ដង្ហែ​ផ្កាប្រាក់​មហា​សាមគ្គី​ដើម្បី​គាំទ្រ​អភិ​រក្សា និង​អភិវឌ្ឍន៍​ប្រាសាទបន្ទាយឆ្មារ អង្គា​សបាន​២០​ម៉ឺន​ដុល្លារ

555
ចែករម្លែក
  • 15
    Shares

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ដង្ហែ​ផ្កាប្រាក់​មហា​សាមគ្គី​ដើម្បី​គាំទ្រ​អភិ​រក្សា និង​អភិវឌ្ឍន៍​ប្រាសាទបន្ទាយឆ្មារ អង្គា​សបាន​២០​ម៉ឺន​ដុល្លារ​សរ​អា​។​

​ការ​រៃអង្គាស​និង​ដង្ហែ​នេះ បាន​ផ្តួចផ្តើម​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​លោកស្រី​ម៉ៅ ម៉ា​ល័យ និង​ចូលរួម​ចម្រុះ​សមាសភាព​ដើម្បី​រក​ថវិកា​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទបន្ទាយឆ្មារ នៅ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។ ជា​លទ្ធផល​ប្រមូល​បានគិត​ជា​ប្រា​ក់ជាង​១៦​ម៉ឺន​ដុល្លារ​សរ​អា និង​លោក​និង​លោកស្រី​ថែម​៤​ម៉ឺន​ដុល្លារ​សរ​អា​ទៀត សរុប​២០​ម៉ឺន​ដុល្លារ​សរ​អា​។​

​សូម​រំលឹកថា ប្រាសាទបន្ទាយឆ្មារ​រង​គ្រោះ​ខូចខាត ដោយសារ​មនុស្ស​បំផ្លាញ​កាលសម័យ​សង្គ្រាម​ផង ដោយ​ធម្មជាតិ​ផង ហើយ​កន្លងមក​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​, រាជរដ្ឋាភិបាល រហូតដល់​សប្បុរសជន​ខ្មែរ​ក្នុងស្រុក រួមមាន​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន​និង​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ព្រមទាំង​សប្បុរសជន មហាជន​បាន​ជួយ​ថវិកា​ផ្ទាល់ខ្លួន​ជួសជុល ថែទាំ​តួ​ប្រាសាទ​និង​កែលម្អ​បរិស្ថាន​ប្រាសាទ​នេះ​អោយ​ស្រស់ស្អាត​ឡើងវិញ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន និង​លោកស្រី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ដង្ហែ​ផ្កាប្រាក់​នោះ​ផង និង​បើក​សង្ក្រាន្ត​បន្ទាយឆ្មារ​នៃ​បុណ្យចូលឆ្នាំ​កុរ​ព​.​ស​២០៦៣-​គស​២០១៩ នៅ​ប្រាសាទបន្ទាយឆ្មារ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ផង កាលពី​ត្រង់​ថ្ងៃទី​១៣​ខែមេសា ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំកុរ ពស​២០៦៣ ព្រះនាម​ទុ​ង្សា​ទេវី​និង​បុណ្យ​បារមី​វត្ថុ​សក្តិ​សិទ្ធិ បារមី​ប្រាសាទបន្ទាយឆ្មារ …​គុណ​ព្រះ​រតន​:​ត្រ័យ …​ប្រសិទ្ធ​ពរជ័យ​សិរី​មង្គល​មង្គល​វិបុល​សុខ​ជូន​ទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ សិស្ស និស្សិត យ្វ​ជន យុវនារី បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ​និង​ការពារ​ទឹកដី​ក្នុង​ស្មារតី​សាមគ្គី​ជាតិ​ដ៏​រឹងមាំ​និង​បាន​ចូលរួម​ចំណេ​ក​អភិវឌ្ឍន៍​ខេត្ត​លើ​គ្រប់​វិស័យ ។​

​លោក​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ទាំង​រាជការ​ស៊ី​វី​ល ទាំង​កងកម្លាំង​និង​អ្នកពាក់ព័ន្ធ​ត្រូវ​បង្កលក្ខណៈ​សប្បាយរីករាយ​ជូន​ពលរដ្ឋ និង​ភ្ញៀវ​ក្នុងឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ​។​

​ក្នុងឱកាស​នោះ ឧបនាយករដ្ឋមន្ត្រី​និង​លោកស្រី ព្រមទាំង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ក៏បាន​សួរសុខទុក្ខ​និង​ផ្តល់​អំណោយ​ជូន លោកយាយ​លោកតា ពលរដ្ឋ​ក្រីក្រ មន្ត្រីរាជការ កងកម្លាំង យុវជន និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ក្នុងឱកាស​បុណ្យចូលឆ្នាំ​កុ​រ ឯកស័ក​ព​.​ស​២០៦៣ គ​.​ស​២០១៩ នេះ​៕ ល​