ស្ពៃ ក្នុង​តំបន់​ទំនាប ប៉ុន្តែ មិនសូវ​បង្កបញ្ហា​ធ្ងន់ធ្ងរ​នៅ​តំបន់​ខ្ពង់រាប​ទេ ។​

៣. វិធានការ​គ្រប់គ្រង និង​កម្ចាត់​
​ក​.​វិធានការ​បង្ការ និង​អនាម័យ​
– ត្រូវធ្វើ​ការសំអាត ដុតបំផ្លាញ​កាកសំណល់​ដំណាំ ដែលមាន​នៅក្នុង​ចំការ​ក្រោយពេល​ប្រមូល ផល ដើម្បី​ផ្ដាច់​ចំណី និង​ជម្រក​របស់​ដង្កូវ​ស៊ី​ត្រួយ ។​
– ត្រូវ​ភ្ជួរ​ត្រឡប់​ដី​នៅ​ដើមរដូវ​ដាំ​ដុះ និង​ក្រោយពេល​ប្រមូល​ផល ដើម្បី​ហាល​ដី ធ្វើ​ឲ្យ​ដឹកដឿ​ត្រឡប់មក​ខាង​លើដី​ត្រូវ​នឹង​ពន្លឺ​ថ្ងៃ ឬ​ជួបនឹង​ពពួកសត្វ​រំពា​ដូចជា បក្សី ស្រមោច ជាដើម ។​
– ត្រូវ​ប្រើ​វិធី ” រំងាប់​មេរោគ​ដី ” ដើម្បី​សំលាប់​ដឹកដឿ និង​មេរោគ​ផ្សេងៗ​ទៀត​ដែលមាន​នៅក្នុង​ដី មុនពេល​ដាំ​ដុះ​ដោយ​យក​បន្ទះ​ប្លា​ស្ទីក​គ្រប​លើ​រង​ដាំ​ដំណាំ ។ វិធី​នេះ​ជាការ​បង្ហប់​ដោយ​កំដៅថ្ងៃ ទុក​រយៈពេល​ប្រហែល​១​សប្ដាហ៍​ទើប​យកចេញ ។
– ត្រូវ​ជ្រើសរើស​ប្រើ​ពូជ​ដំណាំ​ដែលមាន​លក្ខណៈ​ធន់​ទ្រាំ​ទៅនឹង​ការបំផ្លាញ ។​
– ត្រូវ​គ្រប់គ្រង​ថែរក្សា​ត្រូវ​ធម្មជាតិ​របស់​ដង្កូវ​ស៊ី​ត្រួយ​ដែល​តែងតែមាន​វត្តមាន​ក្នុង​ច្បារ​បន្លែ ដោយ​មិន​ធ្វើការ​បាញ់ថ្នាំ​កសិកម្ម​ក្នុងស្ថានភាព​មិនចាំបាច់ ។ បណ្ដា​សត្រូវ​ធម្មជាតិ​ទាំងនោះ​មាន​៖
+ ពួក​សត្វរំពា​: Misumenops tricuspidatus, Neoscona doenitzi ។​
+ ពួក​ប៉ារ៉ាស៊ីត​: Apanteles, Agathis, Apnteles hellulae, Apanteles saegeri, Atanycolus ។​
+ ពួក​បង្ក​រោគ​: Nucleo polyhedrosis virus, Serratia marcescens, Bacillus thuringiensis, Nucleopolyhedrosis virus ។​
– ត្រូវ​ចុះ​ពិនិត្យ​ថ្នាល​ដំណាំ​រៀងរាល់ ២-៣​ថ្ងៃ ពេល​ដំណាំ​ស្ថិតក្នុង​ដំណាក់កាល​ស្លឹក​ទី ១ ដើម្បី​រកមើល​វត្តមាន​របស់​ដង្កូវ​ទាំងនេះ ជាពិសេស​នៅ​រដូវភ្លៀង ឬ​បន្ទាប់ពី​រដូវភ្លៀង ។
– គួរ​អនុវត្ត​ការដាក់​អន្ទាក់​អ័រម៉ូន ដោយ​ប្រើ​ក្រដាស​ស្អិត​ដាក់​នៅ​កំពស់ ០,៥ ម៉ែត្រ​អាច​ទាក់ទាញ មេអំបៅ​ពេញវ័យ​របស់​ដង្កូវ​ស៊ី​ត្រួយ​ឲ្យ​ហើ​ទៅ​ជាប់ បង្អាក់​ការបន្ត​ពូជ និង​ការ​ជម្រុះ​ពង កាត់បន្ថយ​ការកកើត​ដង្កូវ និង​ដឹង​ពី​ប្រជាករ​របស់​វា ។​
– គួរ​អនុវត្ត​ការប្រើ​អន្ទាក់​ស្អិត​ពណ៌​លឿង ឬ​អន្ទាក់​ជូ​-​ផ្អែម (​ទំព័រ ៦៥-៦៦) ដើម្បី​កម្ចាត់​មេអំបៅ ដង្កូវ​ស៊ី​ត្រួយ​កាត់បន្ថយ​ការបន្ត​ពូជ និង​ការកកើត​ដង្កូវ ។​
– ចំពោះ​ស្ពៃក្ដោប អាច​ធ្វើការ​កាត់ចេញ​នូវ​ស្លឹក និង​ពន្លក​ដំណាំ​ដែល​រង​ការបំផ្លាញ ដោយ​មូល​ហេតុថា វា​អាច​ដុះ​លូតលាស់​សង​វិញ​ដោយ​បង្កើត​ស្លឹក និង​ពន្លក​ថ្មី​ជាច្រើន ។​

​ខ​. វិធានការ​កម្ចាត់​
– អាច​ធ្វើការ​កម្ចាត់​ដង្កូវ និង​ពង​ដោយ​ដៃ ពេលដែល​ប្រជាករ​នៅ​ទាប​នៅឡើយ នៅក្នុង​ថ្នាល​ដំណាំ ។​
– អាច​ប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ ដែលមាន​នៅក្នុង​មូលដ្ឋាន ។​
– គួរប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ Bacillus thuringiensis (Bt) ដែលមាន​ប្រសិទ្ធិភាព មុនពេល​ដែល ដង្កូវ​ចោះ​ចូលទៅក្នុង​ដើម ឬ​ក្ដោប​របស់​ស្ពៃ និង​នៅមុន​ពេលដែល​ដង្កូវ​ត្រូវបាន​ការពារ​ដោយ សំណាញ់​សូត្រ​របស់​វា ។​
– ករណី​ចាំបាច់​ដែល​មិនអាច​ដោះស្រាយ​តាម​វិធី​ផ្សេងៗ នោះ​ជម្រើស​ចុងក្រោយ​បំផុត​យើង អាច​ប្រើ​ថ្នាំ​កសិកម្ម​ដូចជា​: Abamectin, Diafenthiuron, Quinalphos, Chlorpyrifos-ethy, Trichlorfon… ប៉ុន្តែ​ត្រូវ​អាន​ស្លាក​សញ្ញា​ណែនាំ​ប្រើប្រាស់​ឲ្យ​បានច្បាស់លាស់ និង​អនុវត្តតាម​វិធីសាស្ត្រ​ត្រឹមត្រូវ ៤​យ៉ាង មុននឹង​ប្រើប្រាស់​ថ្នាំ​កសិកម្ម ។ ការបាញ់​ថ្នាំ​ទៅលើ តែ​កន្លែង​ដែលមាន​វត្តមាន​របស់​សត្វល្អិត​ចង្រៃ​អាចជួយ​កាត់បន្ថយ​បរិមាណ​ថ្នាំ​ដែល​ត្រូវ​ប្រើ ហើយក៏​អាចជួយ​សង្គ្រោះ​សត្វ​មាន​ប្រយោជន៍​បាន​មួយ​ភាគ​ផងដែរ ៕​