ដល់ក​! បាតុករ​ហុងកុង​អំពាវនាវ​អោយ​អាម៉េរិក​ជួយ​រំដោះ​ទីក្រុង​របស់​គេ​

744
ចែករម្លែក

​បាតុករ​រាប់ពាន់​នាក់​នៅ​ក្រុង​ហុងកុង​កាលពី​ថ្ងៃអាទិត្យ​ទី​៨​កញ្ញា​បាន​ដើរ​ដង្ហែ​ទៅកាន់​ស្ថាន​កុងស៊ុល​អាម៉េរិក​ដោយបាន​អំពាវនាវ​អោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជួយ​រំដោះ​​ទីក្រុង​របស់​គេ នៅ​ពេល​ពួកគេ​ជំរុញ​សេរីភាព​បែប​ប្រជាធិបតេយ្យ​កាន់តែ​ធំ​ទូលាយ​ឡើង​នៅក្នុង​ទឹកដី​ពាក់កណ្តាល​ស្វ័យ​តរបស់​ចិន​នេះ​។​

​ជួបជុំ​នៅ​ឧទ្យាន​មួយ​មុន​ការដើរ​ដង្ហែ ពួក​បាតុករ​បាន​ស្រែកថា​«​ប្រឆាំង​ចិន​ប៉េកាំង រំដោះ​ហុងកុង​»​និង​«​សាមគ្គី​ជាមួយ​ហុងកុង ប្រយុទ្ធ​ដើម្បី​សេរីភាព​»​ខណៈ​ពួកគេ​មួយចំនួន​​ពាក់​អាវ​ខ្មៅ​ជាមួយនឹង​ម៉ា​សមុខ គ្រវីទង់ជាតិ​អាម៉េរិក​និង​កាន់​បដា​ដែល​សរសេរ​ថា​«​ប្រធានាធិបតី​ត្រាំ សូមមេត្តា​ជួយ​រំដោះ​ហុងកុង​»​ក្នុងពេល​ប៉ូលិស​បាន​ឈរ​មើល​។​

​បាតុករ​ពាក់​ខ្មៅ​និង​ម៉ា​សមុខ គ្រវីទង់ជាតិ​អាម៉េរិក​ក្នុងពេល​ធ្វើដំណើរ​ទៅកាន់​ស្ថាន​កុងស៊ុល​អាម៉េរិក​កាលពី​ថ្ងៃអាទិត្យ​

​ពួក​បាតុករ​កាលពី​ថ្ងៃអាទិត្យ​ក៏​បាន​អំពាវ​នា​វាវ​អោយ​អាម៉េរិក​អនុម័ត​ច្បាប់​មួយ ហៅថា ច្បាប់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ហុងកុង ដើម្បី​គាំទ្រ​បុព្វហេតុ​របស់គេ​។​ច្បាប់​នេះ​​ស្នើ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ហុងកុង​និង​ចិន​ណា​ដែល​ត្រូវបាន​រកឃើញ​ថា​ទទួលខុសត្រូវ​ចំពោះ​ការបង្ក្រាប ការគាបសង្កត់​លើ​សិទ្ធិ​និង​ប្រជាធិបតេយ្យ​នៅក្នុង​ទីក្រុង​នេះហើយ​អាច​​ប៉ះពាល់​ដល់​ឋានៈ​អនុគ្រោះ​សេដ្ឋកិច្ច​របស់​ហុងកុង​ជាមួយ​អាម៉េរិក​ថែមទៀត​។​

​ក្រសួងការបរទេស​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​បានចេញ​ការណែនាំ​អំពី​ការធ្វើដំណើរ ដោយ​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​មួយ​ដោយ​ចោទ​ប្រ​​កាន់​អាម៉េរិក​ទាំង​ខុស​ថា​ជា​អ្នក​ញុះញង់​បង្ក​ភាពវឹកវរ​នៅ​ហុងកុង​។​ក្រសួង​បាន​និយាយថា ពលរដ្ឋ​និង​បុគ្គលិក​ទូត​អាម៉េរិក​អាចជា​គោលដៅ​នៃ​ការឃោសនា​នេះ​និង​បាន​ប្រាប់​ពួកគេ​អោយ​ប្រយ័ត្ន​ខ្លួន​៕​ដោយ​៖​វាសនា​

#