ដល់ពេល​បិទទ្វារ​មិន​ឲ្យ​អ្នក​ត្រូវ​ទៅ​ស៊ី​ហ្គេម​ឡើង​សង្វៀន​ហើយ​

1485
ចែករម្លែក
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន និង​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន (​រូប​៖ រ៉ូ​ហ្សា​)​

​ភ្នំពេញ​៖ បន្ទាប់ពី​ឆ្លង​ផុត​សប្ដាហ៍​នេះ ទៅ​អ្នក​ប្រដាល់​គុន​ខ្មែរ​ទាំង ៥​រូប ដែលមាន​ឈ្មោះ​ត្រូវ​ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី លែង​អនុញ្ញាត​ឲ្យ​ឡើង​សង្វៀន​ប្រកួត​ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ដែល​បាន​ចំណាយលុយ​សម្រាប់​ថ្លៃ​អាហារ ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់ខែ និង​ប្រាក់​សម្រាប់​ហូបចុក​ក្នុង​ម្នាក់ៗ ១៥០​ដុល្លារ​បន្ថែមទៀត​។ ជាមួយគ្នានេះ ចាប់ពីពេលនេះ​ដល់​ថ្ងៃ​ចេញទៅ​ស៊ី​ហ្គេម​ពួកគេ​ទាំង ៥​រូប ត្រូវ​ស្ថិតនៅក្រោម​ការឃ្លាំមើល ដោយ​ប្រុងប្រយ័ត្ន ពី​មន្ត្រី​សហព័ន្ធ និង​អនុរក្ស​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​

​លោក ម៉ិ​ល កាដូ អគ្គលេខាធិការ​សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​ប្រដាល់​ទាំង ៥​រូប ដែល​ត្រូវ​ទៅ​ស៊ី​ហ្គេម​នោះ រួមមាន ម៉ឺន សុភា ប្រ​គួ​ត​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម មឿ​ន សុខ​ហ៊ុ​ច ទម្ងន់​៦៩​គីឡូក្រាម ឃីម ឌី​ម៉ា ទម្ងន់​៦៣,៥០​គីឡូក្រាម ឡៅ ចិ​ត្រា ទម្ងន់​៥៧​គីឡូក្រាម និង វ៉ាន់ វឿន ទម្ងន់​៥៤​គីឡូក្រាម​។​

​ចំពោះ​វិញ្ញាសា​ប្រដាល់​សាកល​វិញ​នគ​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ប្រដាល់​សាកល គឺ​បញ្ជូនទៅ​ចូលរួម​ប្រកួត​ចំនួន​៥​រូប​ដែរ ដែល​ក្នុងនោះ មាន​អ្នក​ប្រដាល់ សាន តុលា ទម្ងន់​៥២​គីឡូក្រាម ណាត សៀក​និ​ន ទម្ងន់​៥៦​គីឡូក្រាម ហង្ស រ៉ា​ម៉ន ទម្ងន់​៤៨​គីឡូក្រាម ផល សោ​ភ័​ណ្ឌ ទម្ងន់​៦៤​គីឡូក្រាម និង ហ្វី​លី​ក មី​លីន​ម៉ា​ទីន ទម្ងន់​៨១​គីឡូក្រាម​។​

​ពេលនេះ​អ្នក​ប្រដាល់​សាកល​ចំនួន​៣​រូប កំពុងតែ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ គឺ​អ្នក​ប្រដាល់ ផល សោ​ភ័​ណ្ឌ ណាត សៀក​និ​ន និង ហ្វី​លី​ក មី​លីន​ម៉ា​ទីន​។ លោក​ប្រធាន​សហព័ន្ធ​មាន​ជំនឿ​ចិត្ត​ថា អ្នក​ប្រដាល់​ទាំង ៣​រូប ដែល​កំពុងតែ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​នេះ លោក​មាន​ជំនឿ​ចិត្ត​លើ​គេ​ច្រើន​ថា នឹង​អាច​ដណ្ដើមបាន​មេដាយ​។​

​ចំពោះ​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ​វិញ លោក​ប្រធាន​សហព័ន្ធ​បាន​បញ្ជាក់ដែរថា លោក​បាក​ដាក់​កំហិត​ឲ្យ​គេ​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព ព្រោះ​ក្រសួង​អប់រំ ក៏បានផ្ដល់​ប្រាក់ខែ​ឲ្យ​គេ​ច្រើន ហើយ​សហព័ន្ធ​ក៏​ឧបត្ថម្ភ​គេ​ច្រើន​ដែរ ហេតុនេះ គេ​ត្រូវតែ​ធ្វើ​អ្វីមួយ​ដើម្បី​តបស្នង​មកវិញ​។ បើ​គេ​បាន​មេដាយ គឺ​គេ​បានទទួល​រង្វាន់​ពី​រាជរដ្ឋាភិបាល​ថែម​ទៀតផង​៕ ដោយ​៖ រ៉ូ​ហ្សា​